ភ្នំពេញ៖ បន្ទាប់ពីមានសំណើរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលមួយចំនួន សុំអនុញ្ញាតហែក្បួនតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទិវាសិទ្ធិមនុស្សអន្ដរជាតិរួចមក សាលារាជធានី ភ្នំពេញបានបដិសេធចំពោះសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ដោយលើកហេតុផលថា ការដង្ហែក្បួនជាប់ទាក់ទងនឹងបញ្ហាដល់សន្តិសុខជាតិ ។ នេះបើតាមឲ្យដឹងពីលោកឡុង ឌីមង់ អ្នកនាំពាក្យសាលារាធានី ភ្នំពេញ ថ្លែងប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីមង់ ឲ្យវិទ្យុស្ត្រី FM102 នៃ WMC ដឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នេះថា ការហាមឃាត់ចំពោះសំណើសុំហែក្បួននៅលើ ផ្លូវមួយចំនួនរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ដោយមូលហេតុជាប់ទាក់ទងនឹងបញ្ហាសន្តិសុខជាតិ។
«វាពាក់ព័ន្ធទៅនឹងបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយ បញ្ហាសន្តិសុខជាតិ ហើយនៅក្នុងថ្ងៃ ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី១២ មានការរៀបចំប្រជុំ មហាសន្និបាតតំបន់អាស៊ីទៀត…។ ចឹង ការរឹតបន្តឹងសន្តិសុខ ជារឿងសំខាន់ណាស់ ហើយស្ថានភាពបច្ចុប្បន្ននេះ យើងបានឃើញហើយ ការជួបជុំ និងការហែក្បួន ហែអីហ្នឹង យើងមិនអាចអនុញ្ញាតជូនបានទេ បា៎ទ»។
ទាក់ទងនឹងរឿងនេះ លោក ណៃ វង់ដា អនុប្រធានផ្នែកស៊ើបអង្កេត នៃសមាគម អាដហុកបានថ្លែងបញ្ជាក់ថា ក្បួនដែលសង្គមស៊ីវិលស្នើសុំការអនុញ្ញាតពីសាលារាជធានី ដើម្បីដង្ហែនោះ គឺធ្វើឡើង ដោយសន្តិវិធី និងមានរបៀបរៀបរយ។
«បា៎ទ ខ្ញុំសូមជម្រាបថា ការដង្ហែក្បួននេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានជ្រាបថា គឺជាទម្លាប់របស់អង្គការសង្គម
ស៊ីវិល នៅពេលដែលធ្វើបុណ្យ១០ធ្នូ គឺយើងតែងតែធ្វើការ ប្រារព្ធពិធី នឹងការដង្ហែក្បួន ដើម្បីបង្ហាញសារទាំងឡាយទៅដល់ប្រជាពលរដ្ឋយើង បានយល់អំពីសិទ្ធិមនុស្ស អំពីសិទ្ធិផ្សេងៗរបស់ខ្លួន ហើយក្នុងការដង្ហែក្បួននោះ គឺមិនមែន ដង្ហែបង្ហាញពីភាពឈឺចាប់អ្វីទាំងអស់ គឺយើងដើម្បីប្រារព្ធអបអរសាទរពិធីហ្នឹង ហើយការដង្ហែក្បួនហ្នឹង គឺមានរបៀបរៀបរយ មានក្បួន មានអីត្រឹមត្រូវ ហើយមានសន្តិសុខ ការពារក្បូនត្រឹមត្រូវ ហើយមានភ្លេង មានជាភ្លេងរបស់ជនជាតិភាគតិច មានជាឆៃយ៉ាំ មានអី ដើម្បីដង្ហែក្បួន»។
សូមជម្រាបថាផ្លូវមួយចំនួន ដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលបានស្នើសុំទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីដង្ហែនោះរួមមានមហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២៧១ ហើយបត់តាមផ្លូវព្រះសីហនុសំដៅទៅផ្លូវសុធារស ដោយឆ្លងកាត់តាមវិមានឯករាជ្យ ហើយបត់ទៅកន្លែង ប្រារព្ធពិធីនៅទីធ្លារសួនច្បារមុខវត្តបទុមវត្តី។
គួររម្លឹកដែរថា កាលពីថ្ងៃទី៣០ ឆ្នាំ២០១៥ ក្រុមអង្គការសង្គមស៊ីវិល សាលារាជធានីភ្នំពេញ បានជួបប្រជុំជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញពីរឿងស្នើសុំដង្ហែក្បួននេះ ។ ប៉ុន្ដែការស្នើសុំនេះ ត្រូវបានសាលារាជធានីភ្នំពេញបង្វែរឱ្យក្រុមអង្គការសង្គមស៊ីវិល ធ្វើការរៀបចំនៅទីលានប្រជាធិបតេយ្យ ដោយគ្មានការដង្ហែក្បួនអ្វីទាំងអស់៕