(ឡុងដ៍)៖ យោងតាម AP កាលពីថ្ងៃចន្ទ ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែនលោកស្រី Olensa Zelenska បានប្រាប់សន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់អំពើហិង្សាផ្លូវភេទនៅក្នុងសង្គ្រាមថា ទាហានរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះការរំលោភលើស្ត្រីអ៊ុយក្រែន និងប្រព្រឹត្តអំពើហឹង្សាផ្លូវភេទផ្សេងទៀតនៅអំឡុង
សង្គ្រាម។
លោកស្រី Zelenska បានប្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ថា អំពើហឹង្សាផ្លូវភេទកំពុងប្រព្រឹត្តិ “ជាប្រព័ន្ធ និងដោយបើកចំហ” ក្នុងសង្រ្គាមនៅអ៊ុយក្រែន។លោកស្រី Zelenska បានថ្លែងថា គេឮសំឡេងថតតាមទូរស័ព្ទដែលទាហានរុស្ស៊ីនិយាយពីការរំលោភផ្លូវភេទដោយបើកចំហ។“អំពើហឹង្សាផ្លូវភេទ គឺជាអំពើដ៏សាហាវព្រៃផ្សៃបែបតិរិច្ឆានបំផុត ទៅលើនរណាម្នាក់។ ក្នុងសម័យសង្គ្រាមសម្រាប់ជនរងគ្រោះនៃអំពើហិង្សាបែបនេះ វាពិបាកក្នុងការផ្តល់ភស្ដុតាងបញ្ជាក់ណាស់ ព្រោះគ្មានអ្នកណាមានអារម្មណ៍ថាមានសុវត្ថិភាពនោះទេ»។“នេះជាឧបករណ៍មួយទៀតដែលគេប្រើជាអាវុធរបស់គេ។ នេះគឺជាអាវុធមួយផ្សេងទៀតនៅក្នុងឃ្លាំងអាវុធរបស់ពួកគេនៅក្នុងសង្គ្រាម និងជម្លោះនេះ។ នោះហើយជាមូលហេតុដែលពួកគេប្រើប្រព័ន្ធនេះដោយចំហ»។
បន្ទាប់មក លោកស្រីZelenska បានទៅទស្សនកិច្ចលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅផ្លូវលេខ 10 Downing ។ លោកស្រីត្រូវបានស្វាគមន៍ដោយភរិយារបស់ Sunak គឺលោកស្រី Akshata Murty ហើយស្ត្រីទាំងពីរនាក់បានតុបតែងដើមឈើណូអែលនៅខាងក្រៅលំនៅដ្ឋាននៅចំពោះមុខអ្នកថតរូបដែលបានប្រមូលផ្តុំគ្នា។
លោកស្រីZelenska ត្រូវបានគេរំពឹងថានឹងថ្លែងទៅកាន់សមាជិកសភាអង់គ្លេសនៅថ្ងៃអង្គារ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅចក្រភពអង់គ្លេស។លោក Sunak បានទៅធ្វើទស្សនកិច្ចនៅរដ្ឋធានី Kyiv របស់អ៊ុយក្រែនកាលពីដើមខែនេះ ជាកន្លែងដែលគាត់បានផ្តល់ការគាំទ្របន្តរបស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។
ប្រភព៖ AP ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2022