en     km
en     km

​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​អង្គការ​សង្គម​ស៊ី​វិល​ហែ​ក្បួន​នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​

Share

​ភ្នំពេញ៖ បន្ទាប់​ពី​មាន​សំណើ​របស់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ សុំ​អនុញ្ញាត​ហែ​ក្បួន​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​រួច​មក​ សាលា​រាជធានី​ ភ្នំពេញ​បាន​បដិសេធ​ចំពោះ​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ ដោយ​លើក​ហេតុផល​ថា​ ការ​ដង្ហែ​ក្បួន​ជាប់​ទាក់ទង​នឹង​បញ្ហា​ដល់​សន្តិសុខ​ជាតិ​ ។​ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក​ឡុ​ង​ ឌី​មង់​ អ្នកនាំពាក្យ​សាលា​រា​ធានី​ ភ្នំពេញ​ ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ឡុ​ង​ ឌី​មង់​ ឲ្យ​វិទ្យុ​ស្ត្រី​ FM102​ នៃ​ WMC​ ដឹង​នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ ការ​ហាមឃាត់​ចំពោះ​សំណើសុំ​ហែ​ក្បួន​នៅ​លើ​ ផ្លូវ​មួយ​ចំនួន​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នេះ​ ដោយ​មូលហេតុ​ជាប់​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ជាតិ​។​

«​វា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ បញ្ហា​សន្តិសុខ​ជាតិ​ ហើយ​នៅ​ក្នុង​ថ្ងៃ​ ចន្លោះ​ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​១២​ មានការ​រៀបចំ​ប្រជុំ​ មហាសន្និបាត​តំបន់​អាស៊ី​ទៀត​…​។​ ចឹ​ង​ ការ​រឹត​បន្តឹង​សន្តិសុខ​ ជា​រឿង​សំខាន់​ណាស់​ ហើយ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ យើង​បានឃើញ​ហើយ​ ការ​ជួបជុំ​ និង​ការ​ហែ​ក្បួន​ ហែ​អីហ្នឹង​ យើង​មិន​អាច​អនុញ្ញាត​ជូន​បាន​ទេ​ បា៎ទ​»​។​

human-right-​ទាក់ទង​នឹង​រឿង​នេះ​ លោក​ ណៃ​ វង់​ដា​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ នៃ​សមាគម​ អា​ដ​ហុ​កបាន​ថ្លែង​បញ្ជាក់​ថា​ ក្បួន​ដែល​សង្គម​ស៊ី​វិល​ស្នើ​សុំ​ការ​អនុញ្ញាត​ពីសា​លា​រាជធានី​ ដើម្បី​ដង្ហែ​នោះ​ គឺ​ធ្វើ​ឡើង​ ដោយ​សន្តិវិធី​ និង​មាន​របៀបរៀបរយ​។​

«​បា៎ទ​ ខ្ញុំ​សូម​ជម្រាប​ថា​ ការ​ដង្ហែ​ក្បួន​នេះ​ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​ជ្រាប​ថា​ គឺជា​ទម្លាប់​របស់​អង្គការ​សង្គម​
ស៊ី​វិល​ នៅ​ពេល​ដែល​ធ្វើបុណ្យ​១០​ធ្នូ​ គឺ​យើង​តែងតែ​ធ្វើការ​ ប្រារព្ធ​ពិធី​ នឹង​ការ​ដង្ហែ​ក្បួន​ ដើម្បី​បង្ហាញ​សារ​ទាំងឡាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​យើង​ បាន​យល់​អំពី​សិទ្ធិ​មនុស្ស​ អំពី​សិទ្ធិ​ផ្សេងៗ​របស់​ខ្លួន​ ហើយ​ក្នុង​ការ​ដង្ហែ​ក្បួន​នោះ​ គឺ​មិនមែន​ ដង្ហែ​បង្ហាញ​ពី​ភាព​ឈឺចាប់​អ្វី​ទាំងអស់​ គឺ​យើង​ដើម្បី​ប្រារព្ធ​អបអរសាទរ​ពិធី​ហ្នឹង​ ហើយ​ការ​ដង្ហែ​ក្បួន​ហ្នឹង​ គឺ​មាន​របៀបរៀបរយ​ មាន​ក្បួន​ មានអី​ត្រឹមត្រូវ​ ហើយ​មាន​សន្តិសុខ​ ការពារ​ក្បូន​ត្រឹមត្រូវ​ ហើយ​មាន​ភ្លេង​ មាន​ជា​ភ្លេង​របស់​ជនជាតិភាគតិច​ មាន​ជា​ឆៃយ៉ាំ​ មានអី​ ដើម្បី​ដង្ហែ​ក្បួន​»​។​

​សូម​ជម្រាប​ថា​ផ្លូវ​មួយ​ចំនួន​ ដែល​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ដង្ហែ​នោះ​រួម​មាន​មហាវិ​ថី​ព្រះ​មុនី​រ៉េ​ត​ ផ្លូវ​លេខ​២៧១​ ហើយ​បត់​តាម​ផ្លូវ​ព្រះ​សីហ​នុ​សំដៅ​ទៅ​ផ្លូវ​សុធារស​ ដោយ​ឆ្លងកាត់​តាម​វិមាន​ឯករាជ្យ​ ហើយ​បត់​ទៅ​កន្លែង​ ប្រារព្ធ​ពិធី​នៅ​ទីធ្លារ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​។​

​គួរ​រម្លឹក​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ឆ្នាំ​២០១៥​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ សាលា​រាជធានី​ភ្នំពេញ​ បាន​ជួប​ប្រជុំ​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​លោក​ ឃួ​ង​ ស្រេង​ អភិបាលរង​រាជធានី​ភ្នំពេញ​ពី​រឿង​ស្នើ​សុំ​ដង្ហែ​ក្បួន​នេះ​ ។​ ប៉ុន្ដែ​ការ​ស្នើ​សុំ​នេះ​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បង្វែរឱ្យ​​ក្រុម​អង្គការសង្គម​ស៊ី​វិល​ ធ្វើការ​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដោយ​គ្មាន​ការ​ដង្ហែ​ក្បួន​អ្វី​ទាំងអស់​៕

Share

Image
Image
Image