ភ្នំពេញ៖ យ៉ាងហោចណាស់ អង្គការ និងសមាគមចំនួន ១៣៧ ស្ថាប័នដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយចាត់ទុកការសម្រេចទោសលើមន្រ្តីអង្គការអាដហុកឱ្យនៅជាប់ទោស ថាជាការសម្រេចក្តីយ៉ាងអយុត្តិធម៌លើអ្នកការពារសិទ្ធិមនុស្ស។
តែយ៉ាងណា មន្រ្តីរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សឆ្លើយតបថា ការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល គ្មានមូលដ្ឋានច្បាស់លាស់និងបង្កប់ចរិតថ្លែងការណ៍បែបនយោបាយ។
អង្គការសង្គមស៊ីវិលចំនួន ១៣៧ អង្គភាព រាប់លំដាប់ធំៗដំបូងចំនួនប្រាំ រួមមាន សមាគមសិទ្ធិមនុស្សអាដហុក,ខុមហ្រ្វេល,អង្គការហ្គេតស៊ី,អង្គការYRDP និងអង្គការតម្លាភាពកម្ពុជា ព្រមជាមួយសហគមន៍ដែលនៅលេខរៀងចុងក្រោយគេចំនួនប្រាំដែរ ក្នុងនោះមានសហគមន៍សំបូរ សហគមន៍ស្តៅ សហគមន៍ព្រែកកុយ សហគមន៍ផ្តៅជុំ និងសហគមន៍ក្រាំស្គារ ស្ថាប័នទាំងនេះ នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសម្តែងការមិនពេញចិត្តលើការសម្រេចសេចក្តីឱ្យមន្រ្តីនិងអតីតមន្រ្តីអាដហុកចំនួន៥ នាក់ឱ្យនៅមានទោសដដែល។
សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងលើការកាត់សេចក្តីយ៉ាងអយុត្តិធម៌មកលើអ្នកការពារសិទ្ធិមនុស្សខាងលើ ក្រោយពីពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការកាត់សេចក្តីរបស់តុលាការទាំង០៣ថ្នាក់រួចមក។
អង្គភាពទាំង ១៣៧ នោះ ចាត់ទុកការសម្រេចនេះថា ជាការសម្រេចមួយនៅមានចំណុចខ្វះខាតដែលតុលាការមិនបានបំពេញឱ្យមានគ្រប់ជ្រុងជ្រោយទៅតាមនីតិវិធីច្បាប់ ដូចជាការខកខានក្នុងការកោះហៅសាក្សីអយ្យការមកបង្ហាញភស្តុតាងចំពោះមុខជនជាប់ចោទជាដើម។
ការយល់ឃើញបែបនេះ ព្រោះក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា សកម្មភាពរបស់បុគ្គលិកនិងអតីតបុគ្គលិកសមាគមអាដហុក បានបំពេញការងារស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលមានចែងជាធរមាន ជាពិសេសគោលការណ៍សិទ្ធិមនុស្ស និងគោលនយោបាយនានាលើការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
ភ្ជាប់ជាមួយក្តីព្រួយបារម្ភលើយុត្តិធម៌សង្គមនេះ អង្គការសង្គមស៊ីវិលទាំងនោះអំពាវនាវដល់ស្ថាប័នតុលាការនិងស្ថាប័នពាក់ព័ន្ធត្រូវកែលម្អនិងពង្រឹងការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជាឱ្យមានយុត្តិធម៌ពេញលេញ និងស្របតាមគោលការណ៍នីតិរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាចក្រកម្ពុជា និងក្នុងឋានៈកម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ។
ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍រួមក៏ស្នើទៅកាន់រដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ពិនិត្យច្បាប់ឡើងវិញ និងត្រូវធ្វើវិសោធនកម្ម ចៀសវាងសកម្មភាព និងការគាំទ្រមនុស្សធម៌ចំពោះជនរងគ្រោះសិទ្ធិមនុស្សដោយសុឆន្ទៈ បែរទៅជាមានទោសព្រហ្មទណ្ឌទៅវិញ។ ប្រការនេះពួកគេថា ធ្វើឱ្យអាចប៉ះពាល់ដល់កិច្ចការសង្រ្គោះប្រជាពលរដ្ឋស្លូតត្រង់ និងដើម្បីធានាដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
