en     km
en     km

កម្ពុជាឈ្នះក្តីពីគណៈកម្មការអឺរ៉ុបដែលដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា

Share

ភ្នំពេញ៖ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជាចុះផ្សាយជាសាធារណ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។
ផ្អែកតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា កម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ នៅដើមខែវិច្ឆិកា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។
សហព័ន្ធបន្ដថា សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
គួរបញ្ជាក់ថាសំណុំរឿងនេះ បានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុបដោយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងគោលបំណងរកយុត្តិធម៌សម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែងដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធលើ។
សូមរំលឹកថា សហភាពអឺរ៉ុបបានសម្រេចយកពន្ធអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅ ដោយឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន ១៧៥អឺរ៉ូ ស្មើប្រមាណ២០០ដុល្លារអាមេរិកក្នុង១តោន។ ដោយឡែកឆ្នាំទី២ គឺឆ្នាំ២០២០ មានតម្លៃ១៥០អឺរ៉ូ ប្រហែល១៧០ដុល្លារក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃ១២៥អឺរ៉ូ ស្មើប្រមាណ១៤២ដុល្លារក្នុង១តោន ៕

រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

Share

Image
Image
Image