en     km
en     km

លោក យ៉ង សាំងកុមារ ដាក់គោលបំណង២ធំៗ ដើម្បីស្ទួយកសិករក្រោយចុះចូលបក្សកាន់អំណាច

Share

ក្រោយពេលចុះចូលជាមួយបក្សកាន់អំណាច លោកបណ្ឌិតកសិកម្មមកពីប្រទេសអាល្លឺម៉ង យ៉ង សាំងកុមារ បានដាក់ចេញផែនការលើកស្ទួយវិស័យកសិកម្មធំៗចំនួន២ ដើម្បីជួយកសិករជាង១លានគ្រួសារ ឱ្យមានជីវភាពល្អប្រសើរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោកបណ្ឌិត យ៉ង សាំងកុមារ អតីតគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងនូវផែនការ២ ចំណុចធំៗ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ការលើកផែនការរបស់លោក ក្រោយពេលលោកបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។

ផ្អែកតាមហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ បានឱ្យដឹងថា ផែនការធំៗ២ ចំណុចអាចជួយដោះស្រាយបញ្ហាជូនគ្រួសារកសិករខ្មែរជាង ១ លានគ្រួសារបានល្អប្រសើរ តែត្រូវការពេលវេលារហូតដល់៥ឆ្នាំ។

សំណើពិភាក្សា លើការរៀបចំឲ្យមានគម្រោង «សង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករកម្ពុជា» លោកយ៉ងសាំងកុមារមានគោលបំណង៖ ទី ១). កសិករមានសមត្ថភាពផលិតស្រូវដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាមួយថ្លៃដើមទាប និងទទួលបានតម្លៃសមរម្យ ។ ទី២). រោងម៉ាស៊ីនកិនស្រូវទទួលបានស្រូវល្អក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់លើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

យ៉ាងណា លោកបានផ្ដល់អនុសាសន៍សំខាន់ៗចំនួនទី១២ ចំណុចថែមទៀត ដើម្បីជួយកសិករ។ ក្នុងនោះរួមមាន៖

១). ពង្រឹង និងពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អ ដល់កសិករ (ពូជដែលមានតម្រូវការខ្ពស់លើទីផ្សារ) ។ ២). បណ្ដុះបណ្ដាល ណែនាំ និងផ្ដល់យោបល់ដល់កសិករ ជាពិសេសលើការប្រើប្រាស់ពូជ ធាតុចូល និងការគ្រប់គ្រងក្រោយពេលប្រមូលផល។ ៣). រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ ដោយធ្វើបច្ចុប្បន្នភាពរាល់រដូវ ។ ៤). រៀបចំឲ្យមាន និងពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ ដោយមានកន្លែងប្រមូលផ្ដុំ កន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវ។ ៥). រៀបចំឲ្យមានប្រព័ន្ធទិន្នន័យរោងម៉ាស៊ីនស្រូវ ដោយសហការណ៍ជាមួយ CRF ។ ៦). សម្របសម្រួលឲ្យមានការសហការណ៍ និងកិច្ចសន្យារវាងសហគមន៍កសិករនិងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជំនួញស្រូវអង្ករ។ ៧). កំណត់ស្តង់ដារ និងយន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពស្រូវ និងការកំណត់តម្លៃអប្បបរមាស្រូវតាមប្រភេទពូជ (ពូជក្រអូបប្រណីត ពូជក្រអូបធម្មតា និងពូជស្រូវប្រាំងធម្មតា)។ ៨). ធ្វើការជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបង្កើនទុនដល់រោងម៉ាស៊ីន ក្រុមហ៊ុនជំនួញស្រូវអង្ករ និងសហគមន៍កសិករ ៩). រៀបចំឲ្យមានគណៈកម្មាធិការដឹកនាំគម្រោង នៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ។ ១០). នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ទទួលខុសត្រូវលើការអនុវត្តគម្រោង ដោយមានមន្រ្តីកសិកម្ម ធ្វើការផ្ទាល់ជាមួយកសិករ និងអាជ្ញាធរមូលដ្ឋាន។ ១១). រៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃគម្រោងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។ ១២). ប្រើប្រាស់ថវិកាជាតិ និងថវិកាមកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តគម្រោងនេះ។

នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះដែរ លោកបណ្ឌិត យ៉ង​ សាំងកុមារនិងលោក ឡឹក សុធា អតីតអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានជួបជាមួយ សម្ដេច ហ៊ុន សែន លើការងារកសិកម្មផងដែរ។ នេះបើតាមការបញ្ជាក់ពីតេឡេក្រាមនាយករដ្ឋមន្ដ្រី។

ក្រោយពេលលោក បណ្ឌិត យ៉ង សាំងកុមារ លាលែងពីប្រធានគណកម្មាធិការបក្សប្រជាធិបតេយ្យ លោក យេង វីរៈ បានក្លាយជាប្រធានគណបក្សនេះបន្ដ។ លោកបានឱ្យអ្នកគាំទ្រគណបក្សដឹងថា ការចូលរួមរបស់លោក បណ្ឌិត យ៉ង សាំងកុមារក្នុងជួររាជរដ្ឋាភិបាលលើវិស័យកសិកម្មនេះ ដើម្បីជួយកសិករដែលកំពុងជួបផលលំបាក និងកុំឱ្យអ្នកគាំទ្រមានការច្រួលច្របល់ចំពោះការចាកចេញរបស់ថ្នាក់ដឹកនាំគណបក្សនៅពេលនេះ។

សូមជម្រាបថា លោក យ៉ង សាំងកុមារ គឺជាអ្នកជំនាញកសិកម្មមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់។ ទោះបីធ្លាប់កាន់តំណែងប្រធានជាបក្សប្រកួតប្រជែងជាមួយបក្សកាន់អំណាច តែលោកតែងបញ្ចេញទស្សនៈនានាលើវិស័យកសិកម្មផងដែរ៕

Share

ព័ត៌មានទាក់ទង

Image