en     km
en     km

អ្នកពាក់ព័ន្ធពិភាក្សាបើកផ្លូវឱ្យអ្នកលក់ដូរចល័តបានទទួលលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ

Share

​ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មន្រ្តីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ម្ចាស់អាជីវកម្មខ្នាតធំនិងតូចព្រមជាមួយអ្នកប្រកបអាជីវកម្មលក់ដូរតាមដងផ្លូវ បានជួបជុំគ្នាលើកយកបញ្ហាភាពមិនពេញលេញផ្នែកច្បាប់របស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពិភាក្សា។ ជំនួបដែលធ្វើនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញនេះ អ្នកចូលរួមពិសេសអ្នកលក់ដូរចល័តតាមដងផ្លូវស្នើដល់មន្រ្តីរដ្ឋាភិបាលបង្កើតគោលនយោបាយឈានទៅផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្មដល់អ្នកលក់ដូរចល័តតាមដងផ្លូវ។

 

តាមរយៈកិច្ចពិភាក្សាពេញមួយព្រឹកនៅសណ្ឋាគារសាន់វេ មន្រ្តីរដ្ឋាភិបាលនៃក្រសួងពាក់ព័ន្ធដែលបានចូលរួមបានសម្តែងការពេញចិត្តចំពោះអ្វីដែលជាលទ្ធផលនៃកិច្ចពិភាក្សាលើក្តីកង្វល់ចង់ឱ្យមន្រ្តីរដ្ឋាភិបាលផ្តល់លិខិតបទដ្ឋានស្របច្បាប់ ពោលគឺចេញជាលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវដល់អ្នករកស៊ីចល័តតាមដងផ្លូវនេះ។

ជាលទ្ធផលនៃជំនួបក្នុងសិក្ខាសាលាពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី០៣នេះ មន្រ្តីរដ្ឋាភិបាលសន្យាលើកយកសំណើនេះទៅពិភាក្សាដើម្បីឈានទៅដាក់ជាគោលនយោបាយថ្នាក់ជាតិនាពេលខាងមុខ។

រូបភាពអង្គសិក្ខាសាលានៅសណ្ឋាគារសាន់វេ។រូបភាពពីក្រុមការងារANSA។

 

តែមុននឹងឈានមកដល់ចំណុចនេះ អង្គការសង្គមស៊ីវិលមួយចំនួនដែលកំពុងបំពេញការងារលើកស្ទួយនិងជួយសម្រួលដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ អ្នករកស៊ីចល័តតាមដងផ្លូវ បានចុះសិក្សាស្វែងយល់ពីទុក្ខលំបាកនានានៅពេលដែលអ្នកលក់ដូរតាមដងផ្លូវពុំទាន់មានភាពស្របច្បាប់ដែលជាកត្តារារាំងក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។

លោក សុន ពេញ នាយកប្រតិបត្តិសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យលើកឡើងថា ការផ្តួចផ្តើមឱ្យមានសិក្ខាសាលានេះឡើង គឺដើម្បីបង្កើតឱ្យមានគោលការណ៍ណែនាំតម្រង់ទិសដល់មន្រ្តីឃុំសង្កាត់មានសិទ្ធិចេញលិខិតអនុញ្ញាត ឬ លិខិតទទួលស្គាល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ អ្នកលក់ដូរចល័តបាន។ មួយទៀតដែរ តាមរយៈជំនួបនេះ ក៏ចង់ឱ្យជំរុញវិសាលភាពបេឡាជាតិសន្តិសុខសង្គម ប.ស.ស គ្របដណ្តាប់ដល់អ្នកប្រកបអាជីវកម្មទាំងក្នុងនិងក្រៅប្រព័ន្ធឱ្យទទួលបានរបបសន្តិសុខសង្គមមួយនេះ។

លោក សុន ពេញ បន្ថែមថា ប្រសិនបើអាជ្ញាធរមានសិទ្ធិស័្វយសម្រេចចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មដល់អ្នកលក់ដូរតាមដងផ្លូវ នោះអាជ្ញាធរនឹងកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងនិងអាចក្តាប់ទិន្នន័យក្នុងដៃច្បាស់លាស់ឈានទៅរកទីតាំងសមរម្យដល់អ្នកលក់ដូរតាមដងផ្លូវជៀងវាងការលក់ដូរគ្មានសណ្តាប់ធ្នាប់។

លោក សុន ពេញ៖

 

