ភ្នំពេញ៖ លោក ស្វាយ សំណាង និងលោក ហ៊ុន វណ្ណៈ ជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈបានបញ្ជាក់ជំហរថា ពួកគេមិនរត់គេចខ្លួនពីការតាមរករបស់សមត្ថកិច្ចនោះទេ ខណៈសមត្ថកិច្ចកំពុងសង្ស័យថា ពួកគេទាំងពីរម្នាក់បានធ្វើឱ្យស្រ្តីពីរនាក់មានផ្ទៃពោះដោយមិនទទួលខុសត្រូវ។
លោក ស្វាយ សំណាង ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២២នេះថា ពួកគេមិនរត់គេចខ្លួនទៅណាឡើយ បើទោះបីជាកំពុងស្ថិតនៅក្រោមការតាមរករបស់សមត្ថកិច្ចសង្កាត់ទួលសង្កែទី១ ដែលកំពុងសង្ស័យពួកគេថា បានធ្វើឱ្យស្រ្តីចំនួនពីរនាក់មានផ្ទៃពោះហើយរត់គេចពីការទទួលខុសត្រូវ។
លោក ស្វាយ សំណាង ចាត់ទុកករណីថ្មីនេះថា ជារូបភាពមួយដើម្បីគម្រាមបំបាក់ស្មារតីពួកគេដែលកំពុងតស៊ូមតិទាមទារឱ្យមានការដោះលែងកញ្ញា សេង ធារី ពីពន្ធនាគារ។
លោក ស្វាយ សំណាង៖«ទាក់ទងករណីនេះ យើងមិនបានប្រព្រឹត្តិណ៍ហើយការចោទប្រកាន់នេះ ជាការចោទប្រកាន់ឆ្កួតលីលាបំផុតចំពោះករណីនេះ។ ចឹងដោយសារយើងមិនបានប្រព្រឹត្តិយើងរក្សាជំហរនៅទីហ្នឹងយើងមិនបានទៅណាទេ ដើម្បីបញ្ជាក់ថាយើងជាជនស្អាតស្អំ»។
តាមលោក ស្វាយ សំណាង បញ្ជាក់ថា កាលពី ថ្ងៃទី១៣ ខែ វិច្ឆិកា អាជ្ញាធរសង្កាត់ទួលសង្កែទី១ បានចុះមកទីតាំងផ្ទះជួលរបស់លោកនៅសង្កាត់ ទួលសង្កែទី១ ប៉ុន្តែ មិនបានជួប។ លោកថា អាជ្ញាធរបាន សាកសួរ អ្នកស្នាក់នៅជិតខាងលោក និងបានបង្ហាញរូបថតនារីជាច្រើនសន្លឹកដោយបញ្ជាក់ថា លោក ស្វាយ សំណាង និង លោក ហ៊ុន វណ្ណៈ បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈរួចគេចខ្លួន។
ទាក់ទងរឿងនេះវិទ្យុស្រ្តីមិនអាចទាក់ទងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ និងអធិការខ័ណ្ឌឫស្សីកែវបាននៅឡើយទេនៅថ្ងៃនេះ ព្រោះលេខទំនាក់ទំនងបានបិទ។
ជាការកត់សម្គាល់ ករណីថ្មីដែលសមត្ថកិច្ចកំពុងចោទប្រកាន់មកលើក្រុមយុវជនខ្មែរថាវរៈនេះ កើតឡើងបន្ទាប់ពីពួកគេ បានចេញមុខធ្វើកូដកម្មបង្អត់អាហាររយៈពេល ១ ស ប្តាហ៍ ដើម្បី ទាមទាររកយុត្តិធម៌ ជូន អ្នកទោស មនសិការ និង ទាមទារឱ្យមានការដោះលែង កញ្ញា សេង ធារី។
ជាការកត់សម្គាល់ដាចដោយឡែកមួយទៀត ក្នុងអំឡុងពេលនៃការបង្អត់អាហារនោះ ពួកគេក៏ធ្លាប់ប៉ះទង្គិចជាមួយអាជ្ញាធរដោយពាក្យសម្តីតឹងសរសៃកផងដែរ នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ ដោយសមាជិកក្រុមខែ្មរថាវរៈបានចោទអាជ្ញាធរថា បានបិទទឹកនិងបង្គន់សាធារណៈមិនឱ្យពួកគេប្រើនៅពេលយប់៕