en     km
en     km

​ពលរដ្ឋ​ខ្មែរ​ទាមទារ​ឱ្យ​ស្ថានទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​កម្ពុជា​ ជួយ​ដោះ​លែង​ពលរដ្ឋ​កូរ៉េ​ ៥​ នាក់​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​កូរ៉េ​

Share

-KR-embassy-korea-02-

​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ ព្រមទាំង​កម្មករ​សំណង់​ ប្រមាណ​ជា​ ៥០​ នាក់​ នាំ​គ្នា​មក​ដាក់​លិខិត​ឱ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​ប្រទេស​កម្ពុជា​ ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ពលរដ្ឋ​កូរ៉េ​ ដែល​ជា​ដៃគូ​ធ្វើការ​រួម​គ្នា​ជាមួយ​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ ឱ្យ​រួច​ពី​ការ​ជាប់​ពន្ធនាគារ​។​

​អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ លោក​ យ៉ា​ន់​ ធី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​កន្លែង​តវ៉ា​ នា​មុខ​ស្ថានទូត​កូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃ​សុក្រ​ ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ មូលហេតុ​ដែល​ពួក​គាត់​មក​ស្ថានទូត​កូរ៉េ​នៅ​ថ្ងៃនេះ​ ដោយសារ​តែ​រដ្ឋាភិបាល​កូរ៉េ​ បាន​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​កូរ៉េ​ខាងត្បូង​ចំនួន​ ៥​ នាក់​ ក្រោយ​ពេល​ពួក​គេ​បាន​ចេញ​មុខ​តវ៉ា​ ទាមទារ​ការ​អនុវត្ត​សិទ្ធិ​ការងារ​ និង​ផលប្រយោជន៍​ជា​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​។​

​លោក​ យ៉ា​ន់​ ធី​ បញ្ជាក់​ថា​ គោលបំណង​ដែល​សហព័ន្ធ​សហជីព​ក​មុ្ម​ករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ មក​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃនេះ​ដែរ​ គឺ​ដើម្បី​ដាក់​លិខិតស្នើ​សុំ​ឱ្យ​
​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា​ ជួយ​អន្តរាគមន៍​ ទៅ​ដល់​រដ្ឋាភិបាល​នៅ​ប្រទេស​កូរ៉េ​ ឱ្យ​ដោះ​លែង​មន្ត្រី​សហជីព​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។​

​លោក​យ៉ា​ន់​ ធី​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ «​យើង​ជា​សហជីព​នៅ​កម្ពុជា​នេះ​ ហើយ​និង​សហជីព​នៅ​កូរ៉េ​ គឺ​យើង​ជា​សមាជិក​របស់​សហជីព​អន្តរជាតិ​តែ​មួយ​ អ​ញ្ចឹ​ង​គឺ​មាន​សម្ព័ន្ធភាព​នឹង​គ្នា​ ពេល​ដែល​សហជីព​នៅ​កូរ៉េ​មាន​បញ្ហា​ យើង​ចូលរួម​គាំទ្រ​នឹង​ការ​ទាមទារ​របស់​សហជីព​កូរ៉េ​….»​។​

​មេការ​សំណង់​ដែល​មក​ពី​ខេត្តកំពង់ចាម​ គឺ​លោក​ ទួត​ វុ​ទ្ធី​ បាន​និយាយ​ថា​ មូលហេតុ​ដែល​លោក​មក​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃនេះ​ដែរ​ ព្រោះ​លោក​ចង់ឱ្យ​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជា​ជួយ​អន្តរាគមន៍​ទៅ​ដល់​សហជីព​កូរ៉េ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ចាប់ខ្លួន​នោះ​។​

​លោក​បន្ថែម​ទៀត​ថា​ ការ​ចាប់ខ្លួន​សហជីព​កូរ៉េ​នេះ​ ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ​ ដោយសារ​តែ​ការ​ទាមទារ​របស់​សហជីព​នៅ​កូរ៉េ​នោះ​ គឺ​ដើម្បី​ឱ្យ​មានការ​អនុវត្ត​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន​។​ «​ថ្ងៃនេះ​ ខ្ញុំ​មក​ចូលរួម​នេះ​យក​ញត្តិ​មក​ដាក់​នៅ​ទូត​កូរ៉េ​ ជួយ​ខាង​សហជីព​នៅ​កូរ៉េ​ ដែល​គេ​ចាប់​។​ អ​ញ្ចឹ​ង​សូម​ឱ្យ​គេ​ដោះ​លែង​គាត់​កុំឱ្យ​ចាប់​តទៅ​ទៀត​»​។​

