en     km
en     km

អង្គការ NTFP-EP ខេមបូឌាត្រៀមប្រគល់វិញ្ញបនបត្រដល់សហគមន៍ប្រមូលឃ្មុំព្រៃប្រកបដោយនិរន្តភាព

Share

ភ្នំពេញ៖ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTFP-EP/Cambodia)គ្រោងនឹងប្រគល់វិញ្ញាបនបត្រដល់សហគមន៍លើការអនុវត្តប្រព័ន្ធធានាគុណភាពទឹកឃ្មុំប្រកបដោយនិរន្តភាព ដើម្បីលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងការប្រមូលផលទឹកឃ្មុំប្រកបដោយគុណភាពនិងនិរន្តភាព។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

បើគ្មានអ្វីប្រែប្រួលនោះទេ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTFP-EP/ Cambodia) នឹងរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សហគមន៍លើការអនុវត្តប្រព័ន្ធធានាគុណភាពទឹកឃ្មុំ នៅភោជនីយដ្ឋានទន្លេបាសាក់  រាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ។

កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់វិញ្ញាបនបត្រដល់ក្រុមប្រមូលឃ្មុំព្រៃដែលបានអនុវត្តន៍ប្រព័ន្ធធានាគុណភាពទឹកឃ្មុំដោយមានការចូលរួម PGS។ នៅពេលសហគមន៍ទទួលបានការទទួលស្គាល់ពីPGS នោះមានន័យថា ទឹកឃ្មុំព្រៃដែលប្រជាសហគមន៍ប្រមូលបានគឺមានការទទួលស្គាល់ត្រឹមត្រូវតាមស្តង់ដាជាក់លាក់ និងជាផ្នែកមួយផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់អតិថិជនតាមរយៈវិញ្ញាប័នប័ត្រអនុវត្តន៍ PGS នេះផងដែរ។

សកម្មភាពប្រជាសហគមន៍កំពុងយកទឹកឃ្មុំ។រូបភាពពីក្រុមការងារNTFP-EP/ Cambodia។

 

លោក សេក ឈាន ប្រធានក្រុមប្រមូលឃ្មុំព្រៃអណ្ដូងដងផ្លិត ស្រុកឆែប ខេត្ដព្រះវិហារ ប្រាប់វិទ្យុស្រ្តីថា លោកបានទទួលចំណេះដឹងជាច្រើនពិសេសចេះពីរបៀបយកទឹកឃ្មុំប្រកបដោយនិរន្តភាពពីអ្នកបច្ចេកទេសនៃអង្គការ NTFP-EP/ Cambodia។ លោករៀបរាប់ថា បច្ចេកទេសយកទឹកឃ្មុំព្រៃប្រកបដោយនិរន្តភាពគឺប្រជាសហគមន៍អាចយកទឹកឃ្មុំបានពីរទៅបីដងក្នុងឃ្មុំមួយផ្លិតដោយការប្រមូលផលគឺគេកាត់យកតែ៨០%ដោយទុក ២០%ត្រង់ក្បាលទឹកដើម្បីឃ្មុំបង្កើតផ្លិតឃ្មុំបន្ត។លោកបន្ថែមថា តាមរយៈមុខរបរនេះប្រជាសហគមន៍អាចរកប្រាក់ចំនូលបន្ថែមក្នុងគ្រួសារព្រោះគ្រួសារនីមួយៗអាចរកប្រាក់ចំនូលបានជាង៦០០ដុល្លារអាមេរិកក្នុងរយៈពេលពីរខែជាប់គ្នាៗនៃរដូវប្រមូលផលក្នុងមួយឆ្នាំ។

ប្រធានសហគមន៍រូបនេះបន្ថែមទៀតថា តាមរយៈកម្មវិធីប្រមូលផលទឹកឃ្មុំប្រកបដោយនិរន្តភាពនេះ សហគមន៍ក៏បានរួមចំណែកជាថវិកានិងកម្លាំងកាយចូលរួមចុះល្បាតព្រៃការពារការពីការកាប់ទន្ទ្រានពីជនខិតខូចផងដែរ ព្រោះបើគ្មានដើមឈើទេនោះក៏គ្មានសត្វឃ្មុំមកធ្វើសម្បុកដែរ។

លោក សេក ឈាន ប្រធានក្រុមប្រមូលឃ្មុំព្រៃអណ្ដូងដងផ្លិត ស្រុកឆែប ខេត្ដព្រះវិហារ។រូបភាពពីអង្គការNTFP-EP/ Cambodia។

 

សូមបញ្ជាក់ថា កម្មវិធីប្រគល់វិញ្ញាបនបត្រដល់សហគមន៍លើការអនុវត្តប្រព័ន្ធធានាគុណភាពទឹកឃ្មុំប្រកបដោយនិរន្តភាពនេះគ្រោងមានអ្នកចូលរួមប្រមាណ ២០នាក់ក្នុងនោះមានតំណាងអង្គការNTFP-EP/ Cambodia តំណាងក្រុមហ៊ុនNature Wild គណៈកម្មការCBHE គណៈកម្មការប្រមូលឃ្មុំនិងអ្នកសារព័ត៌មានមួយចំនួនទៀត។

ក្រុមការងារកំពុងពិនិត្យគុណភាពទឹកឃ្មុំមុនបញ្ចេញលក់លើទីផ្សារ។រូបភាពពីNTFP-EP/ Cambodia

 

សូមរំលឹកថា ផលដែលប្រជាសហគមន៍ទទួលបានពីចំណេះដឹងនៃការប្រមូលផលទឹកឃ្មុំនេះ ស្ថិតនៅក្រោមកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF3) ដំណាក់កាលទីបី មានរយៈពេល២ឆ្នាំពីខែកក្ដដាឆ្នាំ២០២១ដល់ខែមិថុនាឆ្នាំ២០២៣របស់អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា ។ កម្មវិធីដែលមានការគាំទ្រថវិកាពីទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសស្វីសនិងស៊ុយអែតនេះ មានបំណងកែលម្អបង្កើននិងពង្រីកការគាំទ្រដល់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដើម្បីឱ្យសហគមន៍ពិសេសស្រ្តីនិងសហគមន៍ជនជាតិដើមភាគតិច។ ហើយកម្មវិធីនេះទៀតសោត ក៏ធានាបាននូវការប្រើប្រាស់ធនធានធម្មជាតិ ដែលជាវិធីកែលម្អសន្តិសុខស្បៀងនិងបង្កើនប្រាក់ចំណូលរបស់ប្រជាសហគមន៍។

ឃ្មុំដែលប្រមូលបានពីក្នុងព្រៃ។រូបភាពពីNTFP-EP/ Cambodia។

 

បច្ចុប្បន្នអង្គការ NTFP-EP/Cambodia បាននឹងកំពុងគាំទ្រលើការអនុវត្តសកម្មភាពរបស់សហគ្រាសហគមន៍ចំនួន១២ក្រុម រួមមានក្រុមប្រមូលទឹកឃ្មុំចំនួន៦ក្រុម និងក្រុមកែច្នៃចង្កឹះទ្រាំងចំនួន ២ក្រុម និងសហគមន៍អេកូទេសចរណ៍ ៤ក្រុម ដែលស្ថិតក្រោមសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ក្នុងខេត្តទាំងបី៕

Share

ព័ត៌មានទាក់ទង

Image