ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការទេសកម្ពុជាជុំវិញលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ បានឱ្យដឹងពីកិច្ចសហការរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិដែលទទួលបានជោគជ័យលើចំណុចសំខាន់ៗមួយចំនួននាពេលកន្លងមក។
ក្នុងនោះមានកិច្ចសហការអនុវត្តដំណើរការសាលាក្តីខ្មែរក្រហម ការសហការរក្សាសន្តិភាពតាមរយៈការបញ្ជូនកងទ័ពមួកខៀវកម្ពុជាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនិងសកម្មភាពមួយចំនួនទៀត។
ក្នុងជំនួបនោះដែរ សម្តេច ហ៊ុន សែន និងលោក Guterres ក៏បានពិភាក្សាលើកិច្ចការសហប្រតិបត្តិការរបស់កម្ពុជានិងUNក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
អ្វីជាពិសេសនោះ នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងអំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាត្រៀមបញ្ចូនកងទ័ពមួកខៀវកម្ពុជាទៅជួយបណ្តុះបណ្តាលអ្នកដោះមីនប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច ហ៊ុន សែន បានស្នើដល់ប្រធានUN ឱ្យបង្កើនជំនួយលើការដោះមីននៅកម្ពុជា ដើម្បីជំរុញឱ្យកម្ពុជាអាចសម្រេចគោលដៅ«កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»និងបានស្នើបញ្ចូលការដោះមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ឆ្លើយតបក្នុងរឿងនេះ លោក Guterres បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់យ់ាងខ្លាំងរបស់សម្តេច ហ៊ុន សែន លើការដោះមីននេះ។ ចំណែកសំណើរបស់កម្ពុជាលោក Guterres បានធានាចំពោះសម្តេច ហ៊ុន សែន ក្នុងការគិតគូតយ៉ាងយកចិត្តទុកដាក់ចំពោះសំណើនិងសំណូមពរ៕