en     km
en     km

កំពង់ធំ៖ សកម្មជនអភិរក្សអក្សរសាស្រ្តខ្មែរគ្រោងពង្រីកទីតាំងតម្រង់ទិសយុវជនបញ្ចៀសការសរសេរអក្សរបរទេសជាសំនៀងខ្មែរ

Share

ខេត្តកំពង់ធំ៖ ដោយមើលឃើញពីហានិភ័យដែលអាចប្រឈមមុខការបាត់បង់អត្តសញ្ញាណជាតិដ៏ធំគឺអក្សរសាស្រ្តខ្មែរ ព្រោះយុវជនមួយចំនួនកំពុង់តែប្រើប្រាស់ការសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរតាមសារអេឡិចត្រូនិចនោះ លោក ខេមរៈ ប៊ុនណា ជាសកម្មជនអភិរក្សនិងស្នេហាអក្សរសាស្រ្តខ្មែរមួយរូប គ្រោងនឹងពង្រីកសាខាបន្ថែមនៅខេត្តកំពង់ធំ ដើម្បីបង្ហាត់បង្រៀនអក្សរសាស្រ្តខ្មែរដល់យុវជនឱ្យចេះដឹងស្ទាត់ ជៀសវាងការនិយមភាសាបរទេសជ្រុលហួសហេតុ។

សកម្មភាពចុះបង្រៀនក្មេងនាពេលកន្លងមក។

 

ប្រាប់ក្រុមការងារសិក្ខាកាមនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា​លោក ខេរៈ ប៊ុនណា លើកឡើងថា បច្ចុប្បន្នលោកបានបង្កើតសមាគមរួមគ្នាអភិរក្សអក្សរសាស្រ្តខ្មែរនៅក្នុងខណ្ឌច្បារអំពៅបានចំនួនមួយកន្លែង ហើយលោកគ្រោងមកពង្រីកសាខានៅខេត្តកំពង់ធំមួយកន្លែងទៀតនៅពេលអនាគតខាងមុខនេះ។

លោកបញ្ជាក់ថា ការបង្កើតនិងពង្រីកទីតាំងបង្ហាត់បង្រៀនយុវជនអំពីអក្សរសាស្រ្តខ្មែរឱ្យត្រឹមត្រូវបានក្បួនខ្នាតវេយ្យាករណ៍។ លោកថា សកម្មភាពផ្សព្វផ្សាយពីអក្សរសាស្រ្តខ្មែរបែបនេះ ព្រោះលោកសង្កេតឃើញថា យុវជនបច្ចុប្បន្នបានប្រើប្រាស់អក្សរអង់គ្លេសសរសេរជាសំនៀងខ្មែរឆ្លើយឆ្លងគ្នាព្រមទាំងបានសរសេរផុសលើបណ្តាញសង្គមផងដែរ។

សកម្មភាពក្រុមអ្នកអភិរក្សអក្សរសាស្រ្តខ្មែរ។

 

អ្នកអភិរក្សអក្សរសាស្រ្តខ្មែររូបនេះបញ្ជាក់បន្ថែមថា ការប្រើប្រាស់ភាសាខុសបែបខុសបត់ដូច្នេះបង្កនូវហានិភ័យខ្លាំងណាស់ដល់អក្សរសាស្រ្តជាតិ។លោកថា បើសិនជាប្រជាពលរដ្ឋពិសេសយុវជននៅតែសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរបែបនេះ នោះអក្សរសាស្រ្តខ្មែរអាចប្រឈមការបាត់បង់ជាក់ជាពុំខាន។

តាមរយៈការព្រួយបារម្ភនេះ លោក ខេមៈ ប៊ុនណា បានស្វះស្វែងរកទីតាំងដើម្បីពង្រីកសាខារបស់ខ្លួនដើម្បីតម្រង់ទិសក្មេងៗជំនាន់ក្រោយឱ្យយល់ដឹងច្បាស់ពីតម្លៃអក្សរសាស្ត្រជាតិ។ មួយទៀតក៏ដើម្បីជួយដាស់តឿនសតិយុវជនខ្មែរឱ្យជួយជ្រៀមជ្រែងអក្សរសាស្រ្តជាតិនិងចូលរួមថែរក្សាសម្បត្តិជាតិដែលជាដួងព្រលឹងជាតិកុំឱ្យបាត់បង់។

រូបលោក ខេមរៈ ប៊ុនណា ។

 

មួយទៀតដែរ លោកសូមអំពាវនាវដល់យុវជនទាំងអស់ចូលរួមអភិរក្សថែរក្សាអក្សរសាស្ត្រជាតិជៀសវាងការប្រើភាសាបរទេសជាសំនៀងខ្មែរទៀត៕

អត្ថបទខ្លីនេះសរសេរដោយ ផាត សុភ័ត្រា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

Share

ព័ត៌មានទាក់ទង

Image