en     km
en     km

សេដ្ឋកិច្ចចិនមានភាពយ៉ាប់យឺន បន្ទាប់ពីផ្ទុះកូវីដ១៩

Share

 

តាមសារព័ត៌មាន BBC បានឱ្យដឹងថា គោលនយោបាយសូន្យកូវីដ១៩ (zero-covid) របស់ចិន បានបង្កឱ្យមានភាពវឹកវរយ៉ាងខ្លាំងក្នុងប្រទេស ដោយមានការប្រឆាំងតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ហើយថែមទាំងបង្កជាវិបត្តិសេដ្ឋកិច្ចទៀតផង។

ជុំវិញករណីផ្ទុះការបិទខ្ទប់ក្នុងប្រទេសចិនកើតមានឡើង ប្រជាពលរដ្ឋ និងក្រុមហ៊ុនជាច្រើនមានការភ័យខ្លាច និងស្ទាក់ស្ទើរក្នុងការចំណាយ។ សូម្បីតែ​ វិបត្តិអចលនទ្រព្យ និងការបង្រ្កាបលើបច្ចេកវិទ្យាធំៗ ក៏កំពុងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសចិន ពោលគឺ​ប្រទេសដែលមានសេដ្ឋកិច្ចធំមួយ ដែលឈរនៅលំដាប់ទីពីរក្នុងពិភពលោក។

ផ្ទុយទៅវិញ គោលនយោបាយសូន្យកូវីដ១៩ បានបន្តធ្វើឱ្យទីផ្សារ និងអ្នកវិនិយោគ មានភាពរង្គោះរង្គើ សូម្បីតែតំបន់មួយចំនួន និងពិភពលោកផ្សេងទៀតកំពុងតែលើកយកប្រធានបទនេះមកពិភាក្សា។

យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ការបិទខ្ទប់ និងការតេស្តកូវីដទ្រង់ទ្រាយធំនៅក្នុងមជ្ឈមណ្ឌលផលិតកម្មរបស់ប្រទេសចិន បានប៉ះពាល់ដល់សង្វាក់ផលិតកម្មសម្រាប់ម៉ាកយីហោថ្មីៗក្នុងពិភពលោកដែលមានដូចជា Apple និង Tesla ។

សូមបញ្ជាក់ថា អ្នកវិនិយោគហាក់មានក្តីសង្ឈឹមតិចតួចបំផុត ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រពលរដ្ឋចិនឱ្យបានគ្រប់ៗគ្នា។ អ្នកវិនិយោគទាំងនោះយល់ថា ស្ថានភាពក្នុងប្រទេសចិន​នឹងមិនអាចមានភាពល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះឡើយ។

តាមការរាយការណ៍បន្ថែមពីសារព័ត៌មាន BBC ថា បញ្ហានេះទំនងជាមានផលប៉ះពាល់ខ្លាំងសម្រាប់ប្រជាជនចិនក្នុងរយៈពេលវែង រួមទាំងការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចរបស់ពួកគេ។ លើសពីនេះ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកខ្លាំងលើប្រទេសចិន៕

ប្រភព៖ BBC ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image