ភ្នំពេញ៖ សត្វកែះ គឺជាប្រភេទសត្វកម្រមួយនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភត្រា្ដ។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានជួយសង្គ្រោះសត្វកែះមួយក្បាលពីសំណាក់ដៃព្រានព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង តែជាអកុសលមិនអាចជួយសង្គ្រោះកូនក្នុងផ្ទៃរបស់សត្វកែះបាន ដោយសារសត្វកែះនេះបានជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ រហូតធ្លាក់ពីលើជ្រលងភ្នំធ្លោះចង្កោះ និងបាក់ជើង។
លោក នេត្រ ភក្ដា្រ បានសម្ដែងការសោកស្ដាយក្រោយសត្វដ៏កម្រនេះបានរលូតកូនស្លាប់បែបនេះ។ លោកថា ប្រសិនបើក្រុមជំនាញពេទ្យសត្វមិនអាចជួយសង្គ្រោះទាន់ពេលវេលាទេនោះ សត្វកែះមួយក្បាលនេះក៏អាចបាត់បង់ជីវិតផងដែរ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងបន្ដលើហ្បេសប៊ុករបស់លោកថា បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ។
លោកបន្ដសូមបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសាច់សត្វព្រៃ ហូបសាច់សត្វព្រៃដើម្បីកុំឱ្យសត្វព្រៃកម្រៗបាត់បង់៕