en     km
en     km

ស្រ្តីអ្នកកាសែត​ប៉ាគីស្ថាន​ត្រូវ​រថយន្តអតីតនាយករដ្ឋមន្រ្តី​កិនស្លាប់​ពេល​ចុះ​យកព័ត៌មាន

Share

 

យោងតាមReutersកាលពីថ្ងៃទី៣០ ខែតុលា បានអោយដឹងថាអ្នកកាសែតស្រីម្នាក់ត្រូវបានរថយន្ត អតីតនាយករដ្ឋមន្ត្រី Imran Khan កិនស្លាប់ក្នុងនៅភាគខាងកើតប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យខណៈ​​​នាងកំពុងយកព័ត៌មាននិងព្យាយាមសម្ភាសលោក Imran Khan នៅលើរថយន្ត។

ឧបទ្ទវហេតុនេះបានជំរុញឱ្យលោក Khan បញ្ឈប់ “ការហែក្បួនដ៏វែង” ដែលលោកកំពុងដឹកនាំឆ្ពោះទៅកាន់ទីក្រុង Islamabad ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលសហព័ន្ធ។ ក្បួនរថយន្តរបស់លោកបានចាប់ផ្តើមពីទីក្រុង Lahore ភាគខាងកើត ហើយត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុង Islamabad នៅថ្ងៃសុក្រ។

លោកKhan បានសរសេរនៅលើ Twitter ថា “រន្ធត់ និងសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ដ៏អាក្រក់ដែលបណ្ដាលអោយស្លាប់អ្នកយកព័ត៌មានប៉ុស្តិ៍លេខ 5 ឈ្មោះSadaf Naeem នៅថ្ងៃនេះ”។លោកKhan បាននិយាយថាសកម្មភាពនយោបាយកាលពីថ្ងៃអាទិត្យដែលគ្រោងដោយគណបក្ស PTI របស់លោកត្រូវបានលុបចោល។

អ្នកកាសែត Qazzafi Butt ដែលបានឃើញហេតុការណ៍បានប្រាប់ Reuters ថា Naeem អាយុ 40 ឆ្នាំបានបាត់បង់លំនឹង ដោយសារនាងព្យាយាមឡើងលើឡាននិងសម្ភាសលោក Khan ។លោក​បន្ត​ថានាង ​​ដួល​បោក​លើ​ផ្លូវហើយកង់រថយន្ត​បាន​កិនពីលើ​ក្បាល​នាង។ មេដឹកនាំគណបក្ស PTI លោក Mussarat Jamshed Cheema បានបញ្ជាក់ថាស្រ្តីអ្នកកាសែតឈ្មោះ Naeem ត្រូវបានបើកកិនដោយរថយន្តរបស់លោក Khan ។ មន្ត្រីប៉ូលីសក្នុងតំបន់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

 

ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសា តាមរយៈការបោះឆ្នោតសភា លោក Khan បានធ្វើការប្រមូលផ្តុំអ្នកគាំទ្រនៅទូទាំងប្រទេសប៉ាគីស្ថាន ដោយជំរុញឱ្យមានការប្រឆាំងនឹងរដ្ឋាភិបាលដែលកំពុងតស៊ូនឹងវិបត្តិសេដ្ឋកិច្ច។

មន្រ្តីគណបក្សPTI បាននិយាយថាលោក Khan មានឆន្ទៈក្នុងការចរចាជាមួយរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី Shehbaz Sharif ។ រដ្ឋាភិបាល​និយាយ​ថា ការ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ការ​គ្រោងទុក​នៅ​ខែ​តុលា ឬ​ខែ​វិច្ឆិកា នៅឆ្នាំ​ក្រោយ ប៉ុន្តែលោក Khan និយាយ​ថា​គាត់​មិន​ព្រម​រង់ចាំ​ទេ។

ប្រភព៖ Reuters ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image