ខេត្តកំពង់ធំ៖ រូបសំណាក់បុព្វបុរសខ្មែរចំនួនបីត្រូវបានព្រះគ្រូចៅអធិការវត្ត ក្តីចារុ៍ និងអាចារ្យគណៈកម្មការ ព្រមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ប្រមូលបច្ច័យកសាងរួចរាល់ហើយ។
រូបសំណាកទាំងបីនោះមាន រូបព្រះបាទជ័យវរ្ម័នទី៧ រូបសម្តេចព្រះសង្ឃរាជ ជួន ណាត និងរូបអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ឬក្រមង៉ុយ។ រូបបុព្វបុរសទាំងបីត្រូវបានកូនខ្មែរស្គាល់យ៉ាងច្បាស់ថា ជាអ្នកមានប្រាជ្ញាខ្ពង់ខ្ពស់ បានកសាងស្នាដៃបូរាណប្រាសាទជាច្រើន និងជាអ្នកបង្កើតច្បាប់ក្បួនអក្សរសាស្រ្តខ្មែរ ពិសេសបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរផងដែរ។
ព្រះចៅអធិការវត្ត ក្តីចារុ៍ ព្រះនាម ស៊ុន សុភាសិទ្ធ មានថេរដីកាថា ការផ្តួចផ្តើមកសាងរូបសំណាកបុព្វបុរសខ្មែរទាំងរូបខាងលើនេះ ក្នុងគោលបំណងដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ព្រះភក្រ្តនិងមុខមាត់បានច្បាស់ ពិសេសបានដឹងពីស្នាដៃនិងគុណបំណាច់របស់ដូនតាខ្មែរដែលបានបូជាកម្លាំងកាយចិត្តបង្កើតច្បាប់ក្បួនសម្រាប់ប្រៀនប្រដៅកូនខ្មែរជំនាន់ក្រោយឱ្យដើរលើមាគ៌ាល្អនិងចេះការពារថែរក្សាទឹកដីខ្មែរ។
មួយទៀតដែរ ព្រះចៅអធិការមានថេរដីកាបន្តថា រូបសំណាកនេះក៏ជាលើកសោភណ្ឌភាពក្នុងទីធ្លាវត្តអារាមផងដែរ។ ជាមួយគ្នានេះដែរ ព្រះគ្រូសូមអំពាវនាវដល់ពុទ្ធបរិស័ទចូលរួមបរិច្ចាគជាបច្ច័យដើម្បីគណៈកម្មការវត្តអាចមានលទ្ធភាពបន្តកសាងសមិទ្ធផលនានាក្នុងវត្តបានច្រើនបន្ថែមទៀតនៅពេលអនាគត។
សូមបញ្ជាក់ថា រូបសំណាកទាំងបីនេះកសាងឡើងអស់ថវិកាប្រមាណ១៦០០០ដុល្លារ ដែលស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អត្ថបទខ្លីនេះសរសេរដោយ ផាត សុភ័ត្រា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។