en     km
en     km

គ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ 268 នាក់ ភាគច្រើនជាកុមារនៅសាលារៀន

Share

 

យោងតាម Reuters មនុស្សយ៉ាងហោចណាស់ 268 នាក់ក្នុងនោះភាគច្រើនជាកុមារបានស្លាប់ និង 151 នាក់បាត់ខ្លួន ដោយគ្រោះរញ្ជួយដីនៅកោះជ្វាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២២ ខែវិច្ឆិកា។ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងគំនរអគារបាក់បែក។

ការរញ្ជួយដីកម្រិត 5.6 រិចទ័របានវាយប្រហារនៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីរសៀលថ្ងៃច័ន្ទ ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីក្រុង Cianjur ដែលមានចម្ងាយប្រហែល 75 គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា។

ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ Suharyanto បានប្រាប់អ្នកយកព័ត៌មានថា មនុស្សជាង 1,000 នាក់បានរងរបួស, 58,000 ត្រូវបានផ្លាស់ទីលំនៅ និងផ្ទះចំនួន 22,000 ខ្នងត្រូវបានខូចខាត។លោក Henri Alfiandi ប្រធានទីភ្នាក់ងារស្វែងរក និងសង្គ្រោះថ្នាក់ជាតិ (Basarnas) បាននិយាយថា ការរអិលបាក់ដី បានរារាំងការខំប្រឹងប្រែងជួយសង្គ្រោះកាលពីថ្ងៃអង្គារ។លោក Alfiandi បានប្រាប់អ្នកយកព័ត៌មានថា “បញ្ហាប្រឈមនិងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះអាចមានច្រើនលើសពីនេះ ផ្លូវនៅក្នុងភូមិត្រូវបានខូចខាត” ។លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ជា​កុមារ​ដែល​បាន​ចូលថ្នាក់​រៀន​នៅ​ពេល​មាន​គ្រោះ​រញ្ជួយ​ដី។​ ក្រុមមន្ត្រីបាននិយាយថា អ្នកស្លាប់ជាច្រើននាក់ដោយសារអគារដែលសាងសង់មិនសូវល្អបានដួលរលំ។

ប្រធានាធិបតី Joko Widodo បានធ្វើដំណើរទៅកាន់ទីក្រុង Cianjur កាលពីថ្ងៃអង្គារ ដើម្បីលើកទឹកចិត្តអ្នកជួយសង្គ្រោះ។លោកបាននិយាយថា “ខ្ញុំបានណែនាំអោយផ្តល់អាទិភាពយកជនរងគ្រោះនៅតែជាប់នៅក្រោមគំនរបាក់បែក”។

អ្នករស់រានមានជីវិតបានប្រមូលផ្តុំគ្នាពេញមួយយប់នៅចំណតរថយន្តមន្ទីរពេទ្យ Cianjur ។ អ្នករបួសខ្លះត្រូវបានព្យាបាលនៅក្នុងតង់ ខ្លះទៀតព្យួរសេរ៉ូមនៅលើចិញ្ចើមផ្លូវ ខណៈដែលបុគ្គលិកពេទ្យខ្លះបានដេររបួសអ្នកជំងឺនៅក្រោមភ្លើងពិល។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញដោយការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួន និងមានការរញ្ជួយដីចំនួន 145 លើក ដោយក្រុមមន្ត្រីបានព្រមានថា ការរអិលបាក់ដីអាចនឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ សូមរំឭកផងដែរថាក្នុងឆ្នាំ 2004 មានការរញ្ជួយដីកម្រិត 9.1 រ៉ិចទ័រនៅកោះស៊ូម៉ាត្រាភាគខាងជើងប្រទេសឥណ្ឌូនេស៊ីបានបង្កឱ្យមានរលកយក្សស៊ូណាមិដែលបានវាយប្រហារប្រទេសចំនួន 14 ដោយបានសម្លាប់មនុស្សជាង២២ម៉ឺននាក់។

ប្រភព៖ Reuters ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

Share

Image
Image
Image