en     km
en     km

ប៉ូលីសអ៊ីរ៉ងបានបាញ់ទៅលើហ្វូងអ្នកកាន់ទុក្ខ Mahsa Amini

Share

 

យោងតាម BBC បានរាយការណ៍ថាប៉ូលិសអ៊ីរ៉ង់បានបាញ់ទៅលើក្រុមបាតុករនៅក្នុងទីក្រុង Saqqez ដែលជាទីក្រុង Mahsa Amini បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីត្រូវបានប៉ូលិសចាប់ខ្លួនពីបទពាក់ កន្សែងគ្របក្បាល(hijab)របស់នាង “មិនត្រឹមត្រូវ” ។

មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅជិតផ្នូរ Mahsa Amini ដែលបានស្លាប់រយៈពេល40 ថ្ងៃមកហើយប៉ុន្តែការប្រមូលម្ដុំនេះបានប៉ះទង្គិចជាមួយនឹងកងសន្តិសុខអ៊ីរ៉ង់។ក្រុម​សិទ្ធិ​មនុស្ស និង​សាក្សី​និយាយ​ថា ប៉ូលិសបាន​បាញ់​គ្រាប់​ពិត និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ហ្វូង​មនុស្ស​។

កាលពីថ្ងៃពុធ កងកម្លាំងសន្តិសុខបានដាក់ពង្រាយនៅក្នុងទីក្រុង Saqqez និងផ្នែកផ្សេងទៀតនៃខេត្ត Kurdistan។វីដេអូឃ្លីបបានបង្ហាញពីអ្នកកាន់ទុក្ខរាប់ពាន់នាក់បានដើរតាមដងផ្លូវមួយ កាត់វាលស្រែ និងឆ្លងទន្លេ ឆ្លងកាត់របាំងផ្លូវ ដើម្បីទៅដល់ទីបញ្ចុះសព លោកស្រី Amini ។

ហ្វូងមនុស្សបានស្រែកថា “ស្ត្រី ជីវិត សេរីភាព” និង “ស្លាប់ទៅជនផ្តាច់ការ” “ចុះចេញជនក្បត់” និង “ឃឺឌីស្ថាននឹងក្លាយជាទីបញ្ចុះសពរបស់ពួកហ្វាស៊ីស” ។គេ​មិន​ដឹង​ច្បាស់​ថា​តើ​សមាជិក​គ្រួសារ​របស់ Amini មាន​វត្តមាននៅទីនោះដែរ​ឬ​អត់ទេ។

ប្រភពស្និទ្ធនឹងគ្រួសារ Amini បានប្រាប់ BBC ថាភ្នាក់ងារប៉ូលិសអ៊ីរ៉ង់បានដាក់សម្ពាធលើឪពុករបស់នាង Amini ឱ្យនិយាយថាពួកគេមិនបានរៀបចំពិធីកាន់ទុក្ខនេះទេ។ក្រុមសិទ្ធិមនុស្សឃឺដ Hengaw ដែលមានមូលដ្ឋាននៅប្រទេសន័រវេសបានបង្ហោះសារថា ក្រុមអ្នកកាន់ទុក្ខបានដើរទៅកាន់ការិយាល័យរដ្ឋាភិបាលខេត្តនៅ Saqqez ហើយកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើពួកគេនៅទីលាន Zindan ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដីសាក្សីដែលសុំមិនបញ្ចេញឈ្មោះថា “ប៉ូលីសកុបកម្មបានបាញ់ទៅលើក្រុមអ្នកកាន់ទុក្ខដែលបានប្រមូលផ្តុំនៅទីបញ្ចុះសព Amini ហើយមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន” ។ទីភ្នាក់ងារសារព័ត៌មាន Isna បានរាយការណ៍ថា “អ្នកកាន់ទុក្ខនៅវិមានអនុស្សាវរីយ៍ Mahsa Amini បានប៉ះទង្គិចជាមួយកងកម្លាំងប៉ូលីសនៅជាយក្រុង Saqqez ហើយក្រុមមនុស្សត្រូវបានបំបែក” ។

ក្រុមស្ត្រី​បាន​ឈាន​មុខ​គេក្នុងការតវ៉ាប្រឆាំងអាជ្ញាធរអ៊ីរ៉ង់ ដោយដោះកន្សែងគ្របក្បាល​គ្រវី​និងដុត​ចោល ហើយពេលខ្លះស្រ្ដីទាំងនោះបាន​កាត់សក់ខ្លួនឯង​នៅ​ទីសាធារណៈ។អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសន័រវេស Iran Human Rights និយាយថា យ៉ាងហោចណាស់អ្នកតវ៉ាចំនួន 234 នាក់ រួមទាំងកុមារ 29 នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងការបង្រ្កាបទៅលើអ្វីដែលមេដឹកនាំអ៊ីរ៉ង់បានហៅថាជា “កុបកម្ម” ដែលបង្កឡើងដោយជនបរទេស។ សកម្មជនប្រឆាំងបាននិយាយថា ការតវ៉ាកាន់ទុក្ខថ្ងៃទី40 នៃការសម្រាប់លោកស្រី Amini ក៏ត្រូវបានប្រារព្ធឡើងនៅកន្លែងផ្សេងៗទៀត រួមទាំងទីក្រុង Tehran ផងដែរ។វីដេអូមួយបង្ហាញថា កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅខាងក្នុងសាលាកុមារីមួយក្នុងរដ្ឋធានី ដើម្បីឆ្លើយតបទៅនឹងការតវ៉ារបស់សិស្សនៅទីនោះ។ ស្ត្រីអ្នកតវ៉ាវ័យក្មេងម្នាក់បានប្រាប់ BBC World News ថា “អ្នកមិនអាចស្រមៃថាវាលំបាកប៉ុណ្ណាក្នុងការចុះដើរតាមផ្លូវដោយដឹងថាប៉ូសិសនឹងបាញ់អ្នក។ ប៉ុន្តែយើងមិនខ្លាចទេ។”វាមិនមែនជារឿងខ្ញុំផ្ទាល់ទេ។ តែគឺដើម្បីមនុស្សជំនាន់ក្រោយ។ យើងចង់មានជីវិតធម្មតា”។នាង​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ការ​តវ៉ា​របស់​យើង​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​ទេ ប៉ុន្តែ​ថ្ងៃ​នេះ​សង្គម​អ៊ីរ៉ង់​មាន​ភាព​ភ្ញាក់​ផ្អើល​ជាង​ពេល​ណាៗ​ទាំងអស់ ហើយ​យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ»។

ប្រភព៖ BBC ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២

 

Share

Image
Image
Image