en     km
en     km

មន្ត្រីព័ត៌មានបំភ្លឺករណីមិនអនុញ្ញាតអ្នកកាសែតខ្លះចូលរួមសន្និសីទរបស់នាយករដ្ឋមន្រ្តីស្របពេលរងការរិះគន់ពីការរើសអើងនិងរឹតត្បឹតអ្នកសារព័ត៌មាន

Share

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន VOD និងVOAចូលរួមសន្និសីទកាសែតរបស់នាយករដ្ឋមន្រ្តី ព្រោះពាក់ព័ន្ធការរៀបចំតាមបែបបទពិធីការដែលត្រូវជ្រើសរើសអ្នកកាសែតចូលរួមមានតាមចំនួនកំណត់។ តែយ៉ាងណា ស្ថាប័នធ្វើការងារលើផ្នែកព័ត៌មាននិងអ្នកសារព័ត៌មានពាក់ព័ន្ធរឿងនេះយល់ថា នេះជារូបភាពរើសអើងនិងរឹតត្បឹតដល់អ្នកសារព័ត៌មាន។

(លោក កែវ សុខា ជូនសេចក្តីរាយការណ៍ពីព័ត៌មាននេះ)

 

 

កញ្ញា ប៉ា សុខេង  អ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី(VOD) និងលោក ស៊ុន ណារិន អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក វីអូអេ(VOA) មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសន្និសីទកាសែតរបស់សម្តេច ហ៊ុន សែន ជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះទេ ដោយអ្នកនាំពាក្យក្រសួងព័ត៌មានថា អ្នករៀបចំ ធ្វើតាមបែបបទពិការដោយមិនអាចអនុញ្ញាតឱ្យអ្នកកាសែតបានចូលរួមបានទាំងអស់គ្នានោះទេ។ នេះបើតាមលោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីករណីនេះត្រូវបានស្ថាប័នធ្វើការងារលើផ្នែកព័ត៌មានរិះគន់ថា កំពុងធ្វើឱ្យអ្នកប្រកបវិជ្ជាជីវៈនេះ លំបាកធ្វើការដោយមានសេរីភាពនៅកម្ពុជា។

រូបភាពអ្នកសារព័ត៌មានដែលចូលរួមសន្និសីទកាសែត។

 

បើតាមលោក ផុស សុវណ្ណ ដដែលបន្តថា ការរៀបចំកម្មវិធីអ្វីមួយត្រូវមានបែបបទនិងការកំណត់ច្បាស់លាស់ ព្រោះដើម្បីរក្សាបានដំណើរការប្រព្រឹត្តិទៅបានដោយរលូននិងមានសណ្តាប់ធ្នាប់។ លោកបន្ថែមថា ការជ្រើសរើសអ្នកកាសែតចូលរួមការសួរសំណួរក្នុងសន្និសីទកាសែតគឺត្រូវផ្អែកលើមូលដ្ឋាននៃការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ព្រោះថាកម្មវិធីនៅថ្ងៃនោះមានអ្នកកាសែតចូលរួមជាងមួយពាន់នាក់ឯណ្ណោះ។

យ៉ាងណាឆ្លើយតបនឹងការរិះគន់ថា រូបភាពនេះជាផ្នែកមួយនៃការរើសអើងនិងរឹតត្បឹតសេរីភាពសារព័ត៌មានលោក ផុស សុវណ្ណ មិនទោមនស្សចំពោះការលើកឡើងនោះទេ ព្រោះថាជាទស្សនៈយល់ឃើញរបស់មជ្ឈដ្ឋានដែលមាននិន្នាការផ្សេងៗគ្នា។