លោក សុន ពេញ នាយកប្រតិបត្តិសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ក្នុងរឿងនេះដែរលោក ស៊ុន បញ្ញា អ្នកលក់ភេសជ្ជៈតាមម៉ូតូចល័តនៅផ្តុំលូប្រាំដែលចូលរួមកម្មវិធីនៅថ្ងៃនេះនិយាយថា សព្វថ្ងៃលោកលំបាកក្នុងការប្រកបអាជីវកម្មលក់ដូរណាស់ ព្រោះត្រូវប្រឈមសមត្ថកិច្ចដេញជារឿយៗដែលជាកត្តារាំងស្ទះដល់ចំណូលរបស់លោក។ លោកស្នើឱ្យអ្នកពាក់ព័ន្ធពន្លឿនយន្តការធ្វើយ៉ាងណាផ្តល់ភាពស្របច្បាប់ ឈានទៅបើកអាជីវកម្មខ្នាតធំ ដើម្បីធានាបាននូវការបណ្តេញចេញពីសំណាក់សមត្ថកិច្ច។

លោក ស៊ុន បញ្ញា៖

លោក ស៊ុន បញ្ញា អ្នកលក់ភេសជ្ជៈតាមម៉ូតូចល័តនៅផ្តុំលូប្រាំ។

 

ឆ្លើយតបនឹងការចង់បាននេះលោក​ សួន សំរិទ្ធ តំណាងនាយកដ្ឋាន មុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃនិយាយថា ​រដ្ឋាភិបាលមិនទាន់មានគោលការណ៍និងមិនចង់ឱ្យមានគោលការណ៍តម្រូវដល់អ្នកលក់ដូរតូចតាចតាមដងផ្លូវចុះបញ្ជីអ្វីនោះទេ ព្រោះការចុះបញ្ជីអាចបង្កភាពស្មុគស្មាញនិងត្រូវចំណាយថវិកាបង់ពន្ធជូនរដ្ឋ។ មួយទៀតលោកថា ការចេញលិខិតអនុញ្ញាតជូនដល់អ្នកលក់ដូរចល័តតាមដងផ្លូវអាចបង្កជាផលជះមិនល្អ ត្បឹតអ្នកលក់ដូរចល័តសំអាងថាមានលិខិតអនុញ្ញាតហើយបែរជាលក់ដូររំលោភលើទ្រូងផ្លូវជាហេតុនាំឱ្យបាត់បង់សណ្តាប់ធ្លាប់លើផ្លូវសាធារណៈ។

លោក​ សួន សំរិទ្ធ តំណាងនាយកដ្ឋាន មុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។រូបភាពពីក្រុមការងារANSA

 

តែយ៉ាងណាលោកស្រី គង់ សិទ្ធិកា អគ្គនាយករងតំណាងក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថ្លែងបិទក្នុងកម្មវិធីសិក្ខាសាលានេះថា ក្រសួងសមីពាក់ព័ន្ធនឹងលើកយកក្តីកង្វល់ការចង់បានរបស់បងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរតាមដងផ្លូវទៅពិភាក្សាបន្តដើម្បីរកចំណុចរួមមួយប្រកបដោយបរិយាបន្ន។

របាយការណ៍ស្រាវជ្រាវនៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០១១ បង្ហាញថា អ្នកប្រកបរបររកស៊ីទទួលទានទាំងក្នុងនិងក្រៅប្រព័ន្ធមានចំនួនប្រមាណ១,៥លាននាក់។ក្នុងនោះស្រ្តីដើរតួយ៉ាងសំខាន់ដែលមានរហូតដល់ទៅ៧៥%បើធៀបនឹងបុរស។

ដោយឡែកផ្អែកតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB វិញ រកឃើញថាស្ត្រីជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ អ្នកលក់ដូរតាមដងផ្លូវមានរហូតដល់ ៦៥% ពោលគឺស្រ្តីទាំងនោះបានចាប់យករបររកស៊ីតាមដងផ្លូវរហូតដល់ទៅ ៣០ ម៉ីនរបរឯណ្ណោះ។ ប៉ុន្តែស្ត្រីមានលិខិតអនុញ្ញាតប្រកបអាជីវកម្មមានត្រឹមតែឬនិយាយបានថាអ្នកប្រកបរបរសេដ្ឋកិច្ចក្នុងប្រព័ន្ធមានតែ ២%ប៉ុណ្ណោះ៕

 

 

Share

ព័ត៌មានទាក់ទង

Image