en     km
en     km

រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​​ថា របប​យោធា​ភូមា​ជាអ្នកទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិនយោបាយ

Share

 

ហ្សាការតាៈ យោងតាម Reuters រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាអ្នកទទួលខុសត្រូវចំពោះកង្វះវឌ្ឍនភាពនៃផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយអាស៊ាន។លោកស្រីបន្ថែមថាអាស៊ានបានបំពេញតួនាទីរបស់ខ្លួនរួចហើយក្នុងការព្យាយាមបញ្ចប់ជម្លោះក្នុងប្រទេសភូមា។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានបានជំរុញប្រទេសមីយ៉ាន់ម៉ាឱ្យអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុនដើម្បីបញ្ឈប់អំពើហិង្សាដែលបានរីករាលដាលកាន់តែខ្លាំង ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈឆ្នាំ 2021។

ផែនការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពី១៨ខែមុន រួមមានការចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនា និងការទទួលបានជំនួយមនុស្សធម៌ និងបេសកជនពិសេសអាស៊ាន។លោកស្រី Retno Marsudi

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ បានប្រាប់រ៉យទ័រថា ការស្តីបន្ទោសចំពោះការខ្វះវឌ្ឍនភាពនៃផែនការកិច្ចព្រមព្រៀងសន្តិភាពគឺស្ថិតនៅលើរបបយោធាភូមា មិនមែនមកពីអាស៊ានទេ។លោកស្រីបន្ថែមថា “មិនគួររិះគន់អាស៊ានទេ គួរតែបន្ទោសរបបយោធាភូមា”។”ប្រសិន​បើ​​យើងនិយាយអំពីអ្នកណាដែលត្រូវស្តីបន្ទោស អ្នកណាបរាជ័យ វាមិនមែនជាយើង មិនមែនអាស៊ានទេ។ យើងបានធ្វើការងាររបស់យើងហើយ”។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ កន្លងមករបបយោធាបានស្តីបន្ទោសការខ្វះខាតវឌ្ឍនភាពលើកិច្ចព្រៀមព្រៀងសន្តិភាពដោយសារអស្ថិរភាពក្នុងប្រទេស និងជំងឺរាតត្បាតកូវីដ១៩។

លោកស្រី Retno ក៏បាននិយាយផងដែរថា សមភាគីអាស៊ីអាគ្នេយ៍របស់លោកស្រីនឹងផ្តល់អនុសាសន៍ថ្មីៗសម្រាប់ការអនុវត្តផែនការសន្តិភាពនៅមុនកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅសប្តាហ៍ក្រោយ។លោកស្រីថា “យើងសម្របសម្រួលកិច្ចសន្ទនាថ្នាក់ជាតិដែលនឹងនាំមីយ៉ាន់ម៉ាចេញពីវិបត្តិនយោបាយ។ ហើយយើងដឹងថាអ្នកណាដែលអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានគឺប្រជាជនមីយ៉ាន់ម៉ា មិនមែនអ្នកខាងក្រៅទេ”។

អាស៊ានមានគោលនយោបាយមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់រដ្ឋសមាជិកទាំង១០របស់ខ្លួន ប៉ុន្តែបានប្រឈមមុខនឹងការអំពាវនាវពីសកម្មជនសិទ្ធិមនុស្ស និងអ្នកប្រឆាំងរបបយោធាឱ្យបង្កើនសម្ពាធបន្ថែមលើរបបនេះ ។

កាលពីសប្តាហ៍មុន អាស៊ានបានថ្លែងថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះអ្វីដែលហៅថាកិច្ចព្រមព្រៀងសន្តិភាពប្រាំចំណុច ទោះបីជាមានការខកចិត្តដោយសារការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងការវាយប្រហារតាមអាកាសលើការប្រគុំតន្ត្រីនៅរដ្ឋកាឈីន និងការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យក៍ដោយ។

ឆ្លើយតបទៅនឹងកិច្ចប្រជុំកាលពីសប្តាហ៍មុន អ្នកនាំពាក្យរបបយោធាបានស្តីបន្ទោសចលនាតស៊ូប្រដាប់អាវុធចំពោះអំពើហឹង្សា ដែលបានកើតឡើងថ្មីៗនេះ។អាស៊ានបានរារាំងឧត្តមសេនីយមីយ៉ាន់ម៉ាមិនអោយចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់។

ប្រភព៖ Reuters ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image