en     km
en     km

សង្គមស៊ីវិល២០ស្ថានប័នដាក់លិខិតអន្តរាគមន៍លើបញ្ហាកសិកម្មធំៗពីរដ្ឋមន្ដ្រីកសិកម្មថ្មី

Share

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គការសង្គមស៊ីវិល រួមមាន សមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន ចំនួន២០ ស្ថាប័នបានដាក់លិខិតចំហមួយជូនទៅរដ្ឋមន្ដ្រីក្រសួងកសិកម្មថ្មី គឺលោក ឌិត ទីណា ដើម្បីស្នើសុំអន្តរាគមន៍លើបញ្ហាកសិកម្មធំៗមួយចំនួន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ផ្អែកតាមលិខិតចំហ ដែលវិទ្យុស្ដ្រីទទួលបានពីលោក ហេង គីំមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា CYN បានឱ្យដឹងថា បញ្ហាលើវិស័យកសិកម្មដែលកំពុងជួបប្រទះ និងត្រូវការមន្ដ្រីរដ្ឋាភិបាលដោះស្រាយ ជាពិសេសលោក ឌិត ទីណា រដ្ឋមន្ដ្រីទើបឡើងតំណែងថ្មី គឺបញ្ហាព្រៃឈើ ការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ការប្រមាញ់  និងការជួញដូរសត្វព្រៃខុសច្បាប់។

យោងតាមលិខិតដែលដាក់ជូនក្រសួងកសិកម្មនៅថ្ងៃនេះ បានបញ្ជាក់បន្ថែមថា បញ្ហា​ព្រៃឈើក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ បានបាត់បង់យ៉ាងគំហុក ដោយបន្ដរកឃើញការនាំចេញទៅកាន់ទីផ្សារបរទេស។ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនត្រូវបានសហគមន៍មូលដ្ឋានរកឃើញថា ជាប់ពាក់ព័ន្ធជាមួយការកាប់បំផ្លាញព្រៃឈើ និងធ្វើអាជីវកម្មឈើខុសច្បាប់ ដែលលិខិតចំហសង្កត់ធ្ងន់ថា ការរកឃើញបទល្មើសទាំងនេះ នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ។

ទន្ទឹមជាមួយគ្នានេះ បញ្ហាបទល្មើសនេសាទ និងការទន្ទា្រនដីជុំវិញបឹងទន្លេសាបបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសនិរន្ដភាពមច្ឆជាតិ។ នេះបើយោងទៅតាមរបាយការណ៍ដដែលបានដាក់ក្នុងលិខិតជូនក្រសួងកសិកម្មដដែល។ តែចំពោះការកាប់ទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបវិញ លិខិតចំហបន្ដថា មានផ្ទៃដីជាង២១០០០ ហិចតា មិនមានការយកចិត្តទុកដាក់ក្នុងកិច្ចអន្ដរាគមន៍ពីមន្ដ្រីជលផល និងមន្ដ្រីព្រៃឈើនៅនឹងកន្លែង ព្រមទាំងបញ្ហាសាច់សត្វព្រៃដែលបន្ដមានលក់នៅទីផ្សារ និងភោជនីយដ្ឋានតាមតំបន់ការពារធម្មជាតិកំពុងកើតមានយ៉ាងព្រួយបារម្ភ។

វិទ្យុស្ដ្រីមិនទាន់អាចទាក់ទងលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសុំការឆ្លើយតបបានទេ។

យ៉ាងណា សង្គមស៊ីវិលទាំង២០ ស្ថាប័ន​ បានចេញអនុសាសន៍ចំនួន៦ចំណុច ជូនដល់រដ្ឋមន្ដ្រីកសិកម្ម ដើម្បីពង្រឹងបញ្ហាទាំងអស់នេះ និងស្នើឱ្យធ្វើការត្រួតពិនិត្យលើទីផ្សារសាច់សត្វព្រៃ ផ្សព្វផ្សាយជាសាធារណៈអំពីការត់ពន្ធឈើខុសច្បាប់, គាំទ្រ និងលើកទឹកចិត្តសហគមន៍ក្នុងការអនុវត្តសិទ្ធិ ជាពិសេសត្រួតពិនិត្យ វាយតម្លៃ លើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចជុំវិញតំបន់កាពារទាំងនេះ និងដាក់ទោសដល់មន្ដ្រីណាដែលអន្ដោម័តដោយផ្ទាល់ខ្លួនទទួលសំណូកពីជនល្មើស។

ទន្ទឹមគ្នានេះ សង្គមស៊ីវិលទាំង២០ ស្ថាប័នសង្ឃឹមលើរដ្ឋមន្ដ្រីវ័យក្មេងតំណែងថ្មី នឹងកំណត់អទិភាពដោះស្រាយបញ្ហានេះយ៉ាងមានប្រសិទ្ធភាព ខណៈរឿងរ៉ាវគ្រប់គ្រងព្រៃឈឺ ជលផល ដីសម្បទាននេះ ជាបញ្ហារ៉ាំរ៉ៃច្រើនឆ្នាំមកហើយ៕

Share

ព័ត៌មានទាក់ទង

Image