លោក ផុស សុវណ្ណ៖«មានការសុំមុន តែសុំមុនក៏មិនប្រាដកថាបានទាំងអស់ដែរ យើងជ្រើសរើសទៀត ដូចតែស្ថានទូតអាមេរិកធ្វើដែរហ្នឹង។ តែVOA,VOD គាត់ចេះតែយករឿងនេះមកនិយាយក៏និយាយទៅខ្ញុំមិនថាអីទេ សិទ្ធិគាត់អ្នកនិយាយហ្ហើយ។ប៉ុន្តែខ្លួនឯងនៅក្នុងVOA,VODហ្នឹង គ្រប់រឿងទាំងអស់ស្អីក៏ដោយក៏គាត់ទាញមកចូលបញ្ហាហ្នឹងដែរ តែខ្ញុំចង់ឱ្យយករបាំងបច្ចេកទេសផ្សេងៗទៀតមកនិយាយឱ្យគិតគូរពីខាងគេមកនិយាយ ចុះយើងយកព័ត៌មានជាមួយមេដឹកនាំនានាថាមកពីលោកខាងលិចដូចជាអាមេរិកគេធ្វើម្ត៉េច វាទាក់ទងគេឱ្យស្អីខ្លះ គេឱ្យទៅលើអាទិភាពសន្តិសុខ អាទិភាពពិធីការ យើងថារឹតត្បឹតយ៉ាងម៉្តេច អាទិភាពសណ្តាប់ធ្នាប់អីចឹងដែរ​​»។

ប៉ុន្តែសម្រាប់លោក ស៊ុន ណារិន អ្នកសារព័ត៌មាន VOA ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលរួមសន្និសីទកាសែតគ្រាននោះសម្តែងការខកចិត្ត ព្រោះស្ថាប័នលោកបានចុះឈ្មោះចូលរួមកិច្ចប្រជុំនេះតាំងពីដំបូងរហូតអ្នករៀបចំដាក់លើលេខរៀងទី ៥ ក្នុងចំណោមអ្នកកាសែតជាងមួយពាន់នាក់។ លោកបន្ថែមថា ទង្វើនេះអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតថា អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានៅតែទទួលរងការរើសអើងនិងរឹតត្បឹត។

លោក ស៊ុន ណារិន៖«បាទ!គឺជាការរើសអើងហើយជាការរឹតត្បឹតហ្មង មិនឱ្យស្ថាប័ននេះចូលស្ថាប័ននោះចូល។រឹតត្បឹតគឺមានន័យថា សារព័ត៌មានដែលឯករាជ្យត្រូវបានរឹតត្បឹតមិនឱ្យចូលទេ ព្រោះខ្លាចមានការរាយការណ៍ប៉ះពាល់ដល់នាយករដ្ឋមន្រ្តីនិងស្ថាប័នរដ្ឋាភិបាល។ កម្មវិធីរបស់នាយករដ្ឋមន្រ្តីយើងក៏មិនទាន់ច្បាស់ហេតុផលដែរ តែកម្មវិធីកាលពីថ្ងៃអាទិត្យគឺច្បាស់មែនទែន គឺមិនមែនមកពីការអស់កាត មិនមែនថាមានអ្នកកាសែតច្រើនអត់មានកន្លែងអង្គុយមិនមែនទេ គឺមានគោលបំណងមិនឱ្យចូលតែម្តង​»។

ជុំវិញរឿងនេះ ស្ថាប័នធ្វើការងារលើផ្នែកសារព័ត៌មានបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយយល់ឃើញថា ករណីនេះស្តែងឱ្យឃើញពីការរើសអើងចំពោះអ្នកសារព័ត៌មានតាមស្ថាប័នមួយចំនួន។

សេចក្តីថ្លែងការណ៍រួមរបស់មជ្ឈមមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJa) និងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា ​(OPCC) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានបន្ថែមលើករណីនេះថា ការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន VOD និង VOA​ចូលរួមកម្មវិធីនេះ គឺគ្មានហេតុផលសមរម្យដែលត្រូវបដិសេធ ស្របពេលដែលពួកគេមានចុះឈ្មោះ និងស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង១០ដំបូង​គេ​ ដែល​បាន​ចុះ​ឈ្មោះចូលរួមសន្និសីទកាសែតនោះ។ជាងនេះ អ្នកសារព័ត៌មាន VOD និង VOA ក៏មាន​បណ្ណសារព័ត៌​មាន​ដែលចេញដោយក្រសួងព័ត៌មានផងដែរ៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង