ភ្នំពេញ៖ ថ្លែងនៅចំពោះមុខរដ្ឋមន្រ្តីការបរទេសប្រទេសអាស៊ាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងពីស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្នក្នុងតំបន់អាស៊ាន ពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក៏ដូចជានៅក្នុងពិភពលោក ដែលនៅមានភាពផុយស្រួយ និងមិនច្បាស់លាស់។ ការលើកឡើងរបស់សម្តេចនេះ ព្រោះសម្តេចយល់ថាប្រមុខដឹកនាំក្នុងតំបន់អាស៊ានមិនសូវយកចិត្តទុកដាក់ស្តាប់យោបល់គ្នាពីបញ្ហាសន្តិសុខក្នុងតំបន់នៅឡើយទេ។
ការថ្លែងរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ប្រសាសន៍របស់សម្តេច ហ៊ុន សែន៖
សម្រាប់ការសម្រេចបាននូវសន្តិសុខក្នុងតំបន់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានលើកយកយន្តការជាធាតុចូលយ៉ាងហោចណាស់ចំនួន ៥ ដើម្បីឱ្យអាស៊ានមានមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ធាតុចូលទាំង៥នោះរួមមាន៖១/លើកកំពស់តួនាទីប្រមូលផ្តុំកម្លាំងរបស់អាស៊ានក្នុងការដាក់ចេញរបៀបវារៈសំខាន់ៗ បង្កើនសមត្ថភាព ឈានទៅកែប្រែលទ្ធផលនាពេលអនាគត។ ទី២/ គាំទ្ររាល់គំនិតផ្តួចផ្តើមទាំងអស់ដែលមានបំណងចង់អាស៊ាននិងឥណ្ឌូប៉ាស៊ីហ្វិចមានសន្តិភាពនិងស្ថិរភាពដោយមិនប្រឆាំងទៅនឹងប្រទេសណាមួយឡើយ។ទី៣/ ពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើសន្តិសុខនិងការពារជាតិដោយផ្អែកលើសន្តិសុខនិងសុខុមាលភាពប្រជាជនជាចំណុកស្នូរ។ទី៤/គឺសហការគ្នាផ្តល់ការយកចិត្តទុកដាក់លើបញ្ហាសុខុមាលភាព និងអាកាសធាតុក្នុងតំបន់ ខណៈអាស៊ាននិងនៅលើពិភពលោកនៅតែរងការយាយីជំងឺអុតត្បាតកូវីដ១៩និងការប្រែប្រួលអាកាសធាតុសកល។និងទី ៥ ចុងក្រោយ សម្តេចអំពាវនាវឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ត្រូវយកចិត្តសហការគ្នាឱ្យបានជិតស្និត ខណៈការគម្រាមកំហែងឆ្លងដែននូវតែជាក្តីកង្វល់សម្រាប់ពិភពលោក៕