បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានសម្រេចឆ្លងសេចក្តីព្រាងច្បាប់សហជីព ហើយរដ្ឋសភាបានបញ្ជូនសេចក្តីព្រាងនេះឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះ សហជីពធំៗមួយចំនួន បានដាក់សំណើទៅកាន់លោកហេង សំរិន ដើម្បីសុំជួបជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ក្នុងគោលបំណងពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ ដោយសារពួកគេមានការព្រួយបារម្ភទៅលើមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នេះ។
សហជីពធំៗមួយចំនួន បានដាក់សំណើទៅកាន់លោកហេង សំរិន នៅថ្ងៃទី០៣ ខែធ្នូនេះ ដើម្បីសុំជួបជាមួយ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ក្នុងគោលបំណងពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលពួកគេយល់ថា មានលក្ខណៈរឹតត្បិតសេរីភាពសហជីព និងកម្មករ។
លោកយ៉ាន់ ធី អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានប្រាប់ថា ការដាក់លិខិតថ្ងៃនេះ ធ្វើឡើងខណៈដែលគណៈកម្មការទី៦ នឹងត្រៀមកោះហៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាពីសេចក្តីព្រាងច្បាប់សហជីពនេះ។
លោកយ៉ាន់ ធី បន្តថា នេះជាលើកទី២ហើយ ដែលសហជីពបានដាក់សំណើទៅកាន់រដ្ឋសភា បន្ទាប់ពីសំណើទី១ដែលបានដាក់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា គ្មានការឆ្លើយតបពីរដ្ឋសភា។
តំណាងសហជីពរូបនេះឱ្យដឹងដែរថា សេចក្តីព្រាងច្បាប់សហជីព មានចំណុចជាច្រើនបង្ហាញពីការរឹតត្បិតសេរីភាព ដល់សហជីពក៏ដូចជាកម្មករ ។
សារក្នុងញត្តិដែលបានដាក់ជូនប្រធានរដ្ឋសភា លោកហេង សំរិន នៅព្រឹកនេះ ក្រុមសហជីពទាំងនោះបានបង្ហាញការខកចិត្តចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមិនបានបន្តពិភាក្សាទៅលើចំណុច ដែលជាក្តីបារម្ភខ្លាំងរបស់សហជីព ជាមួយសហជីពបន្តទៀតឱ្យបានទូលំទូលាយ និងគ្រប់គ្រាន់ ក្នុងការធានាពីគុណភាពល្អនៃសេចក្តីព្រាងច្បាប់នេះ។
លោកប៉ាវ ស៊ីណាប្រធានសហព័ន្ធសហជីពចលនាកម្មករ បានថ្លែងថា ការមិនអើពើ ពីសំណាក់ក្រសួងការងារ និងរដ្ឋសភាជាតិ ចំពោះក្តីបារម្ភរបស់សហជីព គឺជាការមិនគិតគូរអំពីសេចក្តីសុខ សេរីភាព និងសុវត្ថិភាពការងាររបស់កម្មករ ។ លោកថា បើច្បាប់នេះត្រូវបានអនុម័ត ដោយមិនយកអនុសាសន៍ទាំង៤២ចំណុចរបស់សហជីព និងកម្មករដាក់ជូនទៅពិចារណាទេនោះ អ្នកដែលរងគ្រោះ និងរងផលប៉ះពាល់ គឺកម្មករខ្មែរ រីឯនិយោជកជាអ្នកទទួលផល ។
លោកប៉ាវ ស៊ីណា បានបញ្ជាក់យ៉ាងដូច្នេះទៀតថា ប្រសិនបើច្បាប់នេះ មិនត្រូវបានធ្វើការកែប្រែទៅតាមសំណើសហជីពទេ ក្រុមសហជីព នឹងជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីសម្តែងមតិជុំវិញទុក្ខកង្វក់ទាំងឡាយ ដែលសហជីពមានចំពោះសេចក្តីព្រាងច្បាប់នេះ ។ «ខ្ញុំយល់ថាបើច្បាប់នេះត្រូវបានអនុម័ត មានន័យថា សកម្មភាពសហជីពសកម្មភាពសហជីពត្រូវបានបង្អាក់ អញ្ចឹងចង់មិនចង់ទិដ្ឋភាពនៃការតវ៉ា វានៅមិនស្ងៀមទេ វាត្រូវតែកើត»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកមិនទាន់ឃើញសំណើ ដែលសហជីពដាក់នោះទេ រីឯការសម្រេចយ៉ាងណានោះ ស្ថិតលើគណៈកម្មាធិការជំនាញជាអ្នកសម្រេច។
កាលពីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៥ គណៈរដ្ឋមន្ត្រី បានសម្រេចឆ្លងសេចក្តីព្រាងច្បាប់សហជីព ហើយរដ្ឋសភាបានបញ្ជូនសេចក្តីព្រាងនេះឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដើម្បីត្រួតពិនិត្យកាលពីពេលថ្មីៗនេះ ។ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ២០០៨ ។ ច្បាប់នោះមាន១៧ជំពូក និង៩១មាត្រា៕