en     km
en     km

មេដឹកនាំអាស៊ានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអាស៊ាន

Share

ភ្នំពេញ៖មេដឹកនាំជាន់ខ្ពស់អាស៊ាន លើកលែងតែប្រទេសមីយ៉ាន់ម៉ាមិនមានតំណាងចូលរួម បានបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំកំពូលនោះដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានអាស៊ាន ហើយមានការចូលរួមពីព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម ប្រធានាធិបតីឥណ្ឌូនេស៊ី និងហ្វីលីពិន  នាយករដ្ឋមន្ត្រីសិង្ហបុរី ថៃ វៀតណាម ឡាវ និងប្រធានសភាម៉ាឡេស៊ីតំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាក្នុងនាមជាប្រធានប្តូរវេន បាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការរាំរបាំស្វាគមន៍ថ្នាក់ដឹកនាំអាស៊ាន។រូបភាពពីក្រុមការងាររៀបចំកិច្ចប្រជុំអាស៊ាន២០២២ផ្ញើមកក្រុមការងារវិទ្យុស្រ្តីតាមEmail។

 

 

ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១និងកិច្ចប្រជុំកំពូលអាស៊ានជាមួយប្រទេសក្រៅតំបន់ ដូចជាកិច្ចប្រជុំអាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សាធារណរដ្ឋកូរ៉េ អាស៊ាន-ឥណ្ឌា អាស៊ាន-សហរដ្ឋអាមេរិក អាស៊ាន-អូស្ត្រាលី និងអាស៊ាន-កាណាដា។ក្នុងនោះដែលក៏មានកិច្ចប្រជុំកំពូលអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិផងដែរ។ ពិសេសជាងនេះ គឺអាស៊ានមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ ដែលប្រទេសអាស៊ានទនឹងមានកិច្ចប្រជុំជាមួយចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា និងនូវ៉ែលហ្សេឡង់។

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»៕

 

Share

ព័ត៌មានទាក់ទង

Image