​សូម​ជម្រាប​ថា​ មិន​មាន​មន្ត្រី​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​ ចេញ​ទទួលយក​លិខិត​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​នោះ​ទេ​ ហើយ​ក៏​មិន​មានការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​មិន​ទទួលយក​លិខិត​នោះ​ដែរ​។​

​លោក​ យ៉ា​ន់​ ធី​ និយាយ​ថា​ សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​ សម្តែង​ការ​សោកស្តាយ​ ដែល​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​មិន​ទទួលយក​លិខិត​នោះ​។​ លោក​ថា​ មិន​ថា​រដ្ឋាភិបាល​នៅ​កូរ៉េ​ និង​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជា​ទេ​ គឺ​មិន​បាន​គោរព​សិទ្ធិ​របស់​កម្មករ​ និង​សិទ្ធិ​របស់​សហព័ន្ធ​សហជីព​ទេ​។​

​លោក​ យ៉ា​ន់​ ធី​ បន្ថែម​ថា​ ខាង​សហជីព​របស់​លោក​នឹង​ពិភាក្សា​គ្នា​បន្ត​ថា​គួរ​ធ្វើ​យ៉ាងម៉េច​បន្ត​ទៀត​ដើម្បី​អាច​ជួយ​អន្តរាគមន៍​ករណី​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​
​កូរ៉េ​។​

​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ លោក​ សួន​ ប៊ុ​ន​ស័​ក្ត​ បាន​មាន​ប្រសាសន៍​ថា​ ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​ គួរតែ​ទទួលយក​ញត្តិ​ ដែល​សហព័ន្ធ​សហជីព​ប្រចាំ​កម្ពុជា​បាន​ដាក់​ឱ្យ​នោះ​។​

​លោក​ សួន​ ប៊ុ​ន​ស័​ក្ត​បន្ត​ថា​ ការ​ដែល​មិន​ទទួលយក​ញត្តិ​នេះ​ ជា​ការ​ខ្វះចន្លោះ​ ហើយ​ជា​កំហុសឆ្គង​មួយ​។​ លោក​ថា​ បើ​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​ មិន​ទទួលយក​ញត្តិ​នោះ​ នោះ​នឹង​មិនដឹង​ពី​សេចក្តី​ត្រូវការ​របស់​សហជីព​របស់​កម្ពុជា​ទ្បើ​យ​។​ «​ចំណុច​នេះ​បើសិន​ បើ​យើង​និយាយ​ពី​រឿង​សហប្រតិបត្តិការ​អន្តរជាតិ​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​កូរ៉េ​ ស្ថានទូត​កូរ៉េ​ គួរតែ​ទទួលយក​ញត្តិ​ពី​សហជីព​កម្មករ​កម្ពុជា​យើង​ ដើម្បី​ដឹង​ពី​សេចក្តី​ត្រូវការ​ ក៏​ដូច​ជា​ដឹង​ពី​ចំណាប់អារម្មណ៍​ ថា​តើ​ពលរដ្ឋ​កម្ពុជា​ចង់​សម្ដែង​មតិ​ថា​ម៉េច​….»​។​

​លោក​ សួន​ ប៊ុ​ន​ស័​ក្ត​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដែល​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​មិន​ទទួលយក​ញត្តិ​នោះ​ វា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរ​ករ​ខ្មែរ​ ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ​ ពីព្រោះ​ថា​ សហជីព​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ប្រទេស​កូរ៉េ​នោះ​ បាន​ជួយ​ទាមទារ​ឱ្យ​មានការ​អនុវត្ត​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន​។​ ដូច្នេះ​បើ​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជា​មិន​ទទួលយក​ញ្ញត្តិ​នោះ​ទេ​ វា​ប្រាកដ​ណាស់​ថា​ ពលករ​ខ្មែរ​នៅ​កូរ៉េ​ ក៏​ជួប​ផល​ប៉ះពាល់​ដូច​គ្នា​ពី​ការ​រំលោភសិទ្ធិ​ជាដើម​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ មេដឹកនាំ​ ៥​ នាក់​ និង​មន្ត្រី​សហជីព​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​នោះ​គឺ​នៅ​ក្នុង​អំ​ទ្បុ​ង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​។​ នៅ​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ ៥​ នាក់​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នោះ​ មាន​ប្រធាន​សហព័ន្ធ​សហជីព​កូរ៉េ​ គឺ​ លោក​ Sang-gyun​ និង​សកម្មជន​សហជីព​ចំនួន​ ៤​ នាក់​ផ្សេង​ទៀត​៕​

Share

Image
Image
Image