en     km
en     km

សម្តេច  ហ៊ុន សែន៖ បណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN)  កំពុងរួមចំណែកសំខាន់ ឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន២០២៥ និងផែនការអភិវឌ្ឍទីក្រុង

Share

សម្តេច ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបញ្ជាក់ថា បណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN)  កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការលើកទី៣ ស្ដីពីគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន និងការប្ដេជ្ញាសម្រេចអោយបាននូវរបៀបវារៈអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០ និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរថាថ្នាក់ដឹកនាំអាស៊ានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន  និងបានកំណត់ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។ លោក  គីម  ចាន់ចាវ រាយការណ៍

សម្ដេច ហ៊ុន សែន លើកឡើងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរយាបន្ន ត្រូវផ្ដើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ នាយករដ្ឋមន្ដ្រីកម្ពុជាថ្លែងបែបនេះ ក្នុងពេលបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

 

 

 

 

សម្តេចហ៊ុន សែន បើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី។ 

 

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញការត្រេកអរ ចំពោះវឌ្ឍនភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងតភ្ជាប់ទីក្រុងសំខាន់ៗ ក្នុងតំបន់អាស៊ាន។ វេទិកាភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលយើងតែងរៀបចំឡើងជាទៀតទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតអោយរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើតទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសមគ្គីភាព និងសុខដុមនីយកម្ម រវាងទីក្រុង រាជធានី និងរដ្ឋធានីអាស៊ាន។

 

ថ្លែងនៅចំពោះមុខអភិបាលក្រុងនៃបណ្ដាប្រទេសអាស៊ាន  សម្តេចហ៊ុន សែន បានអោយដឹងថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និងជំរុញការសម្រេចនូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខវិស័យអាស៊ាន ឆ្នាំ២០២៥។

 

សម្តេចហ៊ុន សែនបាន លើកឡើងពីជោគជ័យដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០  និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា ដោយអនុវម័ត និងកត់សម្គាល់ឯកសារ១០១។ ក្នុងនោះថ្នាក់ដឹកនាំអាស៊ានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។

 

រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី។

 

ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា ថ្នាក់ដឹកនាំអាស៊ានក៏បានស្វាគមន៍ចំពោះរបាយការណ៍នគររូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ដែលនឹងពង្រឹងចំណេះដឹងទៅលើនិន្នការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំងតំបន់អាស៊ាន និងផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព និងរបៀបរីរៈអភិវឌ្ឍទីក្រុងថ្មី។

 

សម្តេច ហ៊ុន សែន

បន្ថែមលើនេះសម្តេច ហ៊ុន សែនបញ្ជាក់ថា បណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN)  ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការលើកទី៣ ស្ដីពីគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន និងការប្ដេជ្ញាសម្រេចអោយបាននូវរបៀបវារៈអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០ និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី។ ក្របខណ្ឌបណ្ដាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអភិវឌ្ឍ ផែនការសកម្មភាពទីក្រុងឆ្លាត(SCAPs)   និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការពង្រឹងភាពជាដៃគូ និងការផ្សារភ្ជាប់គម្លាតផ្នែកធនធាន។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ  សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងបង្ហាញការស្វាគមន៍ចំពោះការពង្រឹងសមាជិកភាពបន្ថែមដល់ទៅ៣ទីក្រុងបន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥៕

 

Share

Image
Image
Image