en     km
en     km

CCHRបញ្ចេញរបាយការណ៍១ឆ្នាំនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា

Share

អង្គការសិទ្ធមនុស្សកម្ពុជា បានបញ្ចេញរបាយការណ៍១ឆ្នាំនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាថា ទោះបីរដ្ឋាភិបាលបេ្ដជ្ញាចិត្តលើកម្ពស់សេរីភាពទាំងនេះ តែការគំរាមកំហែង និងការយាយីនៅតែបន្ដកើតមាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅក្នុងសេចក្ដីថ្លែងការណ៍កម្រាស់៥៩ ទំព័ររបស់អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ស្ដីពីសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាថា ក្នុងរយៈពេល១ឆ្នាំ គឺរាប់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន៤ បានដកហូតអាជ្ញាប័ណ្ណ ដោយរាជរដ្ឋាភិបាល។

ក្រៅពីនេះ របាយការណ៍បន្ថែមថា អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សប្រឈមការបំភិតបំភ័យ និយាយីតាមប្រព័ន្ធតុលាការ ហើយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋប្រឈមឧបសគ្គជាច្រើនក្នុងការទទួលបានព័ត៌មាន និងការដាក់កំហិតខ្លួនឯងនៅតែបន្ដកើនឡើង។

ផ្អែកតាមរបាយការណ៍ដដែលបន្ដថា សេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន បានបន្ដរងផលប៉ះពាល់នៅក្នុងរយៈពេល១ឆ្នាំនេះ (1/9/2021-31/8/2022) ដោយមានអ្នកសារព័ត៌មានយ៉ាងហោចណាស់២០ នាក់ និងអ្នកការពារសិទ្ធិមនុស្ស១៣ ទទួលការកាបសង្កត់ និងរងគ្រោះដោយគោលការណ៍មិនអត់ឱនចំពោះការរិះគន់ពីសំណាក់រដ្ឋាភិបាល។

ទោះបីជាក្រសួងព័ត៌មានធ្លាប់បានប្ដេជ្ញាចិត្តក្នុងការលើកម្ពស់សេរីភាព សារព័ត៌មានកាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ តែក្នុងរបាយការណ៍របស់CCHR​បានបញ្ជាក់ សេរីភាពសារព័ត៌មានមានការគំរាមកំហែងដូចជាការដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ ការយាយីពីប្រព័ន្ធតុលាការ ការរារាំងនៅពេលរាយការណ៍ពីរឿងរសើបដែលនាំទៅដល់ការដាក់កំហិតខ្លួនឯង ការគំរាមកំហែងសន្ដិសុខផ្លូវកាយ ក៏ដូចការរើសអើង និងការយាយីលើអ្នកសារព័ត៌មានស្ដ្រី។

ចំណែកសេរីភាពខាងបញ្ចេញមតិសម្រាប់អ្នកការពារសិទ្ធិមនុស្ស អង្គការសិទ្ធិមនុស្សនេះ បានចេញរបាយការណ៍ថា ការយាយីតាមប្រព័ន្ធតុលាការពីតុលាការមិនឯករាជ្យ បានគំរាមកំហែងបំផុត ចំពោះសេរីភាពខាងការបញ្ចេញមតិរបស់ក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេស គួបផ្សំនៃការឃ្លាំមើលពីសំណាក់រដ្ឋាភិបាលផង ធ្វើឱ្យការអនុវត្តសេរីភាពបញ្ចេញមតិបង្កើតនូវបរិយាកាសគ្រោះថ្នាក់។

ក្នុងនោះផងដែរ ក្នុងរយៈពេល១ឆ្នាំនេះ មានអ្នកការពារសិទ្ធិមនុស្ស១៣ នាក់ មានស្រី្ដ៤នាក់ មានការយាយីឥតឈប់ឈរពីតុលាការក្នុងការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ។ នេះបើយោងទៅតាមរបាយការណ៍ពីCCHR ដដែល។

យ៉ាងណា ក្នុងរបាយការន៍នេះទៀតសោត បានផ្ដល់អនុសាសន៍ចំនួន៤ ចំណុច ស្នើដល់រដ្ឋាភិបាល ដើម្បីមានវិធានការជាក់លាក់ ក្នុងការបំពេញកាតព្វកិច្ចស្របតាមបទច្បាប់អន្ដរជាតិ ក្នុងការគោរព ការការពារ និងសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទសកម្ពុជា។

អនុសាសន៍ទាំង៤ចំណុចរួមមាន ទី១ លុបចោល ឬធ្វើវិសោធនកម្មច្បាប់ដែលមានបញ្ហាមួយចំនួន ដូចជាអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វាអ៊ីធើណេតជាតិ បទប្រមាថអង្គព្រះមហាក្សត្រ ឬច្បាប់ស្ដ្រីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាស្នន។ ទី២ ដោះលែង ឬទម្លាក់ចោលការចោទប្រកាន់ និងបញ្ឈប់ការយាយីតាមប្រ័ព័ន្ធតុលា លើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។ ទី២ បញ្ឈប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដោយស៊ើបអង្កេតយ៉ាងហ្មត់ចត់ ឯករាជ្យ និងនាំយកជនល្មើសទៅកាត់ទោស។ ចុងក្រោយទី៤ ធានាថាគ្រប់ស្ថាប័នរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងស្ថាប័នឯកជន យល់ព្រមផ្ដល់ព័ត៌មានដែលស្នើសុំដោយអ្នកសារព័ត៌មាន ដើម្បីឱ្យព័ត៌មានមានសារៈប្រយោជន៍ដល់សារធារណៈជន  និងបង្កើតម្លាភាព និងគណនេយ្យភាពចំពោះសកម្មភាពរដ្ឋាភិបាល៕

Share

ព័ត៌មានទាក់ទង

Image