លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលប្រកាសមិនឱ្យប្រជាពលរដ្ឋភ័យ រឿងកង្វះថាមពលអគ្គិសនីប្រើប្រាស់ ខណៈកម្ពុជាមានអគ្គិសនីជាង៤ពាន់មេហ្កាវ៉ាត់ ហើយប្រើប្រាស់ប្រចាំថ្ងៃអស់តែជាង២ពាន់មេហ្គាវ៉ាត់ តែទន្ទឹមនឹងនេះមានភូមិជាង២០០ទៀតក្នុងប្រទេសកម្ពុជា មិនទាន់មានអគ្គិសនីប្រើ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា កម្ពុជានឹងមិនខ្វះភ្លើងប្រើប្រាស់ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់លោក ខណៈចូលរួមក្នុងកិច្ចសន្ទនា ស្ដីពី “ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម” នៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃប្រើអស់តែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ។ ចំនួននេះកើនឡើង៦០% បើគិតចាប់ពីឆ្នាំ២០១៨ មក។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុយ សែម ដដែល។ លោកថាកម្ពុជានៅសល់អគ្គិសនីជាងពាក់កណ្ដាលទៀត បើងាកទៅមើលការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដោយឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនីចំនួន ២,៦៥០មេហ្កាវ៉ាត់ ប៉ុន្ដែមកដល់បច្ចុប្បន្ននៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់។
តែយ៉ាងណា បើតាមលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលបានថ្លែងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅថា ជាង៧៣ភាគរយ នៃអគ្គិសនីកម្ពុជា ជាប្រភពដែលអភិវឌ្ឍបានក្នុងស្រុក ហើយប្រភពអគ្គិសនីជាង ២៦ភាគរយទៀត ជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង។
បែបនេះក្ដីនាយករដ្ឋមន្ដ្រីកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅដែរ បានអំពាវនាវទាំងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋ សន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី ទោះកម្ពុជាមិនទាន់ឈានដល់មានវិបត្តិថាមពលប្រើប្រាស់ក៏ដោយ។ មូលហេតុដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យតម្លៃអគ្គិសនី នៅតាមបណ្ដាប្រទេសមួយចំនួនកើនឡើង ស្របពេលពិភពលោកកំពុងឈានដល់វិបត្តិខ្វះខាតថាមពល។
នាយករដ្ឋមន្ដ្រីក៏បានរំលេចឱ្យឃើញថា ក្នុងឆ្នាំ២០២២នេះ អគ្គិសនីកម្ពុជាខាតបង់ជាង១០០លាន ដុល្លា។ ការខាតបង់នេះ នាយករដ្ឋមន្ដ្រីចាត់ទុកថា ជាលើកទី១ក្នុងប្រវត្តិសាស្ដ្រកម្ពុជា។
ទោះបីរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលប្រកាសមិនឱ្យភ័យរឿង ខ្វះអគ្គិសនីប្រើប្រាស់ តែនៅក្នុងប្រទេសកម្ពុជា មានភូមិចំនួន២៤៥ ភូមិទៀត ស្មើ១.៧៣ភាគរយ មិនទាន់មានអគ្គិសនីប្រើប្រាស់។ នេះបើយោងទៅតាមការបញ្ជាក់ប្រាប់ពីក្រសួងរ៉ែ និងថាមពលដដែល៕