សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ព្រមទាំងកម្មករសំណង់ ប្រមាណជា ៥០ នាក់ នាំគ្នាមកដាក់លិខិតឱ្យឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា ឱ្យជួយអន្តរាគមន៍ដោះលែងពលរដ្ឋកូរ៉េ ដែលជាដៃគូធ្វើការរួមគ្នាជាមួយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ឱ្យរួចពីការជាប់ពន្ធនាគារ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅកន្លែងតវ៉ា នាមុខស្ថានទូតកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ នេះថា មូលហេតុដែលពួកគាត់មកស្ថានទូតកូរ៉េនៅថ្ងៃនេះ ដោយសារតែរដ្ឋាភិបាលកូរ៉េ បានចាប់ខ្លួនថ្នាក់ដឹកនាំសហជីពកូរ៉េខាងត្បូងចំនួន ៥ នាក់ ក្រោយពេលពួកគេបានចេញមុខតវ៉ា ទាមទារការអនុវត្តសិទ្ធិការងារ និងផលប្រយោជន៍ជាមូលដ្ឋាននៅប្រទេសកូរ៉េ។
លោក យ៉ាន់ ធី បញ្ជាក់ថា គោលបំណងដែលសហព័ន្ធសហជីពកមុ្មករសំណង់ និងព្រៃឈើកម្ពុជា មកស្ថានទូតកូរ៉េប្រចាំកម្ពុជានៅថ្ងៃនេះដែរ គឺដើម្បីដាក់លិខិតស្នើសុំឱ្យ
ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជួយអន្តរាគមន៍ ទៅដល់រដ្ឋាភិបាលនៅប្រទេសកូរ៉េ ឱ្យដោះលែងមន្ត្រីសហជីពដែលកំពុងស្ថិតក្នុងពន្ធនាគារនៅក្នុងប្រទេសកូរ៉េ។
លោកយ៉ាន់ ធី បានបញ្ជាក់បន្ថែមទៀតថា៖ «យើងជាសហជីពនៅកម្ពុជានេះ ហើយនិងសហជីពនៅកូរ៉េ គឺយើងជាសមាជិករបស់សហជីពអន្តរជាតិតែមួយ អញ្ចឹងគឺមានសម្ព័ន្ធភាពនឹងគ្នា ពេលដែលសហជីពនៅកូរ៉េមានបញ្ហា យើងចូលរួមគាំទ្រនឹងការទាមទាររបស់សហជីពកូរ៉េ….»។
មេការសំណង់ដែលមកពីខេត្តកំពង់ចាម គឺលោក ទួត វុទ្ធី បាននិយាយថា មូលហេតុដែលលោកមកស្ថានទូតកូរ៉េប្រចាំកម្ពុជានៅថ្ងៃនេះដែរ ព្រោះលោកចង់ឱ្យស្ថានទូតកូរ៉េនៅកម្ពុជាជួយអន្តរាគមន៍ទៅដល់សហជីពកូរ៉េ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េចាប់ខ្លួននោះ។
លោកបន្ថែមទៀតថា ការចាប់ខ្លួនសហជីពកូរ៉េនេះ ក៏អាចធ្វើឱ្យប៉ះពាល់ដល់ពលករខ្មែរនៅប្រទេសកូរ៉េផងដែរ ដោយសារតែការទាមទាររបស់សហជីពនៅកូរ៉េនោះ គឺដើម្បីឱ្យមានការអនុវត្តសិទ្ធិការងារជាមូលដ្ឋាន។ «ថ្ងៃនេះ ខ្ញុំមកចូលរួមនេះយកញត្តិមកដាក់នៅទូតកូរ៉េ ជួយខាងសហជីពនៅកូរ៉េ ដែលគេចាប់។ អញ្ចឹងសូមឱ្យគេដោះលែងគាត់កុំឱ្យចាប់តទៅទៀត»។
សូមជម្រាបថា មិនមានមន្ត្រីស្ថានទូតកូរ៉េប្រចាំកម្ពុជា ចេញទទួលយកលិខិតសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជានោះទេ ហើយក៏មិនមានការបញ្ជាក់ពីមូលហេតុនៃការមិនទទួលយកលិខិតនោះដែរ។
