en     km
en     km

ក្រុមយុវជនខ្មែរថាវរៈត្រូវបានអាជ្ញាធរផ្ដាច់ទឹក និងបន្ទប់ទឹកនៅទីលានប្រជាធិបតេយ្យ

Share

ក្រុមយុវជនខ្មែរថាវរៈ ដែលកំពុងធ្វើយុទ្ធនាការពលិការបង្អត់អាហារនៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ បានផ្សាយផ្ទាល់ជាវីដេអូលើហ្វេសប៊ុករបស់កញ្ញា ឈឿន ដារ៉ាវី ថា អាជ្ញាធរបានបិទទឹក និងបន្ទប់ទឹក នៅលានប្រជាធិបតេយ្យ ដោយមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់នោះទេ។ បើតាមកញ្ញា ឈឿន ដារ៉ាវី ថា ការបិទបន្ទប់ទឹកនេះ ដោយសារអាជ្ញាធរនៅទីលានប្រជាធិបតេយ្យមិននៅ។

តែយ៉ាងណាក្នុងផ្សាយផ្ទាល់របស់កញ្ញា ឈឿន ដារ៉ាវី នោះគេសមត្ថកិច្ចម្នាក់ស្លៀកពាក់ស៊ីវិលបានមកបកស្រាយថា អាជ្ញាធរមិនបានបិទបន្ទប់ទឹកនោះទេ តែការបិទនេះអាចមកពីអ្នកយាមមិននៅ។ បុរសជាមន្រ្តីរូបនេះ បានជជែកតឹងសរសៃកជាមួយក្រុមយុវជនដោយថា ការធ្វើពលិការរបស់ក្រុមយុវជនបានបង្កការលំបាកដល់អាជ្ញាធរដែលត្រូវមកយាមកាមថែរក្សាសុវត្ថិភាពទាំងថ្ងៃទាំងយប់ ព្រោះខ្លាចមានករណីហេតុការណ៍មិនល្អណាមួយទៅលើក្រុមយុវជន។


ជាការកត់សម្គាល់ការបិទបន្ទប់ទឹក និងផ្ដាច់ទឹកនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានបង្ខំឱ្យយុវជនក្រុមខ្មែរថាវរៈ រើតង់របស់ពួកគាត់ចេញពីទីលានប្រជាធិបតេយ្យ។ កាលពីម្សិលមិញដែរសមាជិកយុវតីម្នាក់នៃក្រុមថាវរៈបានបានចូលមន្ទីរពេទ្យដោយសារមានអាការៈឈឺក្បាល ណែនទ្រូង និងថប់ៗដង្ហើម។ តែយ៉ាងណានៅថ្ងៃនេះ កញ្ញា ឈឿន ដារ៉ាវីបានបង្ហោះឱ្យដឹងថា គាត់បានប្រសើរឡើងវិញហើយ។


សូមជម្រាបថា ពហិការបង្អត់អាហាររបស់យុវជនខ្មែរថាវរៈ នឹងធ្វើឡើងរយៈពេល១សប្ដាហ៍ ពោលគឺអំឡុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន ខណៈនេះ មានប្រទេសជាបណ្ដាសមាជិកអាស៊ាន បានបន្ដមកលើទឹកដីកម្ពុជា ជាហូរហែរ។ លើសពីនេះ ពហិការបង្អត់អាហារក្រុមយុជនខ្មែរថាវរៈ ក៏មានបំណងផ្ដល់ដំណឹងដល់មេដឹកនាំកំពូល ជាពិសេសលោក ជូ ប៉ៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលត្រៀមចូលរួមកិច្ចប្រជុំដ៏ធំនេះដែរ។ គោលបំណងធំនៃការធ្វើពហិការ១អាទិត្យ គឺដើម្បីឱ្យតុលាការ និងរាជរដ្ឋាភិបាលដោះលែងសកម្មជន និងអ្នកទោសនយោបាយ មានកញ្ញា សេង ធារីជាដើមដែលកំពុងជាប់ពន្ធធនាគារខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់កញ្ញា ឈឿន ដារ៉ាវី ដែលធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី៕

Share

Image
Image
Image