អ៊ុយក្រែនបានក្លាយជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ ក្រោយកម្ពុជាបង្ហាញជំហរប្រឆាំងនឹងការឈ្លានពាន ការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យ និងមរណភាពដែនដីរបស់រដ្ឋឯករាជ្យ ក្នុងសង្គ្រាមរុស្សី-អ៊ុយក្រែន។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ប្រទេសអ៊ុយក្រែន បានក្លាយជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC ជាមួយអាស៊ាននៅថ្ងៃទី១០ ខែ វិច្ឆិកាឆ្នាំ២០២២នេះ លើទឹកដីកម្ពុជា ខណៈកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំលំពូលអាស៊ានលើកទី៤០-៤១។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នេះជាចំណុចខ្លាំងមួយរបស់កម្ពុជា ដែលជាប្រធានអាស៊ាន។ លោកបន្ដថា នេះជាសមិទ្ធផលដ៏ធំមួយ ដែលក្នុងរយៈពេលមួយឆ្នាំ មានប្រទេសច្រើនបានក្លាយជាដៃគូនៃសន្ធិសញ្ញាន TACនេះ។
ក្នុងនាមជាប្រធានអាស៊ាន មុនកិច្ចប្រជុំកំពូលអាស៊ាន១សប្ដាហ៍ សម្ដេច ហ៊ុន សែន មានជំនួបជាមួយលោក វ្លូឌីមៀ សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែនតាមទូរសព្ទ។ បើតាម Twitter ប្រធាធិបតីប្រទេសដែលរងនូវសង្គ្រាមរ៉ាំរ៉ៃតាំងពីខែកុម្ភៈមកនេះ បានថ្លែងអំណរគុណដល់អាស៊ាន ដែលបានប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិចំនួន៣លើក។
ដោយឡែកនៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ សម្តេច ហ៊ុន សែន បានបង្ហាញជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺការប្រកាន់ភ្ជាប់ និងគោរពគោលការណ៍ដែលបានចែកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ សម្ដេចបន្ដថា កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យ និងមរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។
យ៉ាងណាក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍,អ៊ុយក្រែន ក្លាយជាសមាជិកទី៥០ នៃសន្ធិសញ្ញាTAC និងអេស្បាញជាសមាជិកទី៥១ លើទឹកដីកម្ពុជា។ កាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រទេសដាណឺម៉ាក, សាធារណរដ្ឋក្រិក, ប្រទេសហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួម ក៏បានក្លាយជាសមាជិក TAC ផងដែរ។
សូមបញ្ជាក់ថា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ និងបង្កប់នូវគោលការណ៍ជាសកលនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងចំណោមរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