ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារជាសំឡេងលើទំព័រហ្វេសប៊ុករបស់សម្តេចកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយថ្លែងព្រួយបារម្ភដល់សុខភាពមេដឹកនាំនានាដែលបានប្រាស្រ័យទាក់ទងជាមួយសម្តេចក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាកាលពីសប្តាហ៍មុន។
ការថ្លែងដាក់ការព្រួយបារម្ភនេះ បន្ទាប់សម្តេច ហ៊ុន សែន ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា មុនពេលសម្តេចនិងក្រុមប្រតិភូកម្ពុជាត្រៀមចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ប្រសាសន៍របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន
សម្ដេច ហ៊ុន សែន បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។ នៅពេលត្រៀមចូលរួមកិច្ចប្រជុំប្រទេសG20 គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចត្រូវបានជូនដំណឹងថា មានវិជ្ជមានកូវីដ១៩ ហើយសម្តេចក៏សម្រេចដឹកនាំក្រុមមន្រ្តីត្រឡប់មកកម្ពុជាវិញនៅថ្ងៃដដែលនោះ។
គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រមុខរដ្ឋ និងរដ្ឋាភិបាល G20 លើកទី ១៧ ប្រព្រឹត្តទៅនៅថ្ងៃទី ១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ មេដឹកនាំធំៗដែលមានវត្តក្នុងកិច្ចប្រជុំមាន ប្រទេស ចិន អង់គ្លេស កាណាដា ជប៉ុន ឥណ្ឌា អូស្រ្តាលី កូរ៉េងខាងត្បូងអាល្លឺម៉ង បារាំង អាព្រិចខាងត្បូង អារ៉ាប៊ីសាអូឌីត តួគី អាហ្សង់ទីន ម៉ិកស៊ិក ប្រេស៊ីល និងអ៊ីតាលី។ ចំណែកមេដឹកនាំប្រទេស រុស្ស៊ីលោកពូទីន និងលោក ស៊ែឡេស្គី មេដឹកនាំអ៊ុយក្រែន មិនបានចូលរួមផ្ទាល់នោះទេ ដោយចាត់តំណាងរបស់ខ្លួនឱ្យចូលរួមកិច្ចប្រជុំនេះ។
ដោយឡែកលោក ចូកូ វីដូដូ មេដឹកនាំឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺមានវត្តមានផ្ទាល់តែម្តង ហើយស្ថានភាពសុខភាពមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ។នេះបើតាមទូរទស្សន៍ឥណ្ឌា ND TV ចុះផ្សាយ៕