ចំណែកស្ថាប័នរដ្ឋាភិបាលវិញ សង្គមស៊ីវិលទាំងអស់ខាងលើក៏សូមឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល តាមរយៈការប្រើប្រាស់យន្តការតុលាការ ការគំរាមកំហែងបំបាក់ស្មារតី តាមរយៈការចោទប្រកាន់ ចាប់ខ្លួន ដាក់ទោសទណ្ឌទាំងបំពានចំពោះសកម្មជនអ្នកការពាសិទ្ធិមនុស្ស។ សង្គមស៊ីវិលទាំង១៣៧ មើលឃើញថាការសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់បានធ្វើផ្ទុយទៅវិញទិសដៅរបស់រាជរដ្ឋាភិបាលដែលខិតខំបង្កើតយន្តការធានាឱ្យមានប្រសិទ្ធិភាពខ្ពស់ដល់អ្នកការពារសិទ្ធិមនុស្ស។
ជាងនេះ សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលធានាការលើកម្ពស់សកម្មភាពការពារសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ និងជាកាតព្វកិច្ចរបស់ខ្លួន។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រូមនេះ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់វិទ្យុស្រ្តីថា សេចក្តីថ្លែងការណ៍នេះ គ្មានមូលដ្ឋានច្បាស់លាស់ដោយខ្វះការតាមដានលើការសម្រេចក្តីក្នុងសំណុំរឿងនេះ។ មួយទៀតលោក កត្តា អ៊ន ចាត់ទុកការចេញសេចក្តីថ្លែងការណ៍នេះថា មានបង្កប់នូវចរិតថ្លែងសារបែបនយោបាយ ដែលទំនងដើម្បីចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ប្រសាសន៍លោក កត្តា អ៊ន ៖
ដោយឡែកលោក គឹម សន្តិភាព ធ្លាប់ប្រាប់វិទ្យុស្រ្តីថា ការសម្រេចរបស់តុលាការផ្អែកតាមអង្គហេតុនិងអង្គច្បាប់ច្បាស់លាស់ ដោយមិនកាត់សេចក្តីផ្អែកតាមការយល់ឃើញរបស់មតិសាធារណៈឡើយ។
សូមរំលឹកថា តុលាការកំពូលកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេចតម្កល់សាលដីការសាលាឧទ្ធរណ៍ទុកជាបានការ ដោយមន្រ្តីនិងអតីតមន្រ្តីអាដហុកចំនួន ៥ ត្រូវមានទោសពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមបទបញ្ញត្តិមាត្រា២៩ និងមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការសម្រេចទោសនេះ មន្រ្តីអាដហុកទាំង ៣នាក់ក្នុងនោះមានលោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្តនិងអតីតមន្រ្តីអាដហុកចំនួន ០២រូប ផ្សេងទៀត គឺលោក ណៃ វ៉ង់ដា និង លោក នី ចរិយា ត្រូវជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារចំនួន ១៤ខែ ០១ ថ្ងៃ ចំណែកទោសដែលនៅសល់ត្រូវព្យួរ។
សូមរំលឹកបន្ថែមថា សាលាដំបូងរាជធានីភ្នំពេញកាលពីខែកញ្ញា ឆ្នាំ២០១៨ បានកាត់ទោសមន្រ្តីនិងអតីតមន្រ្តីការពារសិទ្ធិមនុស្ស ៥រូប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ បន្ទាប់មកគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ អ្នកទាំង ៥ រូបបានដាក់ពាក្យប្តឹងឧទ្ធរណ៍ដោយមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងដែលបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ ឆ្នាំ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ១៤ខែនិងសល់ប៉ុន្មានព្យួរ។ការដាក់ទោសទណ្ឌមកលើមន្រ្តីអាដហុកទាំង៥រូបនេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងទូតជាច្រើននៃប្រទេសលោកខាងលិច បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើភាពកម្សោយនៃប្រព័ន្ធតុលាការកម្ពុជាថា កាត់សេចក្តីក្រោមសម្ពាធអ្នកនយោបាយ៕