en     km
en     km

ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ចាប់ផ្តើមគិតកម្រៃ​

Share

ភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២នេះតទៅ អ្នក​បើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបង់ប្រាក់តាមចម្ងាយជាក់ស្តែង។

ក្រសួងសាធារណការ និងដឹកជញ្ជួន នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២ នេះបានចេញសេចក្តីជូនដំណឹង ពីការយកកម្រៃថ្លៃយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។

បុគ្គលិកនៅផ្លូវល្បឿនលឿននៅទទួលស្វាគមន៍និងចាំណែនាំពីរបៀបបើកបរនិងការទូទាត់តម្លៃថ្លៃធ្វើដំណើរជូនអតិថជន។រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ។

 

សម្រាប់តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត​យោងតាមអត្រាថ្លៃធ្វើដំណើរដែលបានគិតបញ្ចុះតម្លៃត្រឹម ៨០% និងការគិតតម្លៃពេញ ១០០%៖

សម្រាប់ការបើកបរគិតតម្លៃ ៨០% ត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២នេះ រហូតដល់ថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៣។ ចំណែក តម្លៃពេញគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ឡើងទៅ។

ចំពោះយានយន្តប្រភេទ A  រួមមាន ទោចក្រយានយន្តកម្លាំង​ចាប់ពី ៥០០cc រថយន្តប្រភេទគ្រួសារ​ ៧កៅអីចុះក្រោម និងរថយន្តផ្ទុកទំនិញ​ ក្រោម ២តោន ត្រូវបង់ជាង ២៦០រៀល/១គីឡូម៉ែត្រ សម្រាប់ការគិតតម្លៃ៨០%។ ចំណែកតម្លៃពេញ១០០% អ្នកបើកបរយានយន្តប្រភេទ A ត្រូវបង់ប្រាក់ជាង ៣០០រៀល/១គីឡូម៉ែត្រ។

រូបភាពផ្លូវល្បឿនលឿន។រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ។

 

ចំពោះរថយន្តប្រភេទ B រួមមាន រថយន្តដឹកអ្នកដំណើរចាប់ពី ៨ កៅអី និង ១៩ កៅអីនិងរថយន្តដឹកទំនិញ ផ្ទុកទំនិញចាប់ពី ២ តោនដល់ ៥តោន ត្រូវបង់៥០០រៀល/១គីឡូម៉ែត្រ សម្រាប់ការគិតតម្លៃ៨០% ។ហើយ ត្រូវបង់ជាង ៦៥០រៀល/១គីឡូម៉ែត្រពេលគិតតម្លៃពេញ។

មួយទៀតគឺរថយន្តប្រភេទC   រួមមាន រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអី ដល់៥៦កៅអីនិងរថយន្តដឹកទំនិញ ផ្ទុកទំនិញចាប់ពី៥តោនដល់ ១០ តោន ត្រូវបង់ជិត៨០០រៀល/១គីឡូម៉ែត្រ សម្រាប់ការគិតតម្លៃ៨០% ។ហើយត្រូវបង់ជិត ៩០០រៀល/១គីឡូម៉ែត្រពេលគិតតម្លៃពេញ។

និងចុងក្រោយគឺរថយន្តប្រភេទ E រថយន្តដឹកទំនិញ ផ្ទុកទំនិញលើសពី២០តោនឡើងទៅ មានទាំងកុងតែន័រផង ត្រូវបង់តម្លៃជាង១៣០០រៀល/១គីឡូ ម៉ែត្រ​សម្រាប់ការគិតតម្លៃ៨០%។និងបង់ប្រហែល១៦០០រៀល/១គីឡូម៉ែត្រសម្រាប់តម្លៃពេញ។

រូបភាពផ្លូវល្បឿនលឿន។រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ។

 

សម្រាប់តារាងកម្រៃ​មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការឱ្យដឹងបន្ថែមថា រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖

– ផ្លាកលេខសម្គាល់​យានយន្ត​

– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព

– និងកាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕

Share

ព័ត៌មានទាក់ទង

Image