ខេត្តបាត់ដំបង៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ក្រុមយុវជនស្ម័គ្រចិត្តនៃវិទ្យាល័យ នេតយ៉ង់ ក្នុងខេត្តបាត់ដំបងប្រមាណ ១០០នាក់នឹងចូលរួមកម្មវិធីមួយមានឈ្មោះថា«រុក្ខបវរលម្អផែនដីដើម្បីសហគមន៍យើង»។
បើតាមប្រធានក្រុមយុវជនឱ្យដឹងថា កម្មវិធី«រុក្ខបវរលម្អផែនដីដើម្បីសហគមន៍យើង»នេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ទេសចរណ៍ក្នុងសហគមន៍ ផ្សព្វផ្សាយការដាំនិងបណ្តុះកូនឈើ ការចិញ្ចឹមត្រី ពិសេសលើកទឹកចិត្តដល់ពលរដ្ឋ យុវជន ចូលរួមថែរក្សាបរិស្ថានដើម្បីភាពល្អប្រសើរក្នុងសហគមន៍ សង្គមជាតិ។ ផ្សារភ្ជាប់ជាមួយសកម្មភាពនេះ ក្រុមយុវជនរំពឹងទុកយ៉ាងមុតមាំថា ក្នុងដំណើរការដាំកូនឈើនេះ ជាផ្នែកមួយសម្រាប់ប្រែតំបន់ដីវាលមួយឱ្យក្លាយជាតំបន់ទេសចរណ៍សហគមន៍ដែលមានរុក្ខជាតិស្រស់បំព្រាង។ មួយទៀតដែលតាមរយៈកម្មវិធីនេះ យុវជននឹងអាចបណ្តុះនិស្ស័យនិងមានឆន្ទៈស្រលាញ់ថែរក្សាបរិស្ថាន និងជួយកែប្រែជីវភាពប្រជាសហគមន៍តាមរយៈចំណូលពីតំបន់ទេសចរណ៍នោះ។
សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយមានការសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង សាលាស្រុកសង្កែ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរ ភូមិ ឃុំ ពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
តែយ៉ាងណា បច្ចុប្បន្នក្រុមយុវជនកំពុងតែខ្វះខាតថវិកាដើម្បីរៀបចំកម្មវិធីនេះឱ្យកើតជារូបរាងឡើងនាពេលខាងមុខ។បើតាមការបញ្ជាក់ពីប្រធានក្រុមយុវជន បច្ចុប្បន្នក្រុមការងារមានកូនឈើចំនួន១២០០ដើមហើយ ដោយនៅខ្វះដែលថវិកាទិញសម្ភារៈដូចជា ម៉ាស៊ីនខួងដីសម្រាប់ងាយដាំកូនឈើ និងខ្វះថវិកាសម្រាប់រៀបចំអាហារហូបចុកក្នុងពេលធ្វើសកម្មភាព។
តាមរយៈការគ្រោងរៀបចំកម្មវិធីនេះដែរ ក្រុមយុវជនស្ម័គ្រចិត្ត សុំអំពាវនាវដល់សប្បុរសជននានា ជួយឧបត្ថម្ភជាថវិកាតាមលទ្ធភាព ដើម្បីក្រុមយុវជនអាចដំណើរការកម្មវិធីនេះឈានទៅជួយដល់ប្រជាសហគមន៍ផងដែរ។
ដើម្បីអាចទំនាក់ទំនងដើម្បីចូលរួមបរិច្ចាគក្នុងកម្មវិធីនេះបាន សូមទំនាក់ទំនងមកកាន់លេខ ០៨៥ ២២១ ០១៥(តេឡេក្រាម) និងលេខ ០៩៦ ៧៤៦ ០៨៤៦(តេឡេក្រាម)៕
អត្ថបទខ្លីនេះសរសេរដោយ សន ដាសាន់ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។