en     km
en     km

​សហជីព​សុំ​ជួប​គណៈកម្មការ​ទី​៦​នៃ​រដ្ឋសភា​ ដើម្បី​ឱ្យ​ពិចារណា​កែប្រែ​លើ​មាត្រា​មួយ​ចំនួន​

Share

pao-si-na-01
​លោក​ប៉ាវ​ ស៊ី​ណា​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ

​បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​ឆ្លង​សេចក្តីព្រាងច្បាប់​សហជីព​ ហើយ​រដ្ឋសភា​បាន​បញ្ជូន​សេចក្តី​ព្រាង​នេះ​ឱ្យ​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ នៃ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ សហជីព​ធំៗ​មួយ​ចំនួន​ បាន​ដាក់​សំណើ​ទៅ​កាន់​លោក​ហេង​ សំ​រិ​ន​ ដើម្បី​សុំ​ជួប​ជាមួយ​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ ក្នុង​គោលបំណង​ពិភាក្សា​ ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ​ ដោយសារ​ពួក​គេ​មានការ​ព្រួយបារម្ភ​ទៅ​លើ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​។​

​សហជីព​ធំៗ​មួយ​ចំនួន​ បាន​ដាក់​សំណើ​ទៅ​កាន់​លោក​ហេង​ សំ​រិ​ន​ នៅ​ថ្ងៃ​ទី​០៣​ ខែធ្នូ​នេះ​ ដើម្បី​សុំ​ជួប​ជាមួយ​ គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ ក្នុង​គោលបំណង​ពិភាក្សា​ ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ ដែល​ពួក​គេ​យល់​ថា​ មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​សហជីព​ និង​កម្មករ​។​

​លោក​យ៉ា​ន់​ ធី​ អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ បាន​ប្រាប់​ថា​ ការ​ដាក់​លិខិត​ថ្ងៃនេះ​ ធ្វើ​ឡើង​ខណៈ​ដែល​គណៈកម្មការ​ទី​៦​ នឹង​ត្រៀម​កោះហៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​សហជីព​នេះ​។​

​លោក​យ៉ា​ន់​ ធី​ បន្ត​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​សហជីព​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋសភា​ បន្ទាប់​ពី​សំណើ​ទី​១​ដែល​បាន​ដាក់​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ គ្មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋសភា​។​

​តំណាង​សហជីព​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា​ សេចក្តីព្រាងច្បាប់​សហជីព​ មាន​ចំណុច​ជា​ច្រើន​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​ ដល់​សហជីព​ក៏​ដូច​ជា​កម្មករ​ ។​

​សារ​ក្នុង​ញត្តិ​ដែល​បាន​ដាក់​ជូន​ប្រធានរដ្ឋសភា​ លោក​ហេង​ សំ​រិ​ន​ នៅ​ព្រឹក​នេះ​ ក្រុម​សហជីព​ទាំងនោះ​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មិន​បាន​បន្ត​ពិភាក្សា​ទៅ​លើ​ចំណុច​ ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​របស់​សហជីព​ ជាមួយ​សហជីព​បន្ត​ទៀត​ឱ្យ​បាន​ទូលំទូលាយ​ និង​គ្រប់គ្រាន់​ ក្នុង​ការ​ធានា​ពី​គុណភាព​ល្អ​នៃ​សេចក្តីព្រាងច្បាប់​នេះ​។​

​លោក​ប៉ាវ​ ស៊ី​ណា​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ថ្លែង​ថា​ ការ​មិន​អើពើ​ ពី​សំណាក់​ក្រសួង​ការងារ​ និង​រដ្ឋ​សភាជាតិ​ ចំពោះ​ក្តី​បារម្ភ​របស់​សហជីព​ គឺជា​ការ​មិន​គិតគូរ​អំពី​សេចក្តីសុខ​ សេរីភាព​ និង​សុវត្ថិភាព​ការងារ​របស់​កម្មករ​ ។​ លោក​ថា​ បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ដោយ​មិន​យក​អនុសាសន៍​ទាំង​៤២​ចំណុច​របស់​សហជីព​ និង​កម្មករ​ដាក់​ជូន​ទៅ​ពិចារណា​ទេ​នោះ​ អ្នក​ដែល​រង​គ្រោះ​ និង​រង​ផល​ប៉ះពាល់​ គឺ​កម្មករ​ខ្មែរ​ រីឯ​និយោជក​ជា​អ្នក​ទទួលផល​ ។​

​លោក​ប៉ាវ​ ស៊ី​ណា​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ទៀត​ថា​ ប្រសិនបើ​ច្បាប់​នេះ​ មិន​ត្រូវ​បាន​ធ្វើការ​កែប្រែ​ទៅ​តាម​សំណើ​សហជីព​ទេ​ ក្រុម​សហជីព​ នឹង​ជួបជុំ​គ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ដើម្បី​សម្តែង​មតិ​ជុំវិញ​ទុក្ខ​កង្វក់​ទាំងឡាយ​ ដែល​សហជីព​មាន​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​ ។​ «​ខ្ញុំ​យល់​ថាបើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ មាន​ន័យ​ថា​ សកម្មភាព​សហជីព​សកម្មភាព​សហជីព​ត្រូវ​បាន​បង្អាក់​ អ​ញ្ចឹ​ង​ចង់​មិន​ចង់​ទិដ្ឋភាព​នៃ​ការ​តវ៉ា​ វា​នៅ​មិន​ស្ងៀម​ទេ​ វា​ត្រូវ​តែ​កើត​»​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​រដ្ឋសភា​ បាន​មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ លោក​មិន​ទាន់​ឃើញ​សំណើ​ ដែល​សហជីព​ដាក់​នោះ​ទេ​ រីឯ​ការ​សម្រេច​យ៉ាងណា​នោះ​ ស្ថិត​លើ​គណៈកម្មាធិការ​ជំនាញ​ជា​អ្នក​សម្រេច​។​

​កាលពី​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គណៈរដ្ឋមន្ត្រី​ បាន​សម្រេច​ឆ្លង​សេចក្តីព្រាងច្បាប់​សហជីព​ ហើយ​រដ្ឋសភា​បាន​បញ្ជូន​សេចក្តី​ព្រាង​នេះ​ឱ្យ​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ ដើម្បី​ត្រួតពិនិត្យ​កាលពី​ពេល​ថ្មីៗ​នេះ​ ។​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ ត្រូវ​បាន​តាក់តែង​ឡើង​តាំងពី​ឆ្នាំ​២០០៨​ ។​ ច្បាប់​នោះ​មាន​១៧​ជំពូក​ និង​៩១​មាត្រា​៕

Share

Image
Image
Image