លោក យ៉ាន់ ធី និយាយថា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ សម្តែងការសោកស្តាយ ដែលស្ថានទូតកូរ៉េប្រចាំកម្ពុជាមិនទទួលយកលិខិតនោះ។ លោកថា មិនថារដ្ឋាភិបាលនៅកូរ៉េ និងស្ថានទូតកូរ៉េនៅកម្ពុជាទេ គឺមិនបានគោរពសិទ្ធិរបស់កម្មករ និងសិទ្ធិរបស់សហព័ន្ធសហជីពទេ។
លោក យ៉ាន់ ធី បន្ថែមថា ខាងសហជីពរបស់លោកនឹងពិភាក្សាគ្នាបន្តថាគួរធ្វើយ៉ាងម៉េចបន្តទៀតដើម្បីអាចជួយអន្តរាគមន៍ករណីសហជីពដែលកំពុងជាប់ពន្ធនាគារនៅប្រទេស
កូរ៉េ។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្ត បានមានប្រសាសន៍ថា ស្ថានទូតកូរ៉េប្រចាំកម្ពុជា គួរតែទទួលយកញត្តិ ដែលសហព័ន្ធសហជីពប្រចាំកម្ពុជាបានដាក់ឱ្យនោះ។
លោក សួន ប៊ុនស័ក្តបន្តថា ការដែលមិនទទួលយកញត្តិនេះ ជាការខ្វះចន្លោះ ហើយជាកំហុសឆ្គងមួយ។ លោកថា បើស្ថានទូតកូរ៉េប្រចាំកម្ពុជា មិនទទួលយកញត្តិនោះ នោះនឹងមិនដឹងពីសេចក្តីត្រូវការរបស់សហជីពរបស់កម្ពុជាទ្បើយ។ «ចំណុចនេះបើសិន បើយើងនិយាយពីរឿងសហប្រតិបត្តិការអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា និងកូរ៉េ ស្ថានទូតកូរ៉េ គួរតែទទួលយកញត្តិពីសហជីពកម្មករកម្ពុជាយើង ដើម្បីដឹងពីសេចក្តីត្រូវការ ក៏ដូចជាដឹងពីចំណាប់អារម្មណ៍ ថាតើពលរដ្ឋកម្ពុជាចង់សម្ដែងមតិថាម៉េច….»។
លោក សួន ប៊ុនស័ក្ត ក៏បានបញ្ជាក់ផងដែរថា ការដែលស្ថានទូតកូរ៉េប្រចាំកម្ពុជាមិនទទួលយកញត្តិនោះ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ពលរករខ្មែរ ដែលធ្វើការនៅប្រទេសកូរ៉េផងដែរ ពីព្រោះថា សហជីពដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅប្រទេសកូរ៉េនោះ បានជួយទាមទារឱ្យមានការអនុវត្តសិទ្ធិការងារជាមូលដ្ឋាន។ ដូច្នេះបើស្ថានទូតកូរ៉េនៅកម្ពុជាមិនទទួលយកញ្ញត្តិនោះទេ វាប្រាកដណាស់ថា ពលករខ្មែរនៅកូរ៉េ ក៏ជួបផលប៉ះពាល់ដូចគ្នាពីការរំលោភសិទ្ធិជាដើម។
សូមបញ្ជាក់ផងដែរថា មេដឹកនាំ ៥ នាក់ និងមន្ត្រីសហជីពមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារនោះគឺនៅក្នុងអំទ្បុងខែវិច្ឆិកាកន្លងទៅនេះ។ នៅក្នុងចំណោមមេដឹកនាំសហជីព ៥ នាក់ ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារនោះ មានប្រធានសហព័ន្ធសហជីពកូរ៉េ គឺ លោក Sang-gyun និងសកម្មជនសហជីពចំនួន ៤ នាក់ផ្សេងទៀត៕