ខេត្តបាត់ដំបង៖ វិចិត្រករមកពីខេត្តសៀមរាប ខេត្តកំពត រាជធានីភ្នំពេញនិង ខេត្តបាត់ដំបង រួមជាមួយក្រុមអ្នកស្ម័គ្រចិត្តសរុបចំនួន ១៩០នាក់បានមកជួបជុំគ្នាដាក់តាំងបង្ហាញស្នាដៃគំនូរនិងចម្លាក់ជាច្រើននៅក្រុងបាត់ដំបងកាលពីពេលថ្មីៗនេះ។
ស្នាដៃរបស់វិចិត្រករត្រូវបានតាំងបង្ហាញនៅក្នុងពិធីតាំងពិពណ៌ស្នាដៃចម្រុះរបស់វិចិត្រករមកពីអង្គការនានាដែលរៀបចំដោយក្រុមជំនោរ Art កាលពីថ្ងៃទី២៥ដល់ថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០២២កន្លងទៅ នៅលើផ្លូវលេខ ២.៥ ខាងត្បូងនៃផ្សារធំខេត្តបាត់ដំបង។
តាមការដាក់បង្ហាញស្នាដៃជាសាធារណៈលើដងវិថីមួយក្នុងក្រុងបាត់ដំបង គេសង្កេតឃើញមានផ្ទាំងគំនូរល្អវិចិត្រថែមទាំងរស់រវើកផងដែរ។ គំនូរទាំងនោះមានដូចជា គំនូរដៃ គំនូរឈើឆេះ គំនូររូបថត គំនូរសិល្បៈហាន់ណា រូបចម្លាក់ប្លែកៗដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។
ជាងនេះទៀត ក្នុងពិធីតាំងពិពណ៌នោះ ក៏មានការដាក់តាំងលក់នូវវត្ថុអនុស្សាវរីយ៍ដែលកៃច្នៃចេញពីសម្ភារៈដែលប្រើប្រាស់រួច ចេញជាផលិតផលមួយដែលថ្មីនិងស្រស់ស្អាតទៀតផង។ បន្ថែមលើសពីនេះ ក៏មានសកម្មភាពផាត់ពណ៌របស់កុមារតូចៗ ការសម្តែងការគូរគំនូរផ្ទាល់ដែលដឹកនាំដោយគ្រូសាលាកូឡាបលឿងផងដែរ។
បើយើងក្រឡេកមកមើលការសម្តែងវិញ គឺរឹតតែអស្ចារ្យដោយសារការសម្តែងនីមួយៗ មានទាំងរបាំ ការគូរគំនូរ ការដើរបង្ហាញម៉ូត និងការប្រគុំឧបករណ៍វីយូឡុងផងដែរ។ទិដ្ឋភាពនាល្ងាចថ្ងៃតាំងពិពណ៌នោះដែល មានសភាពអ៊ូអរ ដោយអ្នកចូលរួមទះដៃ ស្រែកហោរកញ្ចៀវយ៉ាងសប្បាយរីករាយ។
សូមបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តិទៅតែម្តងក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយនេះជាការសម្តែងលើកទីពីររបស់ក្រុមជំនោរ Art។
អ្នកចូលរួមកម្មវិធីតាំងពិពណ៌ម្នាក់កញ្ញា រិទ្ធិ រត្ន័តី និយាយថា កញ្ញាពិតជាសប្បាយរីករាយណាស់ដែលបានរៀបចំកម្មវិធីនេះ ព្រោះមានការសម្តែងនិងការបង្ហាញសមត្ថភាពប្លែងៗពីអ្នកមានជំនាញវិជ្ជាជីវៈពិតប្រាកដ។
ជាងនេះទៀត កញ្ញាយល់ថា ការតាំងពិពណ៌នេះ អាចជាផ្នែកមួយជួយជម្រុញសក្តានុពលក្រុងបាត់ដំបងឲ្យកាន់តែទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្តច្រើនផងដែរ៕
អត្ថបទខ្លីនេះសរសេរដោយ រ៉ា រតនា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។