en     km
en     km

កម្រងជីវិតពិតយុវតី ព្រឿង សុខគន្ធី

Share

MC ៖ ការងារស្ម័គ្រចិត្ត ជាទូទៅមិនទទួលបានកម្រៃអ្វីនោះទេ ប៉ុន្តែជាពន្លកនៃការចាប់ផ្ដើមការងាររបស់យុវវ័យ ពោលគឺរៀនសូត្រពីការអនុវត្ត ទុកជាបទពិសោធលើជំនាញដែលបានរៀន ហើយក៏មានមួយចំនួន គឺជាការងារស្ម័គ្រចិត្តដើម្បីសង្គម ក្នុងនោះក៏មានយុវតី ព្រឿង សុខគន្ធី ផងដែរ។ តើ គន្ធី ជានរណា? នាងស្ម័គ្រចិត្តបំពេញកិច្ចការអ្វីខ្លះដើម្បីសង្គម? តើអ្វីដែលនាងចួលរួមកែប្រែជាវិជ្ជមានអ្វីខ្លះសម្រាប់សង្គម?
កញ្ញា លន់ សុបិន ជម្រាបជូនលោកអ្នកនូវជីវិតការងារជាយុវជនស្ម័គ្រចិត្ត ព្រឿង សុខគន្ធី ដូចតទៅ ៖

ជាកូនអាជីវករចំណាកស្រុកពីខេត្តកណ្ដាល  មកតាំងទីលំនៅនៅខេត្តសៀម​រាប​​កាលពីជាង១០ឆ្នាំមុន។ វ័យ១៧ឆ្នាំ យុវតី ព្រឿង សុខគន្ធី ជាសិស្សត្រៀមបញ្ចប់ថ្នាក់ទី១១ នៅវិទ្យាល័យ​ហ៊ុនសែនសៀមរាប។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នាងបានចូលប្រលូកក្នុងសកម្មភាពសង្គមជាច្រើន ដែលនោះគឺជាការងារស្ម័គ្រចិត្ត ត្រូវចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកាដើម្បីជួយដល់សង្គម។

“ បច្ចុប្បន្នអឺ នាងខ្ញុំគឺជាប្រធានគ្រាប់គ្រងធនធានមនុស្សនៃក្លឹបYPNA ដែលហៅកាត់ថាវាយប៉ាន និងប្រធានក្រុមYNC នាងខ្ញុំដឹកនាំយុវជនក្នុងខេត្តសៀមរាបហ្នឹង ហើយនឹងរៃអង្គាសថវិកា ទិញសម្ភារៈការសិក្សាក៏ដូចជាអឺ សម្លៀកបំពាក់យកទៅចែក ជាពិសេសជូនទៅសិស្សពូកែនៅតាមជនបទភាគច្រើនគាត់ខ្វះសម្ភារៈសិក្សា  ហើយចំណែកឯក្លឹបYPNA អឺ នឹងមានគម្រោងឆាប់ៗហ្នឹង ដែលចុះបង្រៀននៅតាមសហគមន៍អំពី លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋ ។”

សក់រួញអង្គាដី សម្បុរស្រអែម ទឹកមុខញញឹមអមដោយសម្ដី បែបប្រាកដនិយមនិងភាពជឿជាក់ គន្ធី មើលឃើញថា សហគមន៍របស់នាង មានក្មេងស្រីមួយចំនួនបានបោះបង់ចោលការសិក្សា ដែលនេះអាចបណ្ដាលមកពីកត្តាគ្រួសារខ្វះលទ្ធភាព ខ្វះការគាំទ្រកូនស្រី។ ស្ថានភាពនេះ គឺជាកត្តាជំរុញឱ្យនាងស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការសង្គម ដោយរំពឹងថា អាចរួមចំណែកលើកកម្ពស់ការសិក្សារៀនសូត្ររបស់ក្មេងស្រី ដឹកនាំក្មេងស្រីឱ្យយល់ដឹងកាន់តែទូលំទូលាយពីការវិវត្តនៃសង្គម លើកតម្លៃស្រ្តីផងដែរ ដោយផ្ដើមចេញពីការស្ម័គ្រចិត្តធ្វើការងារតូចតាចឡើងទៅ។

“កត្តាដែលជំរុញឱ្យខ្ញុំចូលរួមក្នុងការងារសង្គមទីមួយគឺមើលឃើញថានៅក្នុងប្រទេសជាតិបច្ចុប្បន្ន អឺយុវជនគាត់អត់សូវរវីរវល់និងការងារសង្គម អញ្ចឹងទៅបានខ្ញុំគិតថាបើខ្ញុំចូលជាមួយ ជាគំរូល្អដល់យុវជនផ្សេងទៀត អាចថាអូសទាញពួកគាត់ ឱ្យប្ដូរផ្នត់គំនិតហ្នឹងដើម្បី អឺងាកមកចូលរួមការងារសង្គម កត្តាមួយវិញទៀត នៅពេលដែលខ្ញុំចូលរួមការងារស្ម័គ្រចិត្តវាជួយបង្កើនមិត្តភាព ជាពិសេសយុវជនដែលមានមនសិកាស្រឡាញ់ជាតិ កត្តាមួយវិញទៀតខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតយុវជនអត់ចង់ឱ្យពួកគាត់ទំនេរលេង ចង់ឱ្យពួកគាត់ចំណាយពេលពួកគាត់ឱ្យមានតម្លៃ ។”

លើវិថីមួយដែលឆ្ពោះទៅរកការផ្លាស់ប្ដូរផ្នត់គំនិតសង្គម ការកែប្រែការគិតណាមួយរបស់មនុស្ស វាគឺជាអំរែកធ្ងន់មួយរួចទៅហើយ ទោះបីវាជាការចូលរួមចំណែកមួយជាមួយអ្នកដទៃក៏ដោយចុះ។ ក៏ប៉ុន្តែ បន្ថែមពីលើនេះ គន្ធី ត្រូវប្រឈមនឹងឧបសគ្គក្បែរខ្លួន ដោយត្រូវងាកមកធ្វើការតស៊ូមតិជាមួយគ្រួសារ មិត្តភក្ដិ ឱ្យមានការគិតជាវិជ្ជមានចំពោះនាងជាមុនសិន។

“តាមការពិតអឺគ្រួសារខ្ញុំគាត់មិនគាំទ្រខ្លាំងណាស់ណាទេគាត់ហាមដែរ ប៉ុន្តែខ្ញុំធ្លាប់ពន្យល់ប្រាប់គាត់ថាបើយើងនៅតែកន្លែង អញ្ចឹង គាត់អត់អាចផ្ដល់អ្វីដែលខ្ញុំចង់បាន លក្ខណៈថាស្គាល់តែផ្លូវសាលានិងផ្លូវទៅផ្ទះអីចឹង វាអត់អាចជួយបង្កើនបទពិសោធឬមួយចំណេះដឹងខ្ញុំទេ។ ពេលខ្លះគាត់ដកទូរស័ព្ទខ្ញុំទៀត គាត់ថាឈប់ប្រើទូរស័ព្ទហ្នឹងទៅព្រោះទូរស័ព្ទហ្នឹងអឺផ្ដល់ព័ត៌មានការងារហ្នឹងច្រើន ​គាត់ខ្លាចមានផលប៉ះពាល់ច្រើនអីចឹង ​ដូចបច្ចុប្បន្នវាមានរឿងថ្មីៗច្រើនអញ្ចឹងទៅគាត់ខ្លាចយើងនឹង មានផលវិបាកនៅថ្ងៃអនាគត អីចឹង។”

ឆ្លងផុតឧបសគ្គមួយ គន្ធី បានជួបឧបសគ្គផ្សេងទៀតដែលជាវិញ្ញាសាតឹងតែងសម្រាប់នាង។ ត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហា គន្ធីបង្ហាញនូវភាពរឹងប៉ឹងរបស់ខ្លួន តាមរយៈសម្ដីម៉ឺងម៉ាត់ នឹងទឹកមុខមាំ រំឭកឡើងវិញនូវអ្វីដែលនាងបានឆ្លងកាត់។

“បញ្ហាជួបប្រទះភាគច្រើនបញ្ហាគ្រួសារហ្នឹងឯងគាត់ហាមយើងខ្លាំងគាត់បិទសិទ្ធិយើងអត់ឱ្យចូលរួមអីចឹង ហើយមួយទៀតពិបាលរកយុវជនចូលរួមជាមួយពួកយើងហ្នឹងគឺជាបញ្ហាប្រឈមខ្លាំង ហើយខ្ញុំធ្លាប់មានត្រូវបានគេ បិទហ្វេសប៊ុកខ្ញុំម្ដងដែរ ដែលគេដាក់ហាមប្រាមអីចឹងទៅហ្នឹងវាជាការគម្រាមកំហែងដែរ មួយទៀតនៅពេលដែលខ្ញុំចុះទៅទស្សនកិច្ច ដូចជាក់ស្ដែងទៅព្រៃព្រះរការថ្មីៗហ្នឹងអឺ មានអាជ្ញាធរតាមខ្ញុំ ប្រហែលជា១០ឡាន ៦ម៉ូតូជិះតាមខ្ញុំ រហូតដល់ថ្នាក់ខ្ញុំចុះទៅនិយាយជាមួយគាត់ហេតុអ្វីបានត្រូវតាមខ្ញុំ គាត់ថាតាមការពារសុវត្ថិភាពខ្ញុំ ប៉ុន្តែកាំភ្លើងពួកគាត់មាននៅគ្រប់ដៃអញ្ចឹងវាជាការគម្រាមកំហែងមួយ ពួកគាត់មិនធ្វើជាក់ស្ដែងទេតែពួកគាត់ធ្វើប្រយោលៗ។”

អង្គុយផ្ដល់បទសម្ភាសក្នុងបរិវេណសាលាសង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀម ខណៈដែលមានប្រជាពលរដ្ឋចេញចូលឥតដាច់ផងនោះ យុវតីវ័យជំទង់ក្លាហាន បង្ហាញស្នាមញញឹមជាថ្នី បញ្ជាក់ថា ទាំងនោះមិនមែនជាឧបសគ្គធំដែលអាចរារាំងនាងបាននោះទេ នាងពិតជាអាចបន្តដំណើរទៅមុខទៀតបាន។ គន្ធី បន្តថា ទោះបីជាមានយុវជនច្រើនយ៉ាងណាក៏ដោយ តែយុវជនតិចនាក់ណាស់ដែលមានឆន្ទៈជួយការងារសង្គមយ៉ាងពិតប្រាកដ។ ឆន្ទៈរបស់នាង ៖

“អឺខ្ញុំចង់ស្គាល់អឺយុវជនដែលមានឆន្ទៈ និងមនសិកាស្រឡាញ់ជាតិពិតប្រាកដ ចង់ប្រមូលពួកគាត់មកនៅជុំគ្នាដើម្បីរួបរួមគ្នាគ្នាដើម្បីស្ដាឱ្យប្រទេសហ្នឹងរីកចម្រើនឡើងវិញ ហើយដើម្បីបំបាត់ភាពអយុត្តិធម៌ នៅពេលដែលខ្ញុំចូលរួមការងារស្ម័គ្រចិត្តការងារសង្គមហ្នឹងធ្វើឱ្យខ្ញុំសប្បាយចិត្ត នៅពេលដែលឃើញយុវជនអាចថា  ប្អូនៗគាត់ទៅតាមដែរ បើយើងទៅតែឯងក៏ទៅមិនកើតយើងត្រូវប្រមូលគ្នាទៅ យើងត្រូវសាមគ្គីជាមួយគ្នាទៅដោយរលូន។”

ការងារមួយណាក៏មានការលំបាកដែរ ឱ្យតែយើងខំប្រឹងមិនយូរមិនឆាប់គង់តែបានជោគជ័យ តែអ្វីដែលពិបាកបំផុត គឺការធ្វើដោយគ្មានឆន្ទៈគ្មានក្ដីស្រឡាញ់ និងការលះបង់ពិតប្រាកដ ចំពោះរឿងដែលខ្លួនកំពុងធ្វើ។ យុវតីដែលមានចរឹតសុភាពរាបសារ បង្ហាញនូវពន្លកនៃភាពជាអ្នកដឹកនាំ ក្នុងរយៈពេល២ឆ្នាំនេះ បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តក្នុងកិច្ចការសង្គម ឱ្យបានសម្រេចនូវសមិទ្ធផលជាច្រើន ដោយជួយដល់អ្នកខ្វះខាត ផ្ដល់ការអប់រំបន្ថែមដល់សហគមន៍ ជាពិសេសគឺការបន្តជំរុញដល់អ្នកដ៏ទៃចូលរួមការងារសង្គម។

“ចូលរួមការងារសង្គមគ្រាន់តែពួកគាត់តាមដានស្ដាប់ព័ត៌មានព្រឹតិការណ៍នៅក្នុងសង្គមប្រចាំថ្ងៃគាត់មិនគួរចំណាយពេលទៅលើរឿងអីផ្សេងដែលគិតថាឥតប្រយោជន៍ គួរតែធ្វើជាបុគ្គលល្អធ្វើជាបុគ្គលគំរូដល់អ្នកដទៃ ដូចខ្ញុំមុនដំបូងក៏មិនមែនជាអ្នកគំរូអីដល់គេដែរអឺប៉ុន្តែនៅពេលដែរយើងចាប់ផ្ដើមកែខ្លួន គេនិយាយថាអញ្ចេក មនុស្សតែងតែមានអាយដល អញ្ចឹងគាត់គួរតែធ្វើអាយដលម្នាក់ឱ្យអ្នកផ្សេងហ្នឹងធ្វើតាមគាត់ គាត់មិនគួរធ្វើជាទម្លាប់អាក្រក់ គួរតែធ្វើអ្វីដែលជាប្រយោជន៍រួមកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។”

សុខគន្ធី ដែលតែងតែមមាញឹកនឹងកិច្ចការសាលាផង ជួយលក់ដូរម្ដាយនៅផ្ទះផង នាងអះអាងថា ពិតជាគ្មានពេលសម្រាកច្រើនទេ ប៉ុន្តែកញ្ញានៅតែចាត់ទុកកិច្ចការសង្គម គឺជាការងារសំខាន់ និងក៏ជាការបំពេញចំណង់ចំណូលចិត្តរបស់ខ្លួន ធ្វើកម្មភាពដើម្បីប្រទេសជាតិ ពិសេសដើម្បីលើកកម្ពស់ស្ថានភាពស្ដ្រីក្នុងសង្គមដែរ។ បេសកម្មនេះ នាងចង់ឱ្យយុវជនផ្សេងទៀតគ្រប់ទីកន្លែង រួមគ្នាគិតគូរនិងធ្វើសកម្មភាពពីពេលនេះ ដើម្បីសហគមន៍របស់ខ្លួន និងសង្គមទាំងមូល។

 

“ជាចុងក្រោយសូមសំណូមពរជាពិសេសគឺយុវជនដែលជាទំពាំងស្នងសង្គមជាតិឱ្យចូលរួមការងារសង្គមជាពិសេសការងារស្ម័គ្រចិត្ត ដើម្បីទទួលបានបទពិសោធ ចំណេះដឹង និងចំណងមិត្តភាពដែលយើងអាចស្គាល់អឺយុវជនផ្សេងទៀតដែលមានឆន្ទៈនិងមនសិកាស្រឡាញ់ជាតិអឺគ្រប់បណ្ដាខេត្ត ចង់ឱ្យពួកគាត់ចេះតស៊ូមតិនៅពេលដែលមានបញ្ហា ឬមួយកន្លែងណាមានភាពអយុត្តិធម៌និងចូលរួមរៀនវគ្គបណ្ដុះបណ្ដាលឬចូលរួមទាំងពេលវេលានិងថវិកាដើម្បីជួយដល់ក្មេងៗដែលពួកគាត់ខ្វះខាត  និងចូលរួមទៅទស្សនកិច្ចនិងមើលអឺពីភាពអយុត្តិធម៌នៅតាមសហគមន៍នីមួយៗដែលគាត់កំពុងជួបប្រទះហើយនឹងជួយដោះស្រាយពួកគាត់​។”

ទន្ទឹមនឹងនេះ យុវតី ព្រឿង សុខគន្ធី ចង់ឱ្យអង្គការ រដ្ឋាភិបាល ជំរុញ លើកទឹកចិត្ត និងផ្ដល់ឱកាសដល់យុវតីនិងស្ត្រីឱ្យពួកគាត់ចូលរួមការងារសង្គមឱ្យបានច្រើន បញ្ជ្រាបផ្នត់គំនិត ស្រ្តីនិងបុរសជាដៃគូមិនអាចខ្វះបាន ស្រ្តីធ្វើអ្វីៗបានដូចបុរសដូច្នេះដែរ។ នាងបញ្ជាក់ថា៖ ខ្ញុំសុំជំទាស់ដែលបុរសថា ស្ត្រីជាមេផ្ទះ ពេលខ្លះស្ត្រីក៏អាចធ្វើអ្វីៗបាន ដែលបុរសមិនអាចធ្វើបានទៀតផង ។ ជារួម យុវតីរូបនេះបានជម្នះផ្នត់គំនិតគ្រួសារ ផ្នត់គំនិតសង្គមដែលមើលឃើញស្រ្តីក្នុងន័យអវិជ្ជមានធៀបនឹងបុរស រួមទាំងការលំបាកផ្សេងៗ​ដែលនាងបានឆ្លងកាត់ ហើយពង្រឹងសមត្ថភាព សម្រួចឆន្ទៈរបស់ខ្លួនដើម្បីជាគំរូល្អដល់យុវតីដទៃ រហូតក្លាយជាយុវជនគំរូក្នុងសហគមន៍។

Share

ព័ត៌មានទាក់ទង

Image