en     km
en     km

លោកZelensky ចោទទាហានរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅ Kherson

Share

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងថាក្រុមអ្នកស៊ើបអង្កេតបានរកឃើញអំពើឧក្រិដ្ឋកម្មសង្គ្រាមជាង ៤០០ករណីនៅក្នុងតំបន់ Kherson ពេលកងទ័ពរុស្ស៊ីបានដកថយ។លោក Zelensky បានថ្លែងថាបានរកឃើញ សាកសពជនស៊ីវិលនិងទាហាននៅទីនោះ។BBC មិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់នេះបានទេ។ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធថាកងទ័ពរបស់ខ្លួនមិនមានចេតនាកំណត់គោលដៅលើជនស៊ីវិលនោះទេ។​

លោក Zelensky បានថ្លែងតាមរយៈវីដេអូពេលយប់ថា “នៅក្នុងតំបន់ Kherson កងទ័ពរុស្ស៊ីបានបន្សល់ទុកនូវអំពើឃោរឃៅដូចគ្នានឹងតំបន់ផ្សេងទៀតនៃប្រទេសរបស់យើង” ។យើង​នឹងស្វែងរកនិងនាំយក​ឃាតកមក​​កាត់​ទោស។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ផ្នូរសាកសពដ៏ធំត្រូវបានគេរកឃើញនៅក្នុងតំបន់ជាច្រើនរួមមាន Bucha, Izyum និង Mariupol ។ អ៊ុយក្រែន​បាន​ចោទ​ទាហាន​រុស្ស៊ី​ថា​នៅ​ពី​ក្រោយ​អំពើ​ឃោរឃៅ​នេះ។

គណៈកម្មាការអង្គការសហប្រជាជាតិមួយកាលពីខែមុនបាននិយាយថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ហើយថា”ភាគច្រើន” កងកម្លាំងរុស្ស៊ីជាអ្នកទទួលខុសត្រូវ នៃការរំលោភសិទ្ធិមនុស្សនៅពេលចាប់ផ្តើមការឈ្លានពាន។

តំបន់Kherson គឺជាទីក្រុងតែមួយដែលរុស្ស៊ីបានកាន់កាប់ចាប់តាំងពីខែកុម្ភៈ។តំបន់ Kherson រួមជា​មួយ​នឹងបីផ្សេងទៀត ត្រូវបានប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនប្រកាសដាក់ជាផ្នែកមួយនៃប្រទេសរុស្ស៊ីនៅខែ​

កញ្ញា។ប៉ុន្តែទីក្រុង Kherson ត្រូវបានរំដោះដោយកងទ័ពអ៊ុយក្រែនកាលពីថ្ងៃសុក្រ។ ហ្វូង​ប្រជាជន​អ៊ុយក្រែន​បាន​គ្រវី​ទង់ជាតិ​​ស្វាគមន៍​ទាហាន​​ទីក្រុង Kyiv ដោយ​ការ​ឱប​ថើប។

ទាហានរុស្ស៊ីប្រមាណ 30,000 នាក់(៣ម៉ឺននាក់)បានដកថយពីទីក្រុង Kherson ហើយក្រុមមន្ត្រីអុយក្រែនបានវិលត្រឡប់ទៅគ្រប់គ្រងទីក្រុង Kherson វិញ។

មានការភ័យខ្លាចថា នេះជាកលល្បិចរបស់ទាហានរុស្សី ខណៈដែលអ្នកដែលបានជួយរុស្សីក្នុងការកាន់កាប់តំបន់នេះត្រូវទទួលការកាត់ទោស។លោក Zelensky បាននិយាយថាកងកម្លាំងអ៊ុយក្រែនកំពុងតភ្ជាប់អ៊ីនធឺណិត និងទូរទស្សន៍ឡើងវិញ ខណៈដែលការផ្គត់ផ្គង់អគ្គិសនី និងទឹកនឹងត្រូវបានជួសជុល “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ មានការបារម្ភថា ទាហានរុស្ស៊ីពេលនេះកំពុងជីកលេនដ្ឋាននៅច្រាំងទន្លេ Dnipro ហើយអាចនឹងបាញ់ផ្លោង​ឡើងវិញ។មន្រ្តី Kherson បានហាមឃាត់ការដឹកជញ្ជូនតាមដងទន្លេចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 19 ខែវិច្ឆិកា។គ្រាប់រំសេវ និងគ្រឿងយុទ្ធភ័ណ្ឌរបស់រុស្សីនៅរាយពាសពេញតំបន់ Kherson ហើយអ្នកស្រុកដែលបានភៀសខ្លួនត្រូវបានហាមកុំឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញរហូតដល់ផ្ទះរបស់ពួកគេត្រូវបានត្រួតពិនិត្យរកគ្រាប់មីន ឬអន្ទាក់ជាមុនសិន។ អភិបាលក្រុង Kherson លោក Yaroslav Yanushevych បានប្រាប់ពលរដ្ឋឱ្យជៀសវាងកន្លែងដែលមានមនុស្សច្រើន ហើយនៅឱ្យឆ្ងាយពីកណ្តាលទីក្រុងនៅថ្ងៃច័ន្ទ ពីព្រោះយោធាកំពុងដោះមីននៅទីនោះ។

ប្រភព៖ BBC News ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២

Share

Image
Image
Image