ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជាសម្ដេច ហ៊ុន សែន បានឆ្លងកូវីដ១៩ ក្រោយតេស្ដសំណាកនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើផ្អែកតាមហ្វេសប៊ុកនាយករដ្ឋមន្ដ្រីបង្ហោះនៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ។
សម្ដេច ហ៊ុន សែន បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅកោះបាលីឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។ ផ្អែកតាមសំណេរលើហ្វេសប៊ុកសម្ដេច បញ្ជាក់ថា មុនចេញពីកម្ពុជាសម្ដេចបានធ្វើតេស្តរហ័សមុនឡើងយន្តហោះដោយពុំមានរកឃើញរោគសញ្ញាកូវីដ១៩អ្វីនោះឡើយ។
ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមកិច្ចប្រជុំ G20 សម្ដេច ហ៊ុន សែន បានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ សម្ដេចបានបន្ថែមថា តំណាងប្រទេសអាស៊ាន ដែលត្រូវចូលរួម គឺសម្ដេចកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។
វិទ្យុស្រ្តីពុំទាន់អាចទាក់ទងសុំព័ត៌មានបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាលបានជុំវិញវិធានការធ្វើចត្តាឡីស័ករបស់ក្រុមមន្រ្តីកម្ពុជានិងមន្រ្តីដែលពាក់ព័ន្ធក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាទើបបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះបាននៅឡើយទេនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ។
ចំណែកអ្នកនាំពាក្យនិងមន្រ្តីក្រសួងការបរទេសក៏មិនអាចសុំការឆ្លើយតបពីការអាក់ខានរបស់កម្ពុជាក្នុងកិច្ចប្រជុំប្រទេស G20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំAPEC នៅប្រទេសថៃផងដែរ។
តែបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលឱ្យដឹងថា កម្ពុជានឹងអាចចាត់តាំងតំណាងជំនួយសម្តេច ហ៊ុន សែន ឡើងថ្លែងសុន្ទរកថារបស់នាយករដ្ឋកម្ពុជា។ទាក់ទងនឹងគម្រោងចុះកិច្ចព្រមព្រៀងផ្សេងៗវិញលោក ផៃ ស៊ីផាន ថាអាចពិនិត្យមើលលទ្ធភាពពេលក្រោយ។ តែលោកដាក់ការសន្និដ្ឋានថា សម្តេច ហ៊ុន សែន អាចទំនងមានជំងឺផ្តាសាយច្រើនជាងជំងឺកូវីដ១៩ ព្រោះគួបផ្សំការអស់កម្លាំងផង ខណៈលោកថាម៉ាស៊ីនតេស្តកូវីដ១៩ ខ្លះអាចមានភាពមិនល្អិតល្អន់។
ប្រសាសន៍ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
តែបើតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីបញ្ជាក់ថា ជំនួបគ្រោងទុករបស់សម្ដេច ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង នៅប្រទេសថៃ នាពេលប្រជុំAPEC គឺត្រូវអាក់ខាន។ យ៉ាងណាជាការឆ្លើយតបភ្លាមៗ សម្ដេចគ្រោងត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ និងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ។ ។នេះបើយោងទៅតាមការឱ្យដឹងពីសម្ដេចដដេលលើទំព័រហ្វេសប៊ុក៕