en     km
en     km

សត្វកែះញីមួយក្បាលដែលជាប់អន្ទាក់ព្រានព្រៃបានស្លាប់ហើយ

Share

ភ្នំពេញ៖ សត្វកែះញីមួយក្បាលដែលជាប់អន្ទាក់ព្រានព្រៃ នៅតែមិនអាចជួយសង្គ្រោះជីវិតបាន ទោះបីជាក្រុមគ្រូពេទ្យប្រឹងប្រែងជួយសង្គ្រោះអស់ពីលទ្ធភាពជាច្រើនថ្ងៃជាប់គ្នាយ៉ាងណាក្តី។ មូលហេតុដែលបេសសកម្មជួយសង្រ្គោះត្រូវបរាជ័យ ព្រោះសត្វកែះញីមួយក្បាលនេះរងរបួសធ្ងន់ធ្ងរពេក។

នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញ គឺនៅថ្ងៃដែលសត្វកែះញីមួយក្បាលនេះបានបាត់បង់ជីវិតតែម្តង។

បើតាមក្រសួងបរិស្ថាន សត្វកែះនេះត្រូវបានអ្នកជំនាញបសុសត្វបញ្ជាក់ថា កែះនេះត្រូវរងរបួសធ្ងន់ធ្ងរដោយសារតែជាប់អន្ទាក់និងការដេញវាយរបស់ព្រានព្រៃបណ្តាលឱ្យជាំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេងផងដែរ។
ងាកមកស្ថានភាពសុខភាពវិញ សត្វកែះញីមួយក្បាលនេះ កាន់តែមានសុខភាពទន់ចុះខ្សោយទៅៗ ហើយកូនក្នុងផ្ទៃក៏បានរលូតស្លាប់ ព្រោះស្បូនរបស់កែះញីនេះបានរបួសខ្លាំងនិងរលួយផងដែរ។

ក្រសួងបន្តថា រយៈពេលនៃប្រតិបត្តិជួយសង្គ្រោះ ក្រុមគ្រូពេទ្យបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំងមិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានបាត់បង់ជីវិត។

ជុំវិញបញ្ហានេះក្រសួងសង្កត់ធ្ងន់ថា ចំពោះប្រជាពលរដ្ឋមួយចំនួនដែលមានជំនឿថាសាច់សត្វ ឆ្អឹង សំណាក និងឈាមសត្វព្រៃជួយព្យាបាលជំងឺ និងធ្វើឱ្យសុខភាពរបស់ខ្លួនល្អនោះគឺជារឿងមិនពិតឡើយ។

របាយការណ៍របស់ក្រសួងបរិស្ថានក្នុងឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួង និងអង្គការដៃគូ បានដកអន្ទាក់សរុបចំនួនជាង ៦ ម៉ឺនអន្ទាក់(៦១ ៦១១អន្ទាក់) ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ក្នុងនោះក្រុមសង្គ្រោះសត្វព្រៃបន្ទាន់មកពីអង្គភាពចម្រុះ បានចុះប្រតិបត្តិការបង្ក្រាបការជួញដូរសត្វព្រៃចំនួន ៦២៥ករណី សង្គ្រោះសត្វព្រៃបានជាង ១ ពាន់ក្បាល(១ ២៧១ក្បាល) រឹបអូសសត្វព្រៃចំនួន៣ ៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទបានចំនួន ៣៥៤គីឡូក្រាម។ ជាងនេះបានបញ្ជូនសំណុំរឿងចំនួន ១១ ករណីទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ក្បាល៕

​​​​​​​​​រូបភាព៖ ក្រសួងបរិស្ថាន

Share

Image
Image
Image