លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីស្រី្តរំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ ១៨ សប្តាហ៍នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ វេជ្ជបណ្ឌិតជំនាញសុខភាពសាធារណៈ ទទួលស្គាល់ថាក្រសួងសុខាភិបាលបានបណ្ដុះបណ្ដាលគ្រូពេទ្យឆ្មបដល់ជនបទ ប៉ុន្តែលោកបានរិះគន់ទៅលើការរៀនសូត្រដែលមានលក្ខណៈផ្លូវកាត់ និងមានការទិញសញ្ញាបត្រ។
លោក គីម ចាន់ចាវ រាយការណ៍៖
លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានលើកឡើងពីការការទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងពេលចុះពិនិត្យស្ថានភាពជាក់ស្តែងករណីស្រី្ត រំលូតគភ៌ ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង ដែលមកដល់ពេលនេះ កំពុងសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ជាមួយក្រុមការងារគ្រូពេទ្យជំនាញ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
ស្ត្រីរងគ្រោះជាកម្មការិនីរោងចក្រ នៅខេត្តកណ្ដាលជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉េត បន្ទាប់មន្ទីរពេទ្យជាច្រើនកន្លែងអស់សង្ឃឹមក្នុងការព្យាបាល។
ក្រសួងសុខាភិបាលកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាត ឱ្យឆ្មប ឈ្មោះ អ៊ុង ធារិន ដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន តែឆ្មបរូបនេះ នៅមិនទាន់ទទួល បានការបណ្តុះបណ្តាលបន្ថែមស្ដីពីការ រំលូតគភ៌នៅឡើយ ដែលការអនុវត្តនេះ ខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការ ណែនាំបច្ចេកទេស ពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបទដ្ឋាន គតិយុត្ត នានា របស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។
លើបញ្ហាគ្រូពេទ្យអនុវត្តខុសវិជ្ជាជីវៈ នាំអោយគ្រោះថ្នាក់ដល់អ្នកជម្ងឺនេះ លោក គួច ម៉េងលី វេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈ លើកឡើងថា ក្រសួងមានការបណ្ដុះបណ្ដាល ពេទ្យឆ្មប នៅតាមជនបទច្រើនណាស់ដែរ ប៉ុន្តែសំខាន់បុគ្គលនីមួយៗមានការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនបានប៉ុណ្ណា? អ្នកជំនាញសុខភាពសារធារណៈរូបនេះ បានស្ដីបន្ទោសថាការរៀនសូត្រនៅកម្ពុជា មួយចំនួន មានលក្ខណៈផ្លូវកាត់ និងមានការទិញសញ្ញាបត្រ ហើយបទពិសោធន៍ក្នុងហ្វឹកហាត់គ្រូពេទ្យគឺមិនទាន់មានលក្ខណៈត្រឹមត្រូវ ដែលធ្វើអោយអ្នកជម្ងឺក្រីក្រមួយចំនួនក្លាយជាអ្នកសម្រាប់យកមកអនុវត្តវិជ្ជាជីវៈ។
លោក គួច ម៉េងលី៖
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើរលិខិតមួយទៅមន្ទីសុខាភិបាលទូទាំងប្រទេស ដោយព្រមានថា មូលដ្ឋានសុខាភិបាលឯកជនមួយចំនួនពុំទាន់បានគោរពអោយបានត្រឹមត្រូវតាមច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្ដល់សេវាសុខាភិបាលជូនដល់អ្នកជម្ងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី មើលឃើញថាការអនុវត្តក្នុងការព្យាបាលអ្នកជម្ងឺនៅកម្ពុជា គឺមានកំហុសច្រើន ដែលមិនអាចចាត់ចូលស្ដង់ដាបាន ទាំងការវិនិច្ឆ័យជម្ងឺ និងការព្យាបាលទូទៅ។
លោក គួច ម៉េងលី៖
ក្រសួងបានធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យតាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន៕