en     km
en     km

ថ្ងៃទី៧ នៃយុទ្ធនាការ១៦ ប្រឆាំងអំពើហិង្សាលើយែនឌ័រ ក្រុមសកម្មជនស្នើឱ្យចាត់វិធានការបញ្ឈប់ ហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី បរិស្ថាន និងសិទ្ធិការងារ

Share

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ នេះគឺជាថ្ងៃទី៧ នៃយុទ្ធនាការ១៦ថ្ងៃ នៃសកម្មភាពនិយមប្រឆាំងអំពើរហិង្សាផ្អែកលើយែនឌ័រ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការផ្សេងៗទៀត បានរៀបចំយុទ្ធនាការនេះ ដោយមានការរៀបចំកម្មវិធីជជែកពិភាក្សា និងចេញជាវីដេអូ បង្ហាញពីតម្រូវការនានាដែលយុទ្ធនាការបានចេញសេចក្ដីថ្លែងការ។ នៅថ្ងៃនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញតម្រូវការទី៤ ដែលនិយាយពីវិធានការរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី បរិស្ថាន និងសិទ្ធិការងារ។

លោក ឡាក់ ច័ន្ទតារា នឹងជម្រាបជូនពីតម្រូវការទី៤ នៃនៃយុទ្ធនាការ១៦ថ្ងៃដូចតទៅ៖

តម្រូវការទី៤ នៃយុទ្ធនាការ១៦ថ្ងៃ នៃសកម្មភាពនិយមប្រឆាំងអំពើរហិង្សាផ្អែកលើយែនឌ័រ គឺ ចាត់វិធានការរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី បរិស្ថាន និងសិទ្ធិការងារ។ តម្រូវការនេះ បើផ្អែមកតាមវីដេអូ ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហោះលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា​ គឺអាជ្ញាធរកង្វះការយកចិត្តទុកដាក់ក្នុងការបង្កើតឱកាសឱ្យភាគីពាក់ព័ន្ធជួបប្រជុំគ្នារកដំណោះស្រាយ។ តាមរយៈវីដេអូនេះទៀតសោត បានបន្ថែមថា អាជ្ញាធរបានគម្រាមកំហែង ដោយប្រើអំពើហិង្សាលើរាងកាយ និងស្មារតីលើស្ដ្រីសកម្មជនសិទ្ធិមនុស្សក្នុងចេតនាបំបិទសិទ្ធិជួបជុំ។ ក្រៅពីនេះ បានប្រើប្រព័ន្ធតុលាដាក់សម្ពាធ បំបិទសំឡេង ស្ដ្រីសកម្មជនទៀតផង។ នេះបើផ្អែកតាមវីដេអូដដែល។

យ៉ាងណាសម្រាប់ជាដំណោះស្រាយ  ក្រុមសកម្មជនសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ដ្រី បានជម្រុញឱ្យរដ្ឋាភិបាលគោរពជាដាច់ខាតដោយអនុលោមទៅតាមគោលនយោបាយសិទ្ធិមនុស្សជាសាកល និងលើកកម្ពស់សេរីភាពមូលដ្ឋាន សិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំ សិទ្ធិចងក្រងសហជីព សិទ្ធិចូលរួម សិទ្ធិបង្កើតអង្គការសមាគមន៍ ដោយគ្មានការយារយី ឃ្លាំមើល និងការបៀតបៀនពីអាជ្ញាធរមន្ដ្រីមានសមត្ថកិច្ច។ លើសពីនេះ ក្នុងសេចក្ដីថ្លែងការរួមត្រង់តម្រូវការទី៤ បានស្នើឱ្យតុលាការធានាឯករាជ្យភាពស្របតាមរដ្ឋធម្មនុញ្ញផងដែរ។

ស្របពេលគ្នានេះ ក្រុមសកម្មជនសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ដ្រី ក៏បានលើកស្នើឱ្យរាជរដ្ឋាភិបាល ធានានូវសិទ្ធិសេរីភាពសម្ដែងមតិ តាមរយៈកូដកម្មដោយសន្ដិវិធី ទម្លាក់រាល់បទចោទប្រកាន់ និងអនុវត្តតាស្មារតីអនុសញ្ញាស្នូលអន្ដរជាតិខាងការងារ C87 និងC89 ពេលកម្ពុជាផ្ដល់សច្ចាប័ន ដែលធានាសិទ្ធិក្នុងការបង្កើតសហជីព សិទ្ធិការចរចារជាសមូហភាព និងសិទ្ធិកូដកម្ម។

យ៉ាងណា ក្រុមសកម្មជនសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ដ្រី ក៏បានស្នើឱ្យលុបចោលច្បាប់ទាំងឡាយណាដែរបង្កើតឡើងផ្ទុយស្មារតីរដ្ឋធម្មនុញ្ញ ហើយជំនួសមកវិញនូវច្បាប់ដែលផ្ដល់យុត្តិធម៌ដល់សង្គម។

សូមរម្លឹកថា យុទ្ធនាការ ១៦ថ្ងៃនៃសកម្មភាពនិយមប្រឆាំងអំពើរហិង្សាផ្អែកលើយែនឌ័រ គឺធ្វើចាប់ពីថ្ងៃ២៥ ​ខែវិច្ឆិកា-១០ ធ្នូ ឆ្នាំ២០២២។ យុទ្ធនាការនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ១៩៩១ មកម្លេះ ក្នុងគោលបំណងអំពាវនាវ ឲ្យមានការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាប្រឆាំងស្រ្តីនិងក្មេងស្រី នៅថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ។

Share

Image
Image
Image