en     km
en     km

កម្ពុជា-បារាំង សហការរួមគ្នាបង្កើតយន្តការបង្ក្រាបបទល្មើសជួញដូរមនុស្ស

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ កិច្ចសហការរួមគ្នាចំនួន ៣ បានលេចជារូបរាងឡើងក្នុងជំនួបរវាងសម្តេច ស​ ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក​ ចាត ប៉េឡេត(Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលក្នុងយន្តការមួយបានកើតឡើង គឺកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្សនៅកម្ពុជា ដែលមុខសញ្ញាធំនៅខេត្តព្រះសីហនុ។

អត្ថបទដោយ កែវ សុខា រាយការណ៍ដោយ កញ្ញា កែវ សុជាតា 

 

ប្រធានបទសំខាន់នៃជំនួបរវាងសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ចាត ប៉េឡេត(Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជារួមមាន

ទី១ គំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងភាគីទាំងពីរ ទីពីរ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាទៅលើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ និងទីបី ការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣។

កិច្ចសហការលើយន្តការចំនួនបីចំណុចដែលនឹងលេចជារូបរាងឡើងនាពេលនេះ កើតមានឡើងក្នុងឱកាសនៃជំនួបពិភាក្សាការងាតរវាងសម្ដេច ស ខេង និងលោក ចាត ប៉េឡេត កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

តាមទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង បានរំលឹកឡើងនូវក្តីជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ពិសេសលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខផងដែរ។

ជំនួបរវាងសម្តេច ស ខេង និងលោក ប៉េឡេត។រូបភាពពីហ្វេសប៊ុកសម្តេច ស ខេង។

 

ពាក់ព័ន្ធនឹងប្រធានបទ ស្ដីអំពីគំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងភាគីទាំងពីរ សម្ដេច ស ខេង បានបង្ហាញការគាំទ្រគោលបំណងដ៏ល្អនេះ។ សម្ដេចបានណែនាំឱ្យមន្រ្តីនៃភាគីទាំងពីរចាប់ផ្ដើមការពិភាក្សាបន្ថែមទៀត ដើម្បីកំណត់កិច្ចការអាទិភាព និងកិច្ចការដែលភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យមានក្របខណ្ឌសហប្រតិបត្តិការល្អជាមួយគ្នា។ សម្ដេចកត់សម្គាល់លើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាផងដែរ។

ដោយឡែកលើប្រធានបទ ស្ដីអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសមុខសញ្ញាធំនៅខេត្តព្រះសីហនុ លោកឯកអគ្គរដ្ឋទូតបារាំង លើកឡើងថា បញ្ហាដែលកើតមាននៅខេត្តព្រះសីហនុ គឺជាប្រធានបទមួយដែលភាគីទាំងពីរអាចកំណត់នៅក្នុងក្របខណ្ឌនៃការបង្កើតកិច្ចសហប្រតិបត្តិការនៃការបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើស។ ជាមួយគ្នានោះ លោក ចាត ប៉េឡេត ចង់ស្វែងយល់នូវវឌ្ឍនភាព ដែលអាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តលើការងារនេះ។

សម្ដេច ស ខេង តបវិញថា រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តកិច្ចការនេះយ៉ាងសកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ សម្ដេចបន្តទៀតថា តាមរយៈលទ្ធផលអនុវត្តកន្លងមក កម្ពុជាទទួលបានការសាទរពីមជ្ឈដ្ឋានផ្ទៃក្នុង និងបណ្ដាប្រទេសជាមិត្តក្នុងតំបន់ផងដែរ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះបន្ថែមទៀតថា កិច្ចការនេះ ទាមទារកិច្ចសហប្រតិបត្តិការរវាងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកាត់ផ្ដាច់ឬសគល់នៃការរត់ពន្ធ ការជួញដូរ និងការឆបោកនាំមនុស្សឆ្លងដែនខុសច្បាប់។

ចំណែកបញ្ហាទីបី ស្ដីអំពីការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ លោកឯកអគ្គរដ្ឋទូតបារាំង បានបង្ហាញបំណងចង់ស្វែងយល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងកិច្ចការនេះ។ លោក ចាត ប៉េឡេត មានគោលបំណងពិនិត្យមើលលទ្ធភាព និងឱកាសបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើការងារនេះដែរ។

ជាការឆ្លើយតប សម្ដេច ស ខេង ជម្រាបជូនថា ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ ពុំមានអ្វីជាបញ្ហាចោទនោះទេ ដោយសារកម្ពុជាធ្លាប់បានដំណើរការបោះឆ្នោតជាច្រើនលើក ពិសេសការបោះឆ្នោតឃុំ សង្កាត់ កន្លងទៅថ្មីៗនេះ។

សម្ដេច ស ខេង បានបន្តថា តួនាទីសំខាន់មួយរបស់ក្រសួងមហាផ្ទៃ គឺធ្វើយ៉ាងណាខិតខំធានាថែរក្សាសន្តិសុខនៃការបោះឆ្នោតឱ្យបានល្អប្រសើរ បង្កលក្ខណៈ និងលក្ខខណ្ឌសមស្របដល់ដំណើរការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយសេរី គ្មានអំពើហិង្សា និងផ្ដល់លទ្ធភាពជូនពលរដ្ឋ និងភាគីពាក់ព័ន្ធបានចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៕

            

Share

ព័ត៌មានទាក់ទង

Image