ភ្នំពេញ៖ដោយមើលឃើញអត្រាបំបៅដោះកូនដោយទឹកដោះម្ដាយបន្តធ្លាក់ចុះខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២បានសម្រេចដាក់ឱ្យដំណើការគម្រោងសាកល្បងមួយឈ្មោះថា“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបតម្ថស្រួចស្រាល់” នៅសណ្ឋាគារអ៊ីមប្រេស ខេត្តសៀមរាប ។
គម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារកនិងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបតម្ថស្រួចស្រាល់”រយៈពេលមួយឆ្នាំរបស់អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជានេះមានគោលបំណងដើម្បីបង្កើនអត្រាបំបៅដោះកូនដោយទឹកដោះម្តាយ និងសុខុមាលភាពកុមារតាមរយៈការលើកកម្ពស់ការអនុវត្ត “មណ្ឌលសុខភាពស្រលាញ់ទារក” នៅតាមមណ្ឌលសុខភាពចំនួន៨ ស្របតាមគោលការណ៍ណែនាំដែលក្រសួងសុខាភិបាលបានឱ្យដាក់ដំណើរការកាលខែកញ្ញា ឆ្នាំ២០២២។
តាមការឱ្យដឹងពីលោកស្រី សរ ពិសី អ្នកជំនាញជាន់ខ្ពស់កិច្ចការសាធារណៈនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា គំនិតផ្តួចផ្តើមសាកល្បងគម្រោង“មណ្ឌលសុខភាពស្រលាញ់ទារក”នេះនឹងផ្តល់អត្ថប្រយោជន៍ដល់កុមារអាយុក្រោម៥ឆ្នាំ ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់នៅក្នុងតំបន់។ ក្នុងនោះទារកទើបកើតជាង២០០០នាក់ និងស្រ្តីមានផ្ទៃពោះជាង៣០០០នាក់ នឹងទទួលបានផលវិជ្ជមានពីការលើកកម្ពស់ការអនុវត្ត “មណ្ឌលសុខភាពស្រលាញ់ទារក”។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងជួយលើកកម្ពស់គុណភាពសេវានៅមណ្ឌលសុខភាពចំនួន ៨ នៅស្រុកពួក និងស្រុកវ៉ារិន ព្រមទាំងមន្ទីរពេទ្យបង្អែកអង្គរជុំ ខេត្តសៀមរាបផងដែរ។
ថ្លែងក្នុងសិក្ខាសាលាគម្រោងសាកល្បងនេះ លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលយល់ស្របនឹងការបង្កើតឱ្យមានគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក”នេះ។ លោកស្រីថា វាចាំបាច់ណាស់ក្នុងការលើកកម្ពស់ចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល អំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ។
យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២១ ប្រទេសកម្ពុជាមានទារកដែលបៅដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូងនៃជីវិតរបស់ពួកគេខ្ពស់បំផុតរហូតដល់៧៤ភាគរយក្នុងអំឡុងឆ្នាំ២០១០ តែក្រោយមកចំនួននេះបានថយចុះមកត្រឹម៥១ភាគរយក្នុងឆ្នាំ២០២១។ ទាក់ទងនឹងការធ្លាក់ចុះនៃអត្រាបំបៅកូនដោយទឹកដោះម្តាយដំបូងនេះបើតាមលោកស្រី ជា ម៉ារី ប្រធានកម្មវិធីជាតីអាហាររូបត្ថម្ភនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ធ្លាប់ឱ្យប្រាប់វិទ្យុស្ត្រីថាបណ្ដាលមកពីការផ្សព្វផ្សាយទីផ្សារយ៉ាងគំហុកអំពីផលិតផលទឹកដោះគោចិញ្ចឹមទារក និងការរាតត្បាតជំងឺកូវីដ-១៩ដែលធ្វើឱ្យស្រ្តីជាម្តាយបារម្ភខ្លាចចម្លងជំងឺនេះទៅកូនតាមរយៈការប៉ះពាល់ផ្ទាល់ឬតាមរយៈទឹកដោះម្តាយ។
ទោះជាយ៉ាងណា តាមរយៈគម្រោងសាកល្បងមណ្ឌលសុខភាពស្រលាញ់ទារករបស់អង្គការទស្សនៈពិភពលោកនេះលោកស្រី ឈា គឹមឆាត ប្រធានមណ្ឌលសុខភាពសសរស្តមនៃការិយាល័យស្រុកប្រតិបត្តិអង្គរជុំ រំពឹងថានឹងជួយលើកកម្ពស់ការផ្តល់សេវាតាមមណ្ឌលសុខភាពបង្កើនអត្រាបំបៅដោះកូនដោយទឹកដោះម្តាយ ជាពិសេសកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ និងបញ្ហាសុខភាពផ្សេងៗទៀត នឹងទទួលបានការព្យាបាលទាន់ពេលវេលា៕