ភ្នំពេញ៖ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានឱ្យដឹងថា មានភ្ញៀវទេសចរអន្ដរជាតិចំនួនជាង១លាន ២០ម៉ឺន បានមកទស្សនាកម្ពុជា ដែលចំនួននេះ កើនឡើង៨៦១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ដែលបានបង្ហាញក្នុងកិច្ចប្រជុំ ស្តីពី “បច្ចុប្បន្នភាពការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
កិច្ចប្រជុំនៅទីស្តីការក្រសួង លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមការងារបានសម្រេច និងដើរតាមផែនទីចង្អុលផ្លូវ និងស្ដារវិស័យទេសចរណ៍ត្រឹមត្រូវ ធ្វើឱ្យទេសចរអន្ដរជាតិកើនឡើងបែបនេះ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ចំពោះទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ៨លាន ៤៤ម៉ឺននាក់ កើនឡើងក្នុងអត្រា ២៤៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១លាម ២ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៦០៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
សូមជម្រាបថា តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក រាជរដ្ឋាភិបាលកម្ពុជាបានដកចេញលក្ខខណ្ឌខ្លះៗនៃការមកដល់របស់ភ្ញៀវទេសចរចូលមកដល់កម្ពុជា។ តាមស្ថិតិរបស់ក្រសួងទេសចរណ៍ដដែលថា ទេសចរប្រទេសវៀតណាមបាននាំមុខគេ និងតាមពីក្រោយជាបន្តបន្ទាប់ដោយប្រទេសថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងអូស្រ្តាលី។
បន្ថែមពីនេះ ទោះបីចំនួនភ្ញៀវទេសចរ កើនឡើងតែនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ដ្រី ថោង ខុន បានណែនាំឱ្យធ្វើការសិក្សាបន្ថែមទៀតដោយត្រូវគិតបញ្ចូលទាំងសូចនាករថ្មីៗជាពិសេសគឺ បញ្ហាប្រឈម និងវិបត្តិជាសាកលនាពេលបច្ចុប្បន្ន៕