ភ្នំពេញ៖ នៅចំពោះមុខមេដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ាន សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានដែលកំពុងដឹកនាំកិច្ចប្រជុំនៅរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២នេះ សម្តេចលើកឡើងនូវពាក្យស្លោកមួយឃ្លាថា«គ្រោះមហន្តរាយ និងវិបត្តិអាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស»។
ការលើកឡើងនូវពាក្យស្លោកមួយឃ្លានេះ ព្រោះសម្តេចយល់ថា ប្រជាជាតិអាស៊ានរាប់លាននាក់នៅតែប្រឈមទៅនឹងស្ថានភាពសង្គមសេដ្ឋកិច្ចដ៏ផុយស្រួយនិងងាយបែកខ្ញែកគ្នានៅឡើយ។
នាយករដ្ឋមន្រ្តីកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានថ្លែងបន្តដោយដាក់ការរំពឹងថា ថ្នាក់ដឹកនាំទាំងអស់នឹងឈរលើកគោលជំហររួមគ្នា ដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងតំបន់និងពិភពលោក ស្របតាមមូលបទឆ្នាំនេះគឺ«អាស៊ានរូមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈនទាំងអស់គ្នា»។
សម្តេច ហ៊ុន សែន ថ្លែងបន្តទៀតថា មានតែឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំទេ ទើបជាគោលនយោបាយឈានទៅដល់ការសម្រេចចិត្តត្រឹមត្រូវ ស្របតាមអភិក្រមប្រាកដនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះ។
ឆ្លៀតក្នុងឱកាសនោះសម្តេច ហ៊ុន សែន បញ្ជាក់ថា នៅថ្ងៃស្អែកនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាអាស៊ានលើកទី២ ដើម្បីប្រមូលធាតុចូលឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ជាពិសេសកិច្ចប្រជុំនៅថ្ងៃស្អែកនេះ អ្នកពាក់ព័ន្ធអាចដឹងថា តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈមនិងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់គ្នាបានយ៉ាងដូចម្តេច?៕