HONIARA៖ យោងតាម C N A គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារកោះ Solomon នៅថ្ងៃអង្គារ ២២ វិច្ឆិកា។ការរញ្ជួយដ៏ខ្លាំងនេះបានធ្វើអោយញ័ររង្គើធ្លាក់ទូរទស្សន៍ និងរបស់របរផ្សេងៗទៀតទៅលើដី។
Joy Nisha អ្នកទទួលភ្ញៀវនៅសណ្ឋាគារ Heritage Park ក្នុងរដ្ឋធានី Honiara បានប្រាប់ AFP ថា “នេះគឺជារឿងដ៏ធំមួយ” ។ “របស់របរមួយចំនួននៅក្នុងសណ្ឋាគារបានរង្គើធ្លាក់ចុះមកលើកម្រាលឥដ្ឋ។ គ្រប់គ្នាហាក់ដូចជាមិនអីទេ ប៉ុន្តែមានការភ័យស្លន់ស្លោ។”
អ្នកយកព័ត៌មាន AFP ម្នាក់នៅរដ្ឋធានីបាននិយាយថា ការរញ្ជួយនេះមានរយៈពេលប្រហែល ២០ វិនាទី។រចន្តអគ្គិសនីបានដាច់នៅក្នុងតំបន់មួយចំនួននៃទីក្រុង ហើយប្រជាជនបានចាកចេញពីការិយាល័យរបស់ពួកគេ ហើយភៀសខ្លួនទៅកាន់ទីទួលខ្ពស់។ការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងកម្រិតនៃការរញ្ជួយដីនេះថាពីដំបូងមានកម្រិត 7.3 រ៉ិចទ័រ។
ជាមួយគ្នានេះអាជ្ញាធរបានព្រមានអំពីរលកយក្សស៊ូណាមិអាចកើតមានឡើងនៅតំបន់ឆ្នេរសមុទ្ររបស់កោះ Solomon ក្នុងចម្ងាយ 300 គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយផែនដី។
សូមបញ្ជាក់ផងដែរថាបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ពីការខូចខាតនៃគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ នៅកោះជ្វាខាងលិច (West Java) កាលពីរសៀលថ្ងៃចន្ទថាបានធ្វើឱ្យ ចំនួនមនុស្សស្លាប់បានកើនដល់ ១៦២នាក់ហើយ និងរាប់រយនាក់ផ្សេងទៀតរងរបួស។
ប្រភព៖ C N A ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២