អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា គណៈប្រតិភូមកពីបណ្ដាប្រទេសសមាជិកអាស៊ាន និងបណ្ដាប្រទេសដៃគូអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំដ៏ធំនេះ ដោយនាំភរិយារបស់ខ្លួនមកជាមួយផងដែរ។ ពេលស្វាមីជាប់ប្រជុំ តើភរិយារបស់មេដឹកនាំនៃប្រទេសទាំងនោះបានធ្វើដំណើរទៅណាខ្លះក្នុងប្រទេសកម្ពុជា?
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ផ្អែកតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានឱ្យដឹងនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី ខេង សំវ៉ាដា ភរិយារបស់លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស បានដឹកនាំភរិយា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន និងដៃគូដែលចូលរួមកំពូលកិច្ចប្រជុំ ទៅទស្សនាពិព័រណ៍រូបថត ស្តីពីការរួមចំណែករបស់កម្ពុជានៅក្នុងសហគមន៍អាស៊ាន។ ក្រៅពីនេះបានទស្សនាពិព័រណ៍ផលិតផលខ្មែរ ទស្សនាបណ្ណាល័យសម្តេចម៉ែ ទស្សនាព្រះវិហារព្រះកែវមរកត និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅដំណាក់សិរីមង្គល។
ភរិយាមេដឹកនាំដែលបានចូលបង្គំគាល់ព្រះមហាក្សត្រី រួមមានលោកស្រី អ៊ីរីយ៉ាណា ចូកូ វីដូដូ (Iriana Joko Widodo) ភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី, លោកស្រី ស៊ីចាញ វិផាវាញ (Sichanh Viphavanh) ភរិយានាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកស្រី លូស៊ី អារានេតា ម៉ាកូស(Mrs. Louise Araneta Marcos) ភរិយានាយករដ្ឋមន្រ្តីសាធារណរដ្ឋហ្វីលីពីន, លោកស្រី ណារ៉ាផន ចាន់អូចា (Naraporn Chan-o-cha) ភរិយានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងលោកស្រី ហ៊ីលហ្គាដ ច្វាប់ ស្ដូល (Hildegard Schwab-Stoll) ភរិយាស្ថាបនិក និងប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងបន្ថែមថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ខេង សំវ៉ាដា បានបន្ដដឹកនាំភរិយាប្រមុខរដ្ឋ និងរដ្ឋាភិបាលធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដែលគណៈប្រតិភូទាំងអស់បានទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង Artisans Angkor។ យ៉ាងណាប្រភពបានរំលេចឱ្យឃើញថា ចំពោះការធ្វើទស្សនកិច្ច នៅខេត្តប្រវត្តិសាស្ដ្រ និងគោលដៅទេសចរណ៍កម្ពុជាមួយនេះ ក៏មានការចូលរួមពីភរិយានាយករដ្ឋមន្ដ្រីជប៉ុន លោកស្រី គីស៊ីដា យូកូ (Mrs. Kishida Yuko) និងលោកស្រី អាមេលៀ ឌឺបៅដ្រេងហៀន (Amélie Derbaudrenghien) ភរិយាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។
សូមជម្រាបថា នេះជាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រមុខរដ្ឋ និងរដ្ឋាភិបាលមួយចំនួន រួមជាមួយភរិយា ក៏បានចាកចេញពីទឹកដីកម្ពុជា ក្រោយកិច្ចប្រជុំនេះបានបញ្ចប់ កាលពីថ្ងៃម្សិលមិញ៕