BBC៖ យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានស្លាប់ និង៨១នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅទីប្រជុំជនមួយកន្លែងស្ថិតនៅកណ្តាលទីក្រុង Istanbul ក្នុងប្រទេសទួរគីកាលពីថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរទួរគី។
(កញ្ញា កែវ សុជាតា ជូនសេចក្តីបែ្រសម្រួលព័ត៌មាននេះ)
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២២នេះបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅលើដងផ្លូវមួយកន្លែងដែលមានមនុស្សម្នាដើរឆ្លងកាត់យ៉ាងច្រើនកុះករក្នុងតំបន់ Taksim Square ក្នុងប្រទេសទួរគី។
លោកអនុប្រធានាធិបតីទួរគី Fuat Oktay ចាត់ទុកការបំផ្ទុះគ្រាប់បែកអត្តឃាតនេះថា ជាការវាយប្រហារបែបភេរវកម្មដែលធ្វើឡើងដោយស្ត្រីម្នាក់។
ដោយឡែកតាមការបំភ្លឺពីលោក Bekir Bozdag រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី បញ្ជាក់បន្ថែមប្រាប់សារព័ត៌មានក្នុងស្រុកថា ស្ត្រីម្នាក់ដែលត្រូវបានសង្ស័យក្នុងករណីនេះ នាងបានអង្គុយលើកៅអីមួយទីតាំងកើតហេតុការណ៍ជាង ៤០នាទី ហើយនាងបានចាកចេញប៉ុន្មាននាទី មុនពេលគ្រាប់បែកបានផ្ទុះឡើង។
ជាមួយគ្នានេះលោក Suleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីបានគូសបញ្ជាក់បន្ថែមនៅព្រឹកថ្ងៃចន្ទនេះថា ស្រ្តីជាជនសង្ស័យដែលបានបំផ្ទុះគ្រាប់បែកនោះ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយសមត្ថកិច្ចសង្ស័យថាជាស្នាដៃរបស់គណបក្សពលករឃឺដ(PKK)។
បើតាម BBC រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ។
ជុំវិញរឿងនេះដែរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅក្នុង tweet ជាភាសាទួរគីថា ការឈឺចាប់របស់ប្រពលរដ្ឋស្លូតត្រង់ក្នុងប្រទេសទួរគី ក៏ជាការឈឺចាប់របស់អ៊ុយក្រែន ដូចគ្នា។
ចំណែកបណ្តាប្រទេសមួយចំនួនទៀតមាន បារាំង ប៉ាគីស្ថាន អ៊ីតាលី និងក្រិក បានចូលរួមរំលែកទុក្ខនូវសោនាវកម្មនេះផងដែរ។
សូមបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកនៅប្រទេសទួរគីមិនមានជារឿងថ្មីនោះទេ ព្រោះកាលពីឆ្នាំ២០១៦ ប្រទេសនេះ ធ្លាប់មានករណីបំផ្ទុះគ្រាប់បែកនេះដូចគ្នានៅលើដងផ្លូវដ៏មមាញឹកមួយកន្លែងលើផ្លូវ Istiklal៕