ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន បានសម្រេចអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពី សំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ ដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា។
សេចក្តីថ្លែងការណ៍រួមដដែលបន្តថា អាស៊ានបានផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
ជាមួយគ្នានេះ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបាន កំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