en     km
en     km

កម្ពុជានិងអ៊ុយក្រែនព្រមព្រៀងតែងតាំងផ្លាស់ប្តូរឯកអគ្គរាជទូតនិងអគ្គរដ្ឋទូតតាមពេលវេលាសមស្រប

Share

ភ្នំពេញ៖ ប្រទេសកម្ពុជានិងប្រទេសអ៊ុយក្រែន បានព្រមព្រៀងគ្នាស្នើឱ្យមានការតែងតាំងនិងផ្លាស់ប្តូរឯកអគ្គរាជទូតនិងអគ្គរដ្ឋទូតទៅវិញទៅមកនៅពេលវេលាសមស្របណាមួយនាពេលអនាគត។

គំនិតផ្តួចផ្តើមនេះ កើតមានឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី បានជួបសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញម៉ោងនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលទើបចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី០២ ខែវិច្ឆិកានេះ។

តាមសេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា មេដឹកនាំកំពូលនៃប្រទេសពីរបានឯកភាពគ្នានិងលៃលកពេលវេលាសមស្របដើម្បីតែងតាំងនិងផ្លាស់ប្តូរឯកអគ្គរាជទូតនិងអគ្គរដ្ឋទូត ដែលជាផ្នែកមួយនៃការរឹតចំណងមិត្តភាពកាន់តែល្អប្រសើរ។ តាមរយៈកិច្ចសន្ទនា ប្រធានាធិបតីអ៊ុយក្រែនលោក ហ្ស៊ែលឡិនស្គី ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានស្នើអ៊ុយក្រែនចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបតិ្តការនៅអាស៊ីអាគ្នេយ៍(TAC)។

ទាក់ទងក្នុងរឿងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា ការដាក់ទូតរវាងកម្ពុជានិងអ៊ុយក្រែននេះ នឹងហុចផលជាផ្លែផ្កាដល់ទំនាក់ទំនងកិច្ចការបរទេសនិងផ្នែកពាណិជ្ជកម្មនៅពេលអនាគតបន្ថែមទៀត។ ជាងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា ការរឹតចំណងមិត្តភាពតាមរយៈការគ្រោងដាក់ទូតគ្នារវាងកម្ពុជានិងអ៊ុយក្រែននេះ មិននាំឱ្យប៉ះទង្គិចដល់ចំណងមិត្តភាពរវាងកម្ពុជានិងប្រទេសរុស្ស៊ីឡើយ ត្បិតកម្ពុជាប្រកាន់ជំហរឈរលើគោលការណ៍សន្តិសហវិជ្ជមានដោយមិនបានស៊ុមគ្រល៉ុចូលដៃជាមួយភាគីណាមួយនោះទេ។

 

លោក ផៃ ស៊ីផាន៖ « នៅកម្ពុជាយើងឈរទៅលើគោលការណ៍នៃនយោបាយប្រទេសរបស់យើង(កម្ពុជា)ជាប្រទេសអព្យាក្រឹត្យយើងមិនរួមដៃជាមួយនរណាទៅធ្វើសង្រ្គាម ប្រឆាំងយកទឹកដីអ្នកណាទេ គឺយើងឈរទៅលើសន្តិសហវិជ្ជមានគឺយើងមិនកាន់ជើង ឬយើងមិនឈរទៅខាងណា មិនលើកទឹកចិត្តទៅខាងណា​ មិនយកការប្រើប្រាស់អំពើហិង្សាទៅកាត់យកទឹកដីពីនរណានោះទេ គឺយើងអត់ធ្វើចឹងទេ។ សង្រ្គោះគ្នាទៅវិញទៅមក គោរពគ្នាគោរពដឆងគុណគោលនយោបាយរបស់គ្នាទេ  គឺយើងគោរពអធិបតេយ្យភាពរបស់ប្រទេសនិមួយៗចាគោលជំហរបស់កម្ពុជាយើងដែលចែងក្នុងរដ្ឋធម្មនុញ»។

ជុំវិញជំហររបស់កម្ពុជាក្នុងភ្លើងសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនេះ សម្តេច ហ៊ុន សែន បញ្ជាក់ជំហរតាមកិច្ចសន្ទនាតាមខ្សែទូរស័ព្ទទៅលោក ហ្ស៊ែលឡិនស្គី ថា កម្ពុជាប្រកាន់ខ្ជាប់តាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ប្រឆាំងការឈ្លានពាន កាគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់រដ្ឋឯករាជ្យ។ ជាងនេះ កម្ពុជាមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។សម្តេច ហ៊ុន សែន តាមរយៈកិច្ចសន្ទនាដដែលនោះ បានសម្តែងក្តីសោកស្តាយដែលប្រទេសអ៊ុយក្រែនរងការវាយប្រហារពីរស្ស៊ី លើបណ្តាទីក្រុងមួយចំនួន ដែល

នាំឱ្យបាត់បង់អាយុជីវិតប្រជាជនអ៊ុយក្រែន និងមានអ្នករងបួស មានការខូចខាតហេដ្ឋានរចនាសម្ព័ន្ធ ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ។ ភ្លើងសង្រ្គាមនេះដែរ ក៏កំពុងជៈឥទ្ធិពលអវិជ្ជមានលើគ្រប់វិស័យ ខណៈប្រទេសអ៊ុយក្រែនកំពុងជួបវិបត្តិថាមពល និងស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ហើយរងើកភ្លើងសង្គ្រាមមួយមួយនេះដែល បាននិងកំពុងរាលដាលដល់អតិផរណានៅទូទាំងពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

អ្វីជាលទ្ធភាពរបស់កម្ពុជាដែលអាចធ្វើបានក្នុងនាមជាប្រទេសតូចមួយនៅតំបន់អាស៊ី សម្តេច ហ៊ុន សែន និយាយថា កម្ពុជានឹងត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនទៅជូយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប ដោយមានកិច្ចសហការជាមួយប្រទេសជប៉ុន៕

Share

Image
Image
